ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងចេញពីធ្វើការរោងចក្រ ជិះម៉ូតូដឹកគ្នាត្រឡប់មកផ្ទះ ស្រាប់តែនៅតាមផ្លូវ បុរសជាប្តីបានស្តោះទឹកមាត់ដោយមិនបានមើលមុខក្រោយ ក៏ទៅប៉ះនឹងយុវជនជាសិស្សសាលាម្នាក់ដែលជិះម៉ូតូក្បែរនោះ ជាហេតុធ្វើឱ្យយុវជនរូបនោះផ្ទុះកំហឹង ក៏ហូតខ្សែក្រវាត់ដេញវ៉ៃប្តីប្រពន្ធទាំង២នាក់ ផ្អើលពេញភូមិ និងថែមទាំងស្រែកបំផុសថាចោរទៀត បង្កឱ្យផ្អើលអ្នកស្រុក សមត្ថកិច្ចចុះឃាត់ខ្លួនទាំង៣នាក់ មកសាកសួរ ទើបដឹងរឿង។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ភាគី២នាក់ប្តីប្រពន្ធ រួមមានបុរសជាប្តីឈ្មោះឈឿន ណាក់ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រទុយោ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ច្រឹម រីណា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ប្តីប្រពន្ធអ្នកទាំង២ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ រីឯភាគីក្មេងស្ទាវវិញ មានឈ្មោះសុខ ធីម៉ារ៉ូ អាយុ១៩ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ មានលំនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញប្តីប្រពន្ធទាំង២នាក់ខាងលើ បានជិះម៉ូតូដឹកគ្នាចេញពីរោងចក្រ ដោយធ្វើដំណើរតាមផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ គាប់ជួនយុវជនខាងលើជិះម៉ូតូ១គ្រឿង មកបញ្ច្រាសទិសគ្នា ស្រាប់តែពេលនោះ បុរសជាប្តីឈ្មោះឈឿន ណាក់ បានស្តោះទឹកមាត់ដោយខ្វះការប្រុងប្រយ័ត្ន ក៏ធ្វើឱ្យខ្ទាតទៅប៉ះចំយុវជនសុខ ធីម៉ារ៉ូត ស្រាប់តែយុវជនរូបនេះខឹងសម្បាយ៉ាងខ្លាំង ក៏បត់ម៉ូតូជិះដេញតាម និងបានហូតខ្សែក្រវាត់ដេញវាយ២នាក់ប្តីប្រពន្ធ រត់ផ្អើលពេញភូមិ ទោះជាភាគីប្តីប្រពន្ធនោះ ព្យាយាមលើកដៃសូមទោសបែបណាក្តី នៅតែមិនយោគយល់ ថែមទាំងស្រែកថា ប្តីប្រពន្ធអ្នកទាំងនោះជាចោរទៀតផង តែប្រជាពលរដ្ឋអត់ជឿ ព្រោះស្គាល់ច្បាស់ណាស់ថាប្តីប្រពន្ធនេះ គឺជាជាកម្មករ និងស្នាក់នៅក្នុងភូមិ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ លើកគ្នាទៅអន្តរាគមន៍ឃាត់សាកសួរ ទើបដឹងថា គ្រាន់តែជារឿងប៉ះពារគ្នាបន្តិចបន្ទួចសោះ តែដោយសារខ្វះការយោគយល់ ទើបផ្ទុះជាអំពើហិង្សាបែបនេះ។

ក្រោយពីសមត្ថកិច្ចធ្វើការពន្យល់ អប់រំរួចហើយ យុវជនចិត្តក្តៅរូបនោះក៏បានធ្វើការសុំទោសចំពោះមុខ២នាក់ប្តីប្រពន្ធ ចំណែក២នាក់ប្តីប្រពន្ធ ក៏អភ័យទោសឱ្យវិញដែរ ដើម្បីបញ្ចប់រឿង ហើយក៏ត្រូវសមត្ថកិច្ចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរៀងខ្លួន។/