ទោះបីរងរបួសស្មាធ្ងន់ ក្នុងអំឡុងពេលប្រកួតបាល់ទាត់យូហ្វាឆេមពានលីក ជាមួយក្លឹបReal Madrid កាលពីរាត្រីថ្ងៃសៅរ៍ទី ២៦ មិថុនា ២០១៨ ក៏កីឡាកររូបនេះនៅតែមានជំនឿចិត្តថា អាចនឹងជាសះស្បើយទាន់ពេលប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីនាថ្ងៃទី ១៤ មិថុនា ខាងមុខនេះ។

កីឡាករ Salah បានបង្ហោះសារមួយដល់អ្នកគាំទ្ររបស់ខ្លួនថា៖ “វាពិតជាយប់ដ៏អាក្រក់ ប៉ុន្តែខ្ញុំជាអ្នកប្រយុទ្ធ ទោះជាមានឧបសគ្គតែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនឹងអាចទៅរុស្ស៊ីហើយធ្វើឲ្យអ្នកទាំងអស់គ្នាមានមោទនភាព។ ក្ដីស្រឡាញ់ និងការគាំទ្រនឹងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ”។ កីឡាករសញ្ជាតិអេហ្ស៊ីបបានបន្តទៀតថា ការស្រឡាញ់និងគាំទ្ររបស់អ្នក នឹងជួយធ្វើឲ្យខ្ញុំកាន់តែមានកម្លាំងចិត្ត និងឆាប់ជារបួស។
ខ្សែបម្រើប្រយុទ្ធ Liverpool បានរងរបួសក្រោយពេលប្រជែងគ្នាជាមួយ Ramos ក្នុងការប្រកួតដែល Real Madrid បានយកឈ្នះ ៣ទល់នឹង១។ ភ្លាមៗបន្ទាប់ពីកើតហេតុ Salah ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យ ហើយមានការព្រួយបារម្ភថារូបគេអាចអវត្តមាន World Cup លើកដំបូងជាមួយអេហ្ស៊ីប។
គិតមកទល់ពេលនេះ នៅសល់តែរយៈពេល ១៦ ថ្ងៃប៉ុណ្ណោះដល់ថ្ងៃប្រកួតបាល់ទាត់ពិភពលោកហើយគឺចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនា៕