Saturday, May 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនភ្ជង់ចិន បាញ់ប៉ូលិស ជាប់ខ្នោះ៥នាក់

ចិនភ្ជង់ចិន បាញ់ប៉ូលិស ជាប់ខ្នោះ៥នាក់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិន ១ក្រុម បើករថយន្ត ចំនួន២គ្រឿង ប្រដាប់ដោយកាំភ្លើង ចំនួន២ ដើម បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ជនជាតិចិន ដូចគ្នា និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ស្រាប់តែជនសង្ស័យ មិនព្រមសហការ បែរជាដកអាវុធគំរាមកម្លាំងសមត្ថកិច្ច ធ្វើឱ្យផ្ទុះអាវុធ ១ប្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនជាតិចិន ចំនួន៥នាក់ នាំយកទៅចាត់ការតាមច្បាប់។ប្រតិបត្តការបង្ក្រាបក្រុមជនជាតិចិន ប្រដាប់អាវុធនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិន មួយក្រុម កាន់អាវុធភ្ជង់ជនជាតិចិន ដូចគ្នា នៅចំណុចកើតហេតុខាងលើ។ 

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានស្នើឱ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យ មិនសហការ និងបានដកអាវុធគំរាមសមត្ថកិច្ចថែមទៀត បណ្តាលឱ្យមានការផ្ទុះអាវុធមួយប្រាវ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន ៥នាក់ រំដោះជនរងគ្រោះ ១នាក់ និងដកហូតអាវុធខ្លី ២ដើម រថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីបន្ត៕

RELATED ARTICLES