ភ្នំពេញ ៖ ស្ត្រីជាគ្រូទាយ ឈ្មោះនី សម្បត្តិ ហៅម៉ែរក្សា ដែលមុននេះល្បីរឿងអួតមានប្តីក្មេង ២នាក់ ធ្លាប់ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រតិកម្មដោយឃ្នើសចិត្ត និងឲ្យចេញបកស្រាយ ហើយស្ត្រីរូបនេះ បានចេញបកស្រាយ សុំទោសថា ជាការធ្វើមាតិកាសម្តែង មិនមែនជាជីវិតពិតនោះ ស្រាប់តែថ្មីៗនេះ បែរជាបង្ហោះ វីដេអូ អួតរឿងបុកលុយប៉ូលិស ឲ្យចាប់អ្នកដែលចូលមកខមម្មិនប៉ះពាល់ខ្លួន ដោយសំដៅថាខ្លួនមានលុយ មានខ្សែប៉ូលិស អាចឱ្យចាប់នរណាក៏បាន ដែលមានជម្លោះជាមួយខ្លួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាល រហូតមានប្រតិកម្មពីលោកស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនសាកសួរ កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាគ្រូទាយ ឈ្មោះ នី សម្បត្តិ ហៅ“ម៉ែរក្សា” បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបង្ហោះវីដេអូឃ្លីប ហូបបាយជាមួយប្តីក្មេងបណ្តើរ និយាយពីរឿងអ្នកចូលមកខមម្មិនប៉ះពាល់ដល់ខ្លួនបណ្តើរ ដោយអួតអាងថា ខ្លួនអាចបុកលុយឱ្យប៉ូលិសចាប់អ្នកណាក៏បាន ដោយសំដៅថាខ្លួនមានលុយ មានខ្សែនគរបាល អាចឱ្យនគរបាល ទៅចាប់នរណាដែលមានជម្លោះជាមួយខ្លួន។

តាមរយៈបណ្តាញសង្គម TikTok ស្ត្រីគ្រូទាយ “ម៉ែរក្សា” បានព្រមានអ្នកដែលរិះគន់ខ្លួន ដោយប្រើពាក្យសម្តីចង់សំដៅលើអំណាចទឹកលុយ ដែលអាចសូកនគរបាល ដើម្បីឱ្យនគរបាលទៅចាប់នរណាក៏បាន បើសិនខ្លួនចង់ឱ្យចាប់ (ធ្វើស៊ី)។ ដែលពាក្យសម្តីទាំងនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន យល់ឃើញថា ជាការមើលងាយចំពោះកិត្តិយសនគរបាលជាតិ និងបង្ហាញថាសង្គមមួយ គ្មានច្បាប់ទម្លាប់ អ្នកមានលុយ គឺឈ្នះ។
ជាប្រតិកម្មតបទៅនឹងសម្តីរបស់ស្ត្រីគ្រូទាយ “ម៉ែរក្សា”នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រួសារមានវិន័យ ប្រទេសមានច្បាប់ លោកនឹងអនុវត្តច្បាប់ លើស្ត្រីរូបនេះ ដែលមិនរាងចាល បន្ទាប់ពីធ្លាប់បានមកធ្វើកិច្ចសន្យាបញ្ឈប់ម្តងរួចមកហើយ កាលពីខែ មុន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ថា “នៅថ្ងៃទី 24.03.26 ម៉ែរក្សា បានមកធ្វើកិច្ចសន្យាបញ្ឈប់ឡាយរឿងប្តី ២នាក់ នៅជាមួយគាត់ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ នៅស្នងការរាជធានី ម្តងហើយ។ តែពេលនេះ ម៉ែរក្សា ប្រហែលអត់បានទាយមើលខ្លួនឯងទេថា ថ្ងៃនេះ រាសីឡើងឬចុះនោះទេមើលទៅ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សេចក្តីថ្លៃថ្នូរ សង្គមជាតិ)…”។

គួររំលឹកថា កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរា ជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះស្ត្រីឈ្មោះ នី សម្បត្តិ ហៅម៉ែរក្សា ដែលបង្ហោះវីដេអូ អួតរឿងយកប្តីក្មេង ២នាក់ រស់នៅជុំគ្នា និងថែមទាំងបង្ហោះចែកចាយរូបភាពផ្អែមល្ហែមតាមបណ្តាញសង្គម រហូតសម្តេច ចោទសួរថា តើស្ត្រីរូបនេះ យកប្តី២នាក់ពិតមែន ឬជាការសម្តែងដើម្បីទាក់ទាញអ្នកមើល? ភ្លាមនោះ ស្ត្រីឈ្មោះម៉ែរក្សានេះ បានចេញមុខបកស្រាយ សុំទោសសម្តេច ដោយថា ទាំងនោះគ្រាន់តែជាការសម្តែង ដើម្បីបង្កើតមាតិកាកម្សាន្ត ទាក់ទាញតាមបណ្តាញសង្គមប៉ុណ្ណោះ មិនមែនជាជីវិតពិតផ្ទាល់ខ្លួននាងទេ៕ ដារិទ្ធ