Saturday, May 23, 2026
Homeសង្គម និងជីវិត លែងក្រពើភ្នំ ១០ក្បាល ចូលទន្លេស្រែពក

 លែងក្រពើភ្នំ ១០ក្បាល ចូលទន្លេស្រែពក

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានលែងក្រពើភ្នំ ពូជសុទ្ធចំនួន ១០ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូល ដ្ឋាន។

កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយ នៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាប នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

គួរបញ្ជាក់ថា ការលែងសត្វកម្រទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញសត្វព្រៃ បានវាយតម្លៃ និងរៀបចំផែន ការអភិរក្ស ដោយមានការចូលរួមពីសហគមន៍ អស់រយៈពេលជាច្រើនឆ្នាំ។

តាមក្រសួងបរិស្ថាន ថា សត្វក្រពើទាំងនេះ បានឆ្លងកាត់ការបង្កាត់ពូជ ត្រួតពិនិត្យហ្សែន និងសុខភាព យ៉ាង តឹងរ៉ឹង មុននឹងលែងចូលទីជម្រកធម្មជាតិ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកការលែងក្រពើ ខាងលើ ជាជោគជ័យក្នុងការស្តារសត្វ ជិតផុតពូជ នៅលើពិភពលោក។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ថាកម្ពុជា ជាប្រទេសដែលមានសត្វក្រពើភ្នំ ធម្មជាតិ ច្រើនជាងគេ និងថាសមិទ្ធផលពីក្រុមអ្នកជំនាញ ជាការជួយដល់អនាគតសត្វក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាប របស់កម្ពុជា។

 ដោយឡែក លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេស នៃអង្គការ Fauna & Flora International បាននិយាយថា ការស្តារក្រពើភ្នំ ក្នុងភូមិសាស្ត្រទន្លេស្រែកពក ជាជំហានសំខាន់ក្នុងការបង្កើនចំនួនពួកវា នៅថ្ងៃអនាគត។

ចំណែកនាយកអង្គការ WWF ប្រចាំកម្ពុជា លោក Dipankar Chyau Patnik យល់ថា ការបង្កាត់ពូជសត្វក្រពើភ្នំ ជាសញ្ញាបង្ហាញពីការជួយដល់ការរស់រានមានជីវិតរបស់ពួកវា។ ម្យ៉ាងវត្តមានរបស់វា ក៏ជួយដល់ភាពធន់នៃជីវៈចម្រុះ និងសហគមន៍មូលដ្ឋាន ដែលរស់ពឹងផ្អែកធម្មជាតិទាំងនោះផងដែរ។

គួរកត់សម្គាល់ថា ក្រពើភ្នំ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការសហ ភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ តាមរបាយការណ៍របស់អង្គការ IUCN អម្បូរសត្វល្មូនប្រ ភេទនេះ ធ្លាប់រស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ន គេអាចឃើញវត្តមានវា នៅប្រទេសកម្ពុជា ក្នុងចំនួនតិចជាង ៥០០០ក្បាលប៉ុណ្ណោះ។ របាយការណ៍ដដែល ឱ្យដឹងទៀតថា ក្រពើភ្នំ កំពុងរងការគំរាមកំហែងពីមនុស្ស ដូចជាការបំផ្លាញជម្រកធម្មជាតិ ការនេសាទ និងការប្រមាញ់ខុសច្បាប់៕ ខៀវទុំ

RELATED ARTICLES