
ភ្នំពេញ ៖ ក្រោយពីបានឮសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ទទួលស្គាល់ពីការបាត់បង់ទឹកដីកម្ពុជា ទៅថៃ ប៉ុន្តែខណៈដែលមជ្ឈដ្ឋានតាមដាន ជាពិសេសអ្នកប្រជាធិបតេយ្យ មើលឃើញថា កម្ពុជា នៅតែមិនមានការផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីធ្វើឱ្យខ្មែរខ្លាំង អាចតតាំងទាមទារទឹកដីដែលថៃឈ្លានពានកាន់កាប់មកវិញនោះ មេបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងទទួលរងការឈ្លានពានពីបរទេសជិតខាងនេះ មានផ្លូវតែមួយគត់ ដែលកម្ពុជា ត្រូវដើរទៅរួមគ្នា គឺផ្លូវឆ្ពោះទៅរកការឯកភាពជាតិ ។ ប៉ុន្តែផ្លូវទៅរកឯកភាពជាតិនោះ គឺការនិយាយគ្នា រកនូវចំណុចកណ្ដាល តាមរយៈការរកភាគីទី៣ ជាអន្តរការីអព្យាក្រឹត ឯករាជ្យ មកជួយសម្របសម្រួល ។
សូមបញ្ជាក់ថា នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ កាលពីពេលថ្មីៗនេះ ដូចជា Reuters, Fox News និង AFP ជាដើម ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យោធាថៃ បន្តឈ្លានពានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ដែលធ្វើឲ្យពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ មិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន។ សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា បទឈប់បាញ់ ដែលភាគីជម្លោះទាំង២ កម្ពុជា-ថៃ សម្រេចបាន គឺមានភាពផុយស្រួយខ្លាំង និងបញ្ជាក់ថា កម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំងនោះឡើយ ប៉ុន្តែកម្ពុជា នៅតែរក្សាជំហរមិនយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមនោះទេ ហើយនៅតែជំរុញឲ្យមានការរួបរួមសាមគ្គីជាតិ ។

ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានធ្វើការកត់សម្គាល់ថា រឿងទឹកដីដែលបាត់បង់ទៅប្រទេសសៀម (ថៃ) ក្រោយសង្រ្គាមលើកទី២ រយៈពេល២១ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ វាមិនងាយទាមទារមកវិញបានលឿន ស្រួលដូចការគិតនោះទេ ព្រោះអង្ករ បានក្លាយជាបាយទៅហើយ ប៉ុន្តែមិនមែនបានន័យថា យើងនាំគ្នានៅស្ងៀម មិនទាមទារនោះទេ គឺយើងត្រូវប្រើគ្រប់យុទ្ធសាស្រ្តការទូត បង្ហាញឲ្យសហគមន៍អន្តរជាតិ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានឃើញថា កម្ពុជា ពិតជាត្រូវបានរងការរំលោភបំពានបូរណភាពទឹកដី អធិបតេយ្យជាតិ ពីប្រទេសថៃ មែន ដោយមិនមែនត្រឹមជាជម្លោះព្រំដែនទេ តែជាការឈ្លានពានមួយ បង្កទៅដល់ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានបន្សល់ទុកនូវភ័ស្តុតាងជាច្រើន ដូចជា ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម័្ពន្ធ វត្តអារាម ផ្ទះសម្បែង ជនស៊ីវិលស្លូតត្រង់ ជាដើម ។ ដូច្នេះលោកថា ទាក់ទងទៅនឹងការទូត និងច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ត្រូវមានឆន្ទៈក្នុងការដោះស្រាយគ្រប់ច្រកល្ហក ប៉ុន្តែក្នុងករណីដោះស្រាយដោយការទូត ដោយសន្តិភាព នៅតែមិនអាចទាមទារទឹកដីជាច្រើនតំបន់ ដែលកងទ័ពសត្រូវបរទេស កំពុងតែកាន់កាប់ ឈរជើងគ្រប់គ្រងនោះមកវិញបាន លោកយល់ថា ចៀសមិនផុតពីការធ្វើសង្រ្គាមដោយចុងអាវុធនោះទេ តែត្រង់ថា ទទួលបានជ័យជម្នះ ឬបរាជ័យ វាអាស្រ័យនៅកងកម្លាំងទ័ព គ្រឿងសព្វាវុធ និងសេដ្ឋកិច្ច ហិរញ្ញវត្ថុយោធា ដែលជាក់ស្ដែងទៅ លោកឃើញថា កម្ពុជា នៅចាញ់ថៃ ។ យ៉ាងណា លោកថា ការច្បាំង វ៉ៃបកបែបណា នៅពេលខាងមុខ ឬនៅក្នុងកាលៈទេសៈប្រទេសកើតកលយុគជាថ្មីម្ដងទៀត វាជាការសម្រេចរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាច ។
ភ្ជាប់ជាមួយចំណុចនេះ លោក មាជ សុវណ្ណារ៉ា បានអំពាវនាវថា អ្វីដែលសំខាន់ ចាប់ពីពេលនេះទៅ ដើម្បីឲ្យមានភាពខ្លាំងដល់ប្រទេសរបស់ខ្លួន ក្រៅពីត្រូវធ្វើទំនើបកម្មយោធានោះ យើងត្រូវគិតដល់ការឯកភាពជាតិ ទម្លាក់ចោលនូវគំនុំបុគ្គល ទប់ទល់ហានិភ័យ ការបែកបាក់ផ្ទៃក្នុងជាតិ ការចូលជ្រៀតជ្រែក ខ្ចីដៃបំផ្លាញសាមគ្គីជាតិក្នុងស្រទាប់អ្នកនយោបាយខ្មែរ ពីសំណាក់ប្រទេសជិតខាង រួមមាន សៀម យួន ជាដើម ដែលចិញ្ចឹមចិត្តចង់ពុះចែកកម្ពុជា យកទៅគ្រប់គ្រងរៀងខ្លួន ដែលមានកត់ត្រាក្នុងប្រវត្តិសាស្រ្ត តាំងពីយូរលង់មក ។ ហេតុនេះ ត្រូវពង្រឹងផ្ទៃក្នុងជាតិ ឲ្យខ្លាំងរឹងមាំ ព្រោះកាលណាយើងខ្សោយ បាត់នូវសេចក្ដីថ្លៃថ្នូរឲ្យគ្នាទៅវិញទៅមក ក្នុងនាមឈាមជ័រខ្មែរតែមួយ សត្រូវបរទេស ចាប់ផ្ដើមមើលងាយមើលថោក និងងាយនឹងវ៉ៃសង្រ្គប់ លេបត្របាក់យកទឹកដីយើងបាន យើងត្រូវតែមានស្មារតីជាតិនិយម ក្នុងការទប់ទល់ រុញច្រាន ដោយយើងមិនចេះតែបណ្ដោយឲ្យប្រទេសធំ មករំលោភបំពាន ឈ្លានពានយើងជាប្រទេសតូច តាមអំពើចិត្តបានទេ ។ សរុបទៅ ដើម្បីការពារទឹកដីកុំឲ្យបាត់បង់ មានតែរួមគ្នាការពារឲ្យខាងតែបាន តាមកាតព្វកិច្ចយើងជាពលរដ្ឋខ្មែរ ជាពិសេស ត្រូវរួមគ្នាដើរនៅលើផ្លូវតែមួយ គឺផ្លូវឆ្ពោះទៅរកឯកភាពជាតិ ។

ទាក់ទងនឹងផ្លូវឆ្ពោះទៅរកឯកភាពជាតិនេះ លោក មាជ សុវណ្ណារ៉ា ពន្យល់ថា ត្រូវរកមនុស្សដែលឯករាជ្យ មិនរងនូវសម្ពាធនយោបាយនិងនិន្នាការគណបក្សនយោបាយ ដែលអាចហៅថា ជាភាគីទី៣ មកចូលរួមដឹកនាំ សម្របសម្រួល បង្កើតនូវវប្បធម៌ថ្មី ផ្សះផ្សា បង្រួបបង្រួមជាតិ យោគយល់ អធ្យាស្រ័យ សន្ដោសប្រណីគ្នាខ្ពស់ មិនប្រកាន់ខ្មែរស ខ្មែរខ្មៅ ខ្មែរប្រផេះ តម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំ ។ លោកជឿថា ការធ្វើបែបនេះ នឹងអាចការពារប្រទេស ឲ្យស្ថិតស្ថេរគង់វង្សទៅមុខបាន គ្រាន់តែត្រូវការពេលវេលាបន្តិច ហើយត្រូវការដាក់ចិត្ត កាយ វាចា ប្ដេជ្ញាក្នុងនាមជាអ្នកជំនាន់ថ្មី ត្រូវធ្វើអ្វីដែលជាគំរូល្អ ជាកេរ្តិ៍ឈ្មោះ កិត្តិយស ស្នាដៃ ដល់អ្នកជំនាន់ក្រោយ ឬអ្នកជំនាន់ថ្មី បន្តមរតករូបមន្តសេរីភាពយុត្តិធម៌ សន្តិភាពពេញលេញ ជាអមតៈ ឬជានិច្ចនិរន្តរ៍តទៅ ។ ជាពិសេស ត្រូវភ្ញាក់រលឹក កុំបន្តធ្វើឲ្យជាតិលិចលង់ បាត់ទឹកដីដោយសារតែខ្លួន ទៅថ្ងៃអនាគត ដែលអាចនឹងធ្វើឲ្យមានវិប្បដិសារៈ ការស្ដាយក្រោយ និងការជេរស្ដីពីកូនចៅជំនាន់ក្រោយ បន្សល់ទុកនូវពាក្យ “ក្បត់ជាតិ” ដែលពាក្យនេះ យូរៗទៅ នឹងធ្វើឲ្យប្រទេសកម្ពុជា អត់មាន ”វីរបុរស”, “បិតាឯករាជ្យ” , “បិតាផ្សះផ្សា” ឲ្យរួមជាធ្លុងមួយ សម្រាប់ប្រទេសជាតិ លុះអវសាននៃជីវិត ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “បាទ! ផ្លូវទៅរកឯកភាពជាតិ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង យើងត្រូវមានអន្តរការី មានមនុស្សដែលឈរជាអព្យាក្រឹត មនុស្សដែលមានការឲ្យតម្លៃ និងទទួលស្គាល់គុណតម្លៃ ការគោរព ក្នុងការអាចយកនូវគំនិតឯកភាពជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិបែបណាដែលខ្មែរអាចជជែកគ្នា ខ្មែរអាចយកបញ្ហាមកដាក់លើតុ ដើម្បីរកដំណោះស្រាយ ក្នុងន័យពង្រឹងឯកភាពជាតិឡើងវិញ ក្នុងន័យខ្មែរ មើលឃើញអំពីទុក្ខលំបាកជាតិ គ្រោះថ្នាក់ជាតិ ហានិភ័យអន្តរាយបែបណាទៅថ្ងៃអនាគត ដែលយើងព្រួយបារម្ភសម្រាប់អ្នកជំនាន់ថ្មី អ្នកជំនាន់ក្រោយ កូនចៅតៗជំនាន់ទៅមុខទៀត ថាតើគាត់អាចមានក្ដីសង្ឃឹម ដាក់ក្ដីសង្ឃឹមទៅលើថ្នាក់ដឹកនាំដែលយកបញ្ហាទំនាស់បុគ្គលមកឲ្យមានការបែកបាក់ជាតិ បែកបាក់ផ្ទៃក្នុង ដែលជាផ្លូវមួយទៅរកការធ្វើឲ្យជាតិរងគ្រោះ រងគ្រោះជាការមិនឯកភាពជាតិ ដោយសារតែអំណាច ឬដោយសារតែបក្ខពួក ដោយសារតែលាភសក្ការៈ ហើយមិនគិតពីតម្លៃតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជារាស្រ្តជាធំ គឺថាយើងមិនអាចឲ្យជាតិបែកបាក់ផ្ទៃក្នុងខ្មែរគ្នាឯង វាជាឱកាសដែលបរទេសឆក់ឱកាសក្នុងការវាយបំបាក់ ក្នុងការមើលងាយមើលថោកនឹងគុណតម្លៃសេចក្ដីថ្លៃថ្នូររបស់ខ្មែរ ហើយគេមានចិត្តចិញ្ចឹមប៉ុនប៉ងគឃ្លើនផ្គើនក្នុងការរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយបានដំណើរឆ្ពោះទៅរកការឯកភាពជាតិនេះ វាចេញពីខ្មែរគ្នាឯងហ្នឹង រកដំណោះស្រាយរួមណាដែលផ្សះផ្សា បង្រួបបង្រួមជាតិ ដែលមិនធ្វើឲ្យជាតិហ្នឹងមានការបែកបាក់ ធ្វើឲ្យខ្មែរហ្នឹង ហែកចេញជាខ្មែរស ខ្មែរខ្មៅ ខ្មែរប្រផេះអីអ៊ីចឹងទៅ ។ អាហ្នឹងហើយដែលវាការព្រួយក្នុងដានអតីតកាលប្រវត្តិសាស្រ្ត ច្រើនរយសតវត្សរ៍មកហើយ ដែលយើងឃើញហើយ ការបែកបាក់ខ្មែរហ្នឹង ដោយសារតែដណ្ដើមអំណាចគ្នា ដោយសារតែមិនគិតតម្កល់ផលប្រយោជន៍ជាតិជាធំ ចង់បានតែអំណាចក្ដាប់ដោយភាគីម្ខាងៗ បង្កើតនូវគូបដិបក្ខនៃការបែកបាក់ផ្ទៃក្នុងជាតិហ្នឹងហើយ ដែលចង់ឲ្យឃើញកត្តាសំខាន់ ដូចជាមនុស្សដែលឯករាជ្យ មនុស្សដែលមានគុណតម្លៃ មនុស្សដែលគេជឿជាក់ មនុស្សដែលភាគីជម្លោះហ្នឹងអាចទទួលបាននូវឯកភាពជាតិ គឺព្រះមហាក្សត្រ ឬក៏សម្ដេចព្រះសង្ឃនាយក ទាំងពីរនិកាយ ចេញមក ដើម្បីរកនូវចំណុចកណ្ដាលណាមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ហើយយើងលើកលែង ដើម្បីអភ័យទាន ក្នុងការផ្សះផ្សា ក្នុងការសន្តោសប្រណីគ្នា ថាតើយើងត្រូវធ្វើអី ដើម្បីឲ្យជាតិយើងខ្លាំងឡើងវិញ? កំហុសខុសឆ្គងនៃបញ្ហា យើងយកមករកដំណោះស្រាយ ដែលអាចដើរផ្លូវកណ្ដាល ផ្លូវក្នុងគោលដៅពង្រឹងជាតិ ពង្រីកនូវសក្ដានុពលនៃទំនើបកម្មយោធា សេដ្ឋកិច្ចរឹងមាំ ខ្មែរឯកភាពជាតិ អាហ្នឹងហើយដែលប្រទេសយើងខ្លាំង ប្រទេសយើងតូច តែយើងត្រូវធ្វើឲ្យខ្លឹម ឲ្យខ្លាំង ហើយមិនរណប ឬរងសម្ពាធនូវឥទ្ធិពលនៃប្រទេសមហាអំណាច ឬប្រទេសជិតខាងណា ឬក៏ប្រទេសនៅក្នុងតំបន់ និងពិភពលោកអី ដែលយើងមានគំរូដូចជា ប្រទេសអ៊ីស្រាអែល ដែលគេបាត់ដីរាប់ពាន់ឆ្នាំ ហើយប្រទេសសាំងហ្គាពួរ ដែលជាកូនកោះមួយ ធ្លាប់រងសម្ពាធឥទ្ធិពលឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តែទីបំផុតគេជាកូនខ្លា កូននាគនៅអាស៊ីអាគ្នេយ៍ នៅឥណ្ឌូ-ប៉ាស៊ីហ្វិកអីជាដើម ។ អាហ្នឹងហើយជាការយកមកប្រៀបធៀប ការយកបង្ហាញនូវថា ហេតុអីបានយើងចេះតែបែកបាក់គ្នា? ហេតុអីបានយើងមិនឯកភាពជាតិគ្នា? មកពីកត្តាខ្មែរ និយាយស្ដាប់គ្នាមិនបាន ខ្មែរ ចង់បានអំណាចតែម្ខាងៗ ធ្វើឲ្យមានការឈឺចាប់ ភាពអយុត្តិធម៌នៃភាគីម្ខាងទៀត ឬក៏សម្ពាធឥទ្ធិពលបរទេសជិតខាងណា មហាអំណាចណា បានជាខ្មែរ ចេះតែបែកបាក់គ្នា ហើយចេះតែគិតអំពីការចង់តែបំផ្លាញខ្មែរគ្នាឯង ។ អាហ្នឹងសុទ្ធតែជាវិបត្តិដែលយើងយកមករកដំណោះស្រាយ ដើម្បីឆ្ពោះទៅរកនូវសេរីភាព យុត្តិធម៌ និងសន្តិភាពបែបណាមួយ ដែលខ្មែរអាចទទួលយកបាន ហើយពេលនោះហើយ ជាភាពរុងរឿង ជាភាពខ្លាំងអស្ចារ្យសម្រាប់អាណាចក្រខ្មែរយើងឡើងវិញ“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ្វីដែលខ្លាំងបំផុតសម្រាប់ការឯកភាពជាតិ គឺការនិយាយគ្នា ការរកនូវចំណុចកណ្ដាល ហើយរកភាគីជាអន្តរការីណាមួយ ដែលដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺថាមានការឲ្យគុណតម្លៃ ការគោរព ការអាចទទួលយកបាននៃគូបដិបក្ខ គូជម្លោះនៃគំនុំបុគ្គល គំនុំនយោបាយ គំនុំនិន្នាការគណបក្ស គំនុំនៃបក្ខពួក ខ្មែរស ខ្មែរខ្មៅ ខ្មែរប្រផេះហ្នឹង គឺយកមកខ្មែរតែមួយ គឺខ្មែររឹងមាំ គឺខ្មែរឯកភាពជាតិ បង្រួបបង្រួមជាតិ ហើយដើរលើយន្តការណាដែលអាចទទួលយកបានទាំងអស់គ្នា ដោយគ្មានរងនូវឥទ្ធិពលសម្ពាធនយោបាយ ឬក៏អំណាចណាមួយដែលមកគ្របដណ្ដប់ធ្វើឲ្យមានការឈឺចាប់នូវភាពអយុត្តិធម៌ឲ្យគ្នា ។ អ៊ីចឹងហើយ ខ្ញុំថាមិនជារឿងពិបាកទេ ដោយសារតែយើងខ្មែរនិយាយភាសាតែមួយ ខ្មែរកាន់ព្រះពុទ្ធសាសនា ខ្មែរយល់អំពីបុណ្យបាប ខ្មែរយល់អំពីអំពើល្អ អាក្រក់ ខ្មែរ ស្រលាញ់មាតុភូមិ ខ្មែរ ការពារគ្នា ខ្មែរ ឯកភាពជាតិ ដើម្បីបង្កើតនូវវប្បធម៌នៃក្ដីស្រលាញ់ វប្បធម៌នៃការការពារគ្នា ការជួយគ្នា ខ្ញុំថា មិនជារឿងពិបាកទេ ដូចជាយើងលេងកីឡាអ៊ីចឹង កីឡាប្រដាល់ កីឡាសព្វគ្រប់បែបយ៉ាង សុទ្ធតែជាការឯកភាព ដែលយើងឈ្លោះគ្នា យើងប្រជែងគ្នាតែគោលនយោបាយនៅក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ។ អ៊ីចឹងយើងអត់យកខ្មែរណាជាសត្រូវ ហើយយើងចេះលេងល្បែងនយោបាយណាដែលរីកចម្រើនដល់ជាតិ រីកចម្រើនដល់ប្រជាពលរដ្ឋ ។ អាហ្នឹងហើយជាសុភមង្គល ជាសុខដុមរមនា ជាវិបុលភាព ធ្វើឲ្យជាតិរុងរឿង“ ៕ កុលបុត្រ