Saturday, May 23, 2026
Homeនយោបាយកឹម សុខា ថាពេលមានសេរីភាព ឈប់ធ្វើនយោ បាយ បួសកាន់សីល

កឹម សុខា ថាពេលមានសេរីភាព ឈប់ធ្វើនយោ បាយ បួសកាន់សីល

ភ្នំពេញ ៖ ក្នុងឱកាសត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យចេញពីផ្ទះ ទៅជួបអ្នកម្ដាយដែលកំពុងឈឺធ្ងន់ ក្នុងវ័យជរា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦  លោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលតុលាការកាត់ទោសឲ្យជាប់គុក ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) និងដកសិទ្ធិគ្រប់ បែបយ៉ាង ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស”នោះ លោកកឹម សុខា បន្ទាប់ពីសំពះ ឱបថើបអ្នកម្តាយ ដោយក្តីគោរពស្រឡាញ់ នឹករលឹកខ្លាំងនោះ លោកបានបញ្ជាក់នៅចំពោះមុខម្តាយ និងសាច់ញាតិ រួមទាំងមេធា វី សហការី ព្រមទាំងអ្នកគាំទ្រលោកយ៉ាងច្បាស់ថា ក្នុងន័យថា នៅពេលលោកមានសេរីភាព លោកឈប់ធ្វើ នយោបាយហើយ ព្រោះលោកលែងចង់បានអំណាច បុណ្យស័ក្តិ លាភសក្ការ:អ្វីទៀតហើយ គឺលោកនឹងបួស ជាព្រះសង្ឃ ឲ្យធម៌ និងមើលថែអ្នកម្តាយរបស់លោក នៅគ្រាចុងក្រោយនៃជីវិត។

សហមេធាវី ចង់ឃើញការផ្ដល់សេរីភាពដល់លោកកឹម សុខា ដើម្បីបួសសងគុណម្តាយ ហើយបានលើកឡើងថា លោកកឹម សុខា អត់ចង់បានតំណែង បុណ្យស័ក្តិ លាភសក្ការ:អ្វីទៀតទេ នៅក្នុងវ័យកាន់តែចាស់នេះ ។ ចំណែកអ្នកនយោបាយ យល់ថា បើលោកកឹម សុខា ចូលបួស កាន់សីល ឈប់ធ្វើនយោបាយ គឺជាគំរូល្អសម្រាប់ឥស្សរជននយោបាយចាស់ៗនៅក្នុងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច យកតម្រាប់តាម ។

គួរបញ្ជាក់ថា តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក កឹម សុខា បានទៅជួបម្តាយ រយៈពេល មួយម៉ោង ខណអ្នកម្ដាយលោក ឈឺធ្ងន់ ហើយលោកមិនអាចនៅក្បែរ មើលថែឲ្យបានដិតដល់ ដោយសារជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ។

ក្នុងរយៈពេល ១ម៉ោងនោះ ក្រៅពីបានឱបថើបអ្នកម្ដាយ ប្រកបដោយកាយវិការទន់ភ្លន់ ស្និទ្ធស្នាល វិយោគក្រៀមក្រំ ព្រួយបារម្ភពីសុខភាពអ្នកមានគុណ លោកកឹម សុខា ក៏បាននិយាយពាក្យពេចន៍ជាច្រើនទៅកាន់ម្ដាយ ទាក់ទងនឹងផ្លូវធម៌ ។ ក្នុងនោះ សម្ដីដែលមានការចាប់អារម្មណ៍ និងគួរកត់សម្គាល់ គឺលោកបាននិយាយថា “នៅពេលមានសេរីភាព ខ្ញុំនឹងកោរសក់បួសជាសង្ឃ សងគុណម៉ែ“ ។

លោក កឹម សុខា បាននិយាយប្រាប់ម្ដាយនៅពេលនោះថា “ថ្ងៃណាខ្ញុំមានសេរីភាព ខ្ញុំយកគាត់ទៅធ្វើកន្លែងសមាធិមួយ នៅកន្លែងស្ងាត់ ហើយបួស ខ្ញុំនៅមើលគាត់ ជីវិតចុងក្រោយ អត់មានចង់មកធ្វើអីទៀតទេ អត់មានមកដណ្ដើមអីណាណីទៀតទេ អត់ទេ ។ ដល់ពេលរកសេចក្ដីសុខឲ្យម្ដាយ ឲ្យខ្លួន ឲ្យជាតិ ឲ្យប្រជាពលរដ្ឋ ។ ម៉ែឃើញនិយាយ ត្រូវចិត្តគាត់ណាស់ គាត់ចង់ឲ្យខ្ញុំធ្វើអ៊ីចឹង ចង់ឲ្យខ្ញុំយកគាត់ទៅនៅជាមួយ ខ្ញុំមានកន្លែង កន្លែងខ្ញុំស្រួលណាស់ ហើយទេសភាពស្អាត ហើយយើងនៅស្ងប់ស្ងាត់ អត់មានអ៊ូអរ ហើយខ្ញុំបួសទៅ នៅបន្តសីលជាមួយម៉ែ រហូត អត់មានចង់ទៅបានតំណែង បានបុណ្យ លាភសក្ការៈអីណាណីទៀតទេ ឲ្យតែមានសេរីភាព គឺមានពេលមើលម៉ែ ហើយនិងសន្សំកុសលផលបុណ្យ សម្រាប់ឧទ្ទិសដល់ជាតិ ដល់ប្រជាពលរដ្ឋ តែប៉ុណ្ណឹង ចប់!“ ។

ជុំវិញការថ្លែងរបស់លោកកឹម សុខា ខាងលើនេះ ក្នុងនាមជាសហមេធាវីម្នាក់ លោកស្រី ម៉េង សុភារី បានបង្ហាញអារម្មណ៍សង្វេគ និងសរសើរចំពោះជីវិតនយោបាយ ការលះបង់របស់កូនក្ដី និងអំពាវនាវសុំឲ្យគាត់ (កឹម សុខា) មានសេរីភាព ដើម្បីបានធ្វើអ្វីតាមបំណងដែលគាត់បានប្រកាស ។

លោកស្រី ម៉េង សុភារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា “បុរសម្នាក់នេះ មានវ័យកាន់តែចាស់ហើយ សុំឲ្យគាត់មានសេរីភាព ដើម្បីបួសសងគុណម្តាយ សូមអនុញ្ញាតឲ្យគាត់ផង អត់ចង់បានតំណែង បុណ្យស័ក្កិ លាភសក្ការ:ទេ“ ។     

 ជាចំណាប់អារម្មណ៍នៅក្នុងនយោបាយ លោកស៊ុំ សូត្រ ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិ ឃុំស្វាយរំពា មានលំនៅបច្ចុប្បន្ន ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក “គណបក្សកម្លាំងជាតិ ឃុំស្វាយរំពា” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា «ក្នុងនាមយើងខ្ញុំដែលជាអ្នកនយោបាយជំនាន់ក្រោយ យើងខ្ញុំនៅតែចង់ឃើញវីរជន និងឥស្សរជននយោបាយជំនាន់មុនទាំងអស់ រួមគ្នាធ្វើការផ្សះផ្សាជាតិ ដើម្បីទុកជាកេរដំណែលដល់អ្នកនយោបាយជំនាន់ក្រោយ តទៅអនាគត“ ។

 បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោកស៊ុំ សូត្រ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា លោកពិតជាចង់ឃើញឲ្យលោកកឹម សុខា មានសេរីភាពពេញលេញឡើងវិញ ដើម្បីរស់នៅ មើលថែអ្នកម្ដាយរបស់គាត់ ហើយចង់ឃើញអ្នកនយោបាយ ផ្សះផ្សា រួបរួមសាមគ្គី ឯកភាពជាតិឡើងវិញ ប្រឆាំងគ្នាតែតាមគោលនយោបាយ ទស្សនៈនយោបាយ បានហើយ កុំមានការគុំកួន សងសឹកតទៅទៀត ។

លោក ស៊ុំ សូត្រ បានមានប្រសាសន៍ថា “បាទ! ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំចង់ឃើញអ្នកនយោបាយមានការផ្សះផ្សា និងរួបរួមសាមគ្គី ឯកភាពជាតិឡើងវិញ ។ ទោះយើងមាននិន្នាការខុសគ្នាក៏ដោយ គឺយើងត្រូវស្រលាញ់ខ្មែរនិងខ្មែរ សុំតែប្រឆាំងគ្នាតែតាមគោលនយោបាយ ទស្សនៈនយោបាយ បានហើយ កុំមានការគុំកួន សងសឹកតទៅទៀត យើងត្រូវចេះអធ្យាស្រ័យ និងអត់ឱនឲ្យគ្នាទៅវិញទៅមក ហើយជាចុងក្រោយ ខ្ញុំគ្មានចង់ឃើញអីក្រៅពីចង់ឲ្យឃើញឲ្យលោកពូ កឹម សុខា មានសេរីភាពពេញលេញឡើងវិញ ដើម្បីរស់នៅមើលថែលោក យាយ ជាអ្នកម្ដាយរបស់លោកពូ កឹម សុខា“ ។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលជាអតីតសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា ការយកការបួស កាន់សីល ឬឈប់ធ្វើនយោបាយ ដើម្បីសងគុណអ្នកម្ដាយជរា វាជាសិទ្ធិរបស់លោកកឹម សុខា ប៉ុន្តែក៏វាជារឿងល្អ ជាគំរូ ជាការចង្អុលបង្ហាញឲ្យមនុស្សធ្វើអំពើល្អ គិតល្អ សាងនូវអ្វីជាកុសល ផលបុណ្យ មិនបៀតបៀន មិនធ្វើឲ្យគេឈឺចាប់ផងដែរ ។

 លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ជារឿងបុគ្គលម្នាក់ ដែលតែងតែគិតក្នុងនាមជាពុទ្ធសាស និកជនម្នាក់ អ្នកកាន់ព្រះពុទ្ធសាសនា ហើយមានចិត្តមេត្តា ករុណាក្នុងផ្លូវពុទ្ធចក្រ ខ្ញុំថា វាមិនជារឿងខុសឆ្គងអីទេ គឺថាជារឿងដែលយើងស្វែងទៅរកផ្លូវព្រះធម៌នៃសេចក្ដីសុខស្ងប់ តាមអ្វីដែលជាព្រះឱវាទ ប្រៀនប្រដៅទូ ន្មានរបស់ព្រះពុទ្ធ នៅក្នុងការយកព្រះធម៌ ដើម្បីរក្សានូវចិត្តគំនិតមួយ ដែលប្រកបទៅដោយការយល់ឃើញអំពីទស្សនទានរបស់ព្រះពុទ្ធ ទៅនឹងអ្វីដែលជាធម្មទាន អភ័យទាន ទៅនឹងក្ដីសន្ដោសប្រណី ដោយយើងមិន ក្រោធខឹង និងហិង្សា លោភៈ មោហៈ ក្រៅតែពីចិត្តស្ងប់ ចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា ក្នុងការធ្វើឲ្យមនុស្សគិតល្អ ធ្វើល្អ នូវអ្វីដែលជាការជួយយកអាសាគ្នា អត់ឱន អធ្យាស្រ័យ អភ័យទានឲ្យគ្នា សុទ្ធតែជារឿងល្អនៅក្នុងផ្លូវព្រះពុទ្ធសាសនា“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងការយកការបួស កាន់សីល ឬក៏ឈប់ធ្វើនយោបាយ វាជាសិទ្ធិរបស់លោកកឹម សុខា ដែលគាត់ផ្សារភ្ជាប់ទៅនឹងម្ដាយចាស់ជរា ដែលមានព្រះជន្ម ដល់ទៅ ១០០វស្សា ទៅហើយ ជាការសងគុណ ការបួសសងគុណឪពុកម្ដាយ ការបួសលាងនូវកំហុសខុសឆ្គង សម្ដីធំ សម្ដីតូច ទៅដល់គុណមាតាបិតា ដែលបីបាច់ថែរក្សាយើងតាំងកើត រហូតដល់គាត់នៅមានព្រះជន្ម នៅមានជីវិត ឃើញកូនមានអនាគតល្អ កូនដើរក្នុងគន្លងផ្លូវមិនខុសឆ្គង កូនគិតពីរឿងប្រទេសជាតិ ជួយប្រទេសជាតិ ហើយនៅជីវិតចុងក្រោយ ក៏លោកកឹម សុខា មានវ័យដល់ទៅ៧៤ឆ្នាំ ទៅហើយ ហើយម្ដាយក៏មានព្រះជន្ម ទៅដល់១០០ឆ្នាំ ។ អ៊ីចឹងអាហ្នឹងគឺថា ពេលវេលាខ្លី ក្នុងនាមគុណម្ដាយ ដែលជាគុណធំក្រៃលែង មិនអាចកាត់ថ្លៃបាន ជាអ្នកម្ដាយទីសក្ការៈ ដែលបានបីបាច់ថែរក្សាដល់កូនមានអនាគតល្អ ភ្លឺស្វាង អ៊ីចឹងជាការបួសសងគុណនៃជីវិតចុងក្រោយ មុននឹងផុតរលត់ពីពិភពលោកយើងនេះទៅ គឺថាវាជារឿងល្អ ជាគំរូ ជាការចង្អុលបង្ហាញឲ្យមនុស្សធ្វើអំពើល្អ គិតល្អ សាងនូវអ្វីជាកុសល ផលបុណ្យ មិនបៀតបៀន មិនធ្វើឲ្យគេឈឺចាប់ ។ ហ្នឹងហើយជាការមិនព្យាបាទ ជាការនាំនូវសេចក្ដីសុខ អភ័យទាន ទានដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ ឲ្យយល់ដឹងអំពីសន្តិសុខមនុស្សជាតិ នៃការកសាងទង្វើល្អ ជួយគ្នា ក្នុងគ្រាមានអាសន្ន ជួយគ្នានៅពេលមនុស្សជួបទុក្ខវេទនា លំបាក ជាជាងយើងជិះជាន់ បឺតឈាម ឬបង្កការឈឺចាប់ ភាពអយុត្តិធម៌ ធ្វើឲ្យគេរងទុក្ខវេទនា ដោយសារតែខ្លួនមានការជិះជាន់ មានអំណាច បំភិតបំភ័យ គំរាមកំហែងគេ អាហ្នឹងហើយបាបកម្ម និងការសាងបុណ្យ សាងបាប គឺថា អត់មានជាតិក្រោយទេ គឺមានតែជាតិហ្នឹង អ្នកណាសាងអី បានហ្នឹង សាងល្អ បានល្អ សាងអាក្រក់ បានបាប បានបុណ្យកុសល ឬក៏ទង្វើទុច្ចរិតបែបណា អាហ្នឹងគឺថា បូកដកគ្នាក្នុងជាតិហ្នឹង គ្មានជាតិក្រោយទេ“ ។

 សម្រាប់មជ្ឈដ្ឋានតាមដាននយោបាយ និងអ្នកវិភាគ បានលើកឡើងថា បើលោក កឹម សុខា ពិតជាឈប់ធ្វើនយោបាយ ហើយបួស កាន់សីល ដូចដែលលោកបានថ្លែងនៅចំពោះមុខម្ដាយ និងបងប្អូនសាច់ញាតិនោះ វាជាលក្ខខណ្ឌនយោបាយងាយស្រួលមួយ សម្រាប់ឲ្យលោករួចផុតពីការឃុំខ្លួន និងមានសេរីភាពឡើងវិញ ។

លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា ការលើកឡើងរបស់លោកកឹម សុខា បង្ហាញពីជំហររបស់ខ្លួន ដោយនឹងលះបង់ចោលនូវការធ្វើនយោបាយ ទំនងបង្ហាញពីការនឿយណាយចំពោះបញ្ហានយោបាយរបស់កម្ពុជា ដែលនៅតែមិនទាន់រកឃើញនូវឯកភាពជាតិ សាមគ្គីរវាងខ្មែរនិងខ្មែរ ដោយពិតប្រាកដ ។ ដូច្នេះប្រាកដណាស់ ការដែលខ្មែរ អាចជជែកគ្នាបាន គឺខ្មែរ អាចនឹងរកឃើញនូវដំណោះស្រាយមួយដ៏សមស្រប ហើយអ្វីដែលជាការព្រួយបារម្ភរបស់គណបក្សកាន់អំណាចនោះ ទំនងលែងជាឧបសគ្គអ្វីទៀតហើយ ហើយទំនោររបស់លោក កឹម សុខា ក៏ទំនងជាសារមួយទៅកាន់រដ្ឋាភិបាល ដើម្បីធ្វើការពិចារណាដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ ។

លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ការលើកឡើងរបស់លោក កឹម សុខា បង្ហាញពីជំហររបស់ខ្លួន ដោយនឹងលះបង់ចោលនូវការធ្វើនយោបាយ ទំនងបង្ហាញពីការនឿយណាយចំពោះបញ្ហានយោបាយរបស់កម្ពុជា ហើយដែលជាពិសេសនោះ គឺកម្ពុជា នៅតែមិនទាន់រកឃើញនូវឯកភាពជាតិ ហើយនិងការសាមគ្គីរវាងខ្មែរនិងខ្មែរ ដោយពិតប្រាកដ ។ ជំហរនេះ ក៏អាចជាឱកាសល្អមួយ ដើម្បីឲ្យរដ្ឋាភិបាល ពិចារណានៅក្នុងការផ្ដល់សេរីភាពជូនលោក កឹម សុខា ហើយប្រាកដណាស់ ការដែលពិចារណាផ្ដល់សេរីភាពនេះ រដ្ឋាភិបាល ពុំគួរនិយាយពីលក្ខខណ្ឌជាមុន ជាមួយលោក កឹម សុខា ទេ តែខ្ញុំមើលឃើញថា ការដាក់លក្ខខណ្ឌជាមុន ទំនងលោក កឹម សុខា នឹងមិនទទួលយកមាត់បានឡើយ ហើយមួយវិញទៀត ការដែលអនុញ្ញាតឲ្យលោក កឹម សុខា មានសេរីភាពក្នុងកាលៈទេស់នេះ គឺនឹងបង្ហាញពីទ្រឹស្ដីនៃការរួបរួមរបស់រដ្ឋាភិបាល ទៅជាការអនុវត្តជាក់ស្ដែង ។ ទី២ រដ្ឋាភិបាល ក៏នឹងអាចស្ដារឡើងវិញបាននូវប្រជាប្រិយភាពរបស់ខ្លួន បន្ទាប់ពីបរាជ័យ ក្នុងការទប់ស្កាត់ការឈ្លានពានរបស់ភាគីថៃ ។ ហើយនិងចំណុចទី៣ ខ្ញុំគិតថា រដ្ឋាភិបាល ហើយនិងលោក កឹម សុខា ក្នុងនាមជាអ្នកនយោបាយមួយរូប អាចនឹងធ្វើការជាមួយគ្នា អាចនឹងអង្គុយតុជជែកគ្នា លើកឡើងអំពីបញ្ហារួមរបស់ប្រទេសជាតិ ហើយប្រាកដណាស់ ការដែលខ្មែរ អាចជជែកគ្នាបាន គឺខ្មែរ អាចនឹងរកឃើញនូវដំណោះស្រាយមួយដ៏សមស្រប ហើយអ្វីដែលជាការព្រួយបារម្ភរបស់គណបក្សកាន់អំណាចនោះ ទំនងលែងជាឧបសគ្គអ្វីទៀតហើយ ហើយទំនោររបស់លោក កឹម សុខា ក៏ទំនងជាសារមួយទៅកាន់រដ្ឋាភិបាល ដើម្បីធ្វើការពិចារណាដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ» ៕ កុលបុត្រ

RELATED ARTICLES