Monday, May 20, 2024
Homeតារាខ្មែរគង់ វង្សយ៉ាទី បំភ្លឺរឿងឡាន Lexus LX570 កាដូលោកផ្កាយ៣

គង់ វង្សយ៉ាទី បំភ្លឺរឿងឡាន Lexus LX570 កាដូលោកផ្កាយ៣

គង់ វង្សយ៉ាទី បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលមានព័ត៌មានថា នាងបានទទួលកាដូរថយន្ត Lexus LX 570 ពណ៌ខ្មៅ ឆ្នាំ2016 តម្លៃជាង20ម៉ឺនដុល្លារ ពីលោកផ្កាយ3ម្នាក់ ដែលធ្វើឱ្យមហាជនជាច្រើនស្ញប់ស្ញែង ស្របពេលដែលតារាស្រីស្អាតមួយចំនួនទៀត កំពុងតែមានការភ័យខ្លាចធ្លាយសារស្នេហាជាមួយមន្ត្រីធំៗ។

យ៉ាទី បានចេញមុខបកស្រាយបំភ្លឺចំពោះរឿងនេះ…។

អ្នកយកព័ត៌មាន “អង្គរធំ” បានសម្ភាសន៍ផ្ទាល់គង់ វង្សយ៉ាទី កាលពីពេលថ្មីៗនេះ ជុំវិញការលេចឮថា នាងបានកាដូ Lexus LX 570 តម្លៃស្មើវីឡា1 ជិះឡើងផ្អើលមេឃ…។

“អង្គរធំ” ៖ មានព័ត៌មានថា គង់ វង្សយ៉ាទី ជិះរថយន្ត Lexus LX570 ពណ៌ខ្មៅ ស៊េរីឆ្នាំ2016 តម្លៃជាង20ម៉ឺនដុល្លារ តើជាការពិត?

យ៉ាទី ៖ អូ! ឡាន Lexus LX570 ពណ៌ខ្មៅហ្នឹង ខ្ញុំជិះមែនតើ! ខ្ញុំជិះទៅធ្វើការនៅ CTN អីដែរ តើអ៊ីចឹងហើយបានជាមានគេឃើញ គេនិយាយ ហើយដឹងដល់អ្នកកាសែតហ្នឹង!

“អង្គរធំ” ៖ មានព័ត៌មានថា រថយន្តទំនើប Lexus LX 570 ដែលមានតម្លៃស្មើវីឡា1នោះ យ៉ាទី បានទទួលកាដូពីអ្នកធំម្នាក់ ដែលពាក់ផ្កាយ3ផង តើរឿងហ្នឹងយ៉ាងម៉េចដែរ?

យ៉ាទី ៖ រឿងអ្នកចង់ជិះរថយន្តទំនើប ឥឡូវមិនជាពិបាកទេ ព្រោះអីយើងមានតែលុយតិចតួច ក៏អាចទិញបង់រំលស់បានជិះដែរ អ៊ីចឹងខ្ញុំក៏ដូចគ្នា។ ខ្ញុំនិយាយត្រង់ ខ្ញុំស្រលាញ់ឡានហ្នឹងមែន ឥឡូវខ្ញុំជិះរាល់ថ្ងៃ តែមិនមែនជិះរហូត ឬគ្រប់ពេលទេ ព្រោះត្រូវជិះឆ្លាស់គ្នាជាមួយប្អូនស្រីខ្ញុំដែរ ដែលគេជិះឡាន PORSCHE អ៊ីចឹង ពេលឃើញខ្ញុំជិះឡាន Porsche ហ្នឹង ប្រាកដជាសួរទៀតមិនខានទេ។ បន្តិចទៀតខ្ញុំជិះ Lexus LX 570 ហ្នឹងរហូតហើយ តែឥឡូវជិះឆ្លាស់គ្នាជាមួយប្អូនសិន។ និយាយទៅ នៅផ្ទះខ្ញុំមានរថយន្តដល់ទៅ5គ្រឿង អ៊ីចឹងខ្ញុំចង់ជិះឡានមួយណាក៏បាន ហើយឡាន Lexus LX570 ហ្នុង អ្នកផ្ទះខ្ញុំ អ្នកណាក៏អាចជិះបានដែរ។ ផ្ទះខ្ញុំដូចជាមិនសូវពិបាកទេរឿងឡានជិះហ្នឹង ព្រោះថា ប៉ាខ្ញុំគាត់ធ្វើប៉ូលិសស័ក្តិ5 ដែរហ្នឹង!

“អង្គរធំ” ៖ អាចប្រាប់បានទេថា រថយន្តទំនើប Lexus LX 570 នោះ ជាកម្មសិទ្ធិរបស់កញ្ញាគង់ វង្សយ៉ាទី ឬយ៉ាងណា? កន្លងមកប្រុសៗដែលស្រលាញ់យ៉ាទី ធ្លាប់ឱ្យកាដូឡានទំនើបអ៊ីចឹងទេ?

យ៉ាទី ៖ រឿងឡានហ្នឹងដូចខ្ញុំថាអ៊ីចឹង គឺមួយផ្ទះខ្ញុំ អ្នកណាក៏អាចជិះឡានហ្នឹងបានដែរ។ ចំពោះថា មានអ្នកជួយឬអត់នោះ ដូចខ្ញុំធ្លាប់និយាយកន្លងមកអ៊ីចឹងថា អាជីពសិល្បៈពេលដែលយើងទៅដល់ចំណុចមួយ ដែលគេទទួលស្គាល់ហើយ គឺយើងអាចរកប្រាក់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ឱ្យអ្នកណាគេចិញ្ចឹមយើងទេ។ សម្រាប់ខ្ញុំជាពិធីការិនីម្នាក់យូរហើយដែរ អ៊ីចឹងការចុះទៅធ្វើពិធីករមួយភ្លែត គឺយើងមានតម្លៃខ្លួនសមរម្យ ពី 500-700 ឬជិតដល់1000ដុល្លារ ក៏មានទៅតាមកម្មវិធី អ៊ីចឹងក្នុង1ខែៗ យើងអាចរកប្រាក់ចំណូលបានគួរសមដែរ ហើយរឿងហ្នឹង បើជាពិធីការិនីដូចគ្នា អាហ្នឹងគេដឹងហើយ។ ខ្ញុំអាចនិយាយបានថា ខ្ញុំសប្បាយចិត្តដែលរកលុយបាននៅពេលនេះ ព្រោះអីមានក្រុមហ៊ុនខ្លះ គេហៅយើងទៅធ្វើជាពិធីករ ម្តង5ខេត្ត ក៏មានដែរ ហើយលុយគិតទៅតាមហ្នឹងទៅ!

“អង្គរធំ” ៖ ចុះហេតុអ្វីបានជា ពេលជិះ Lexus LX570 ថ្មីៗ អ្នកកាសែតទូរស័ព្ទទៅសួរយ៉ាទី ចេះតែគេចមិនព្រមនិយាយរឿងឡាននេះ?

យ៉ាទី ៖ មានគេចឯណា? គាត់តេទៅលេខប៉ុន្មាន? ខ្ញុំប្រើទូរស័ព្ទ 2 ទៅ3ប្រព័ន្ធ ហើយកាន់លេខរបស់ CTN ញឹកជាងគេ ព្រោះ1ខែ គេដាក់កាតឱ្យ50ដុល្លារ។ ខ្ញុំមានរឿងអីដែលត្រូវគេចពីអ្នកកាសែត ផងហ្នឹង!

“អង្គរធំ” ៖ មានព័ត៌មានថា គង់ វង្សយ៉ាទី ផ្អាកការសម្តែងភាពយន្តហើយ ក្រោយពេលដែលមាន Lexus LX570 ពិតឬទេ?

យ៉ាទី ៖ ថ្មីៗនេះ ខ្ញុំទើបថតចប់2រឿង គឺរឿង “ម៉ែក្មេករើសកូនប្រសា” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ8 និងរឿង “លេខាថ្មី” របស់ប៉ុស្តិ៍លេខ5. ចំពោះការផ្អាកពីការថតរឿងនាពេលនេះ គឺដោយសារតែខ្ញុំចង់ជាប់រវល់ធ្វើ MC នៅតាមខេត្តមួយចំនួន ខ្ញុំចង់យកលុយជាពិធីការិនីនៅរដូវក្តៅហ្នឹងសិន។ មានផលិតកម្មមួយចំនួនបានទាក់ទងហៅថតដែរ តែខ្ញុំមិនទាន់ទទួល ព្រោះថា ខ្លាចគ្មានពេលគ្រប់គ្រាន់ឱ្យគេ នាំតែពិបាក។

“អង្គរធំ” ៖ សំណួរចុងក្រោយ នៅពេលដែលវង្សយ៉ាទី ជិះ Lexus LX570 តម្លៃស្មើវីឡា1នេះ ហើយចំពេលដែលអ្នកខ្លះសង្ស័យថា យ៉ាទី មានទំនាក់ទំនងស្នេហាជាមួយអ្នកធំដែរ។ តើយ៉ាទី មានការបារម្ភថា ខ្លាចបែកធ្លាយរឿងសារស្នេហាតាមបណ្តាញសង្គម ដូចតារាស្រីៗមួយចំនួន កាលពីពេលថ្មីៗនេះទេ?

យ៉ាទី ៖ ខ្ញុំក៏មានការបារម្ភខ្លះដែរ អ៊ីចឹងតែងតែមានការប្រុងប្រយ័ត្ន រឿងលេង Facebook ហ្នឹង។ និយាយទៅ ពេលហ្នឹង Account ហ្វេសប៊ុកខ្ញុំ មានតែ1គត់ គឺឈ្មោះខ្ញុំជាអក្សរខ្មែរ គង់ វង្សយ៉ាទី។ ធម្មតាទេ យើងតែងមានគេស្រលាញ់ តាមឆាតអីក៏មានដែរ អ៊ីចឹងត្រូវតែមានការប្រយ័ត្នប្រយែង ព្រោះកន្លងមក ហ្វេសប៊ុកខ្ញុំក៏ធ្លាប់ត្រូវគេ Hack ដែរ៕

RELATED ARTICLES