ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកអធិការនគរបាលស្រុកកំរៀង បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតក្នុងក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានម្ចាស់ទីតាំងឈ្មោះអែម បូរិន្ទ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិ-ឃុំខាងលើ រកឃើញម៉ូតូចំនួន១៤គ្រឿង ពាក់ព័ន្ធនឹងបទល្មើស។

ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ជារឿយៗសមត្ថកិច្ចនគរបាលតែងទទួលព័ត៌មានថា មានទីតាំងទទួលបញ្ចាំមួយចំនួនដែលបើកធ្វើសកម្មភាពដោយគ្មានច្បាប់អនុញ្ញាត ហើយមានក្រុមជនសង្ស័យបានយកទ្រព្យសម្បត្តិសម្ភារៈ ដែលបានមកពីអំពើល្មើសច្បាប់ណាមួយ មកដាក់បញ្ចាំ ហើយនៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំរៀង កំពុងធ្វើការសាកសួរម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ឋដទៃទៀត ដើម្បីស្វែងរកការពិតនៅក្នុងរឿងទទួលបញ្ចាំម៉ូតូទាំង១៤គ្រឿងនេះ។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកកំរៀង បានឱ្យដឹងដែរថា នៅមានទីតាំងបើកទទួលបញ្ចាំដោយគ្មានច្បាប់អនុញ្ញាតផ្សេងទៀត នៅក្នុងមូលដ្ឋាននេះដែលសង្ស័យថា បានទទួលបញ្ចាំទ្រព្យសម្បត្តិ និងសម្ភារៈដែលមិនស្របច្បាប់ផងដែរ ដែលសមត្ថកិច្ចនឹងបន្តត្រួតពិនិត្យថែមទៀត៕

