Thursday, February 26, 2026
Homeនយោបាយប្រមុខការទូតកម្ពុជា ប្រាប់ UN យោធាថៃ បន្តឈ្លានពានទឹកដីកម្ពុជា

ប្រមុខការទូតកម្ពុជា ប្រាប់ UN យោធាថៃ បន្តឈ្លានពានទឹកដីកម្ពុជា

ភ្នំពេញ ៖ ស្របពេលដែលសភាពការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយភាគីថៃ បង្កសង្រ្គាម ២លើក ចំនួន២១ថ្ងៃ បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចុះហត្ថលេខាដោយប្រមុខការពារជាតិ នៃប្រ ទេសទាំងពីរ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលស្ងប់ស្ងាត់តែស្នូរកាំភ្លើង តែទាហានថៃ នៅតែធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា ដោយរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានានោះ ប្រមុខការទូតកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបកអាក្រាតប្រាប់អង្គការសហ ប្រជាជាតិ (UN) ថា យោធាថៃ បាននិងកំពុងបន្តឈ្លានពានទឹកដីកម្ពុជា ដោយរំលោភកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ។

នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស និងព្រឹត្តិការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងតំបន់និងពិភពលោក ជាពិសេស បានបកអាក្រាតសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ និងរារាំងពលរដ្ឋខ្មែរ មិនឲ្យវិលទៅលំនៅឋានវិញ ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ។

 តាមរយៈសុន្ទរកថាប្រកបដោយខ្លឹមសារនិងភាពអត់ធ្មត់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកយកសារសំខាន់ចំនួន២ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនប៉ុណ្ណោះទេ តែថែមទាំងបានលាតត្រដាងក៏ដូចជាបកអាក្រាតពីល្បិចកលបែបយុទ្ធសាស្ត្របំភ្លៃការពិតរបស់ភាគីថៃ ដែលកំពុងព្យាយាមលាបពណ៌កម្ពុជា នៅលើឆាកអន្តរជាតិ។

 សារសំខាន់ទី១  គឺថៃ បានប្រើប្រាស់រូបភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបិទបាំងការពិតនៃអំពើឈ្លានពានមកលើកម្ពុជា ។ ត្រង់ចំណុចនេះ ប្រមុខការទូតកម្ពុជា បានលើកឡើងយ៉ាងច្បាស់លាស់ គឺការប្រើប្រាស់លេសនៃការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន ដោយយោធាថៃ វាគ្រាន់តែជាសកម្មភាពបង្វែរស្ថានភាព ដើម្បីបិទបាំងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុស ច្បាប់ ពីសំណាក់កងយោធាថៃ តែប៉ុណ្ណោះ។ នេះជាចំណុចសំខាន់មួយ ដែលបង្ហាញឱ្យឃើញថា ថៃ កំពុងយករឿងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបញ្ហាសកល មកធ្វើជាខែលការពារខ្លួន និងបិទបាំងប្រតិបត្តិការយោធាដ៏សា ហាវឃោរឃៅរបស់ខ្លូន មកលើពលរដ្ឋស្លូតត្រង់កម្ពុជា។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការតស៊ូប្រឆាំងនឹងការឆបោកតាមអនឡាញ ត្រូវការកិច្ចសហប្រតិបត្តិការគ្នា និងមិនមែនជាសកម្មភាពនគរបាលឬយោធាបរទេស ជាឯកតោភាគី គ្រាន់តែបម្រើឱ្យការបិទបាំងអំពើឈ្លានពាន និងការកាន់កាប់ទឺកដីរដ្ឋអធិបតេយ្យមួយទៀត ដោយខុសច្បាប់នោះទេ។ ការលើកឡើងនេះ បានបង្ហាញឱ្យឃើញពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការវិភាគស្ថានការណ៍និងបកស្រាយឱ្យសហគមន៍អន្តរជាតិ បានយល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ។

សារសំខាន់ទី២ កម្ពុជា បានបកអាក្រាតពីការរំលោភបំពានសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ ក្រោមរូបភាពជាអ្នកការពារសន្តិសុខ ។ ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី រំលេចថា ការអំពាវនាវរបស់កម្ពុជា លើឆាកអន្តរជាតិម្ដងនេះ បានលើកបង្ហាញពីស្ថានភាពអមនុស្សធម៌របស់យោធាថៃ និងក្រុមជ្រុលនិយមថៃ ដែលបានចាប់ដៃគ្នាធ្វើ សកម្មភាពដាក់ពង្រាយទូកុងតឺន័រ និងរាយលួសបន្លា ដើម្បីរារាំងមិនឱ្យពលរដ្ឋស្លូតត្រង់កម្ពុជា អាចវិលត្រលប់ទៅភូមិឋានរបស់ខ្លួនវិញ។ នេះហើយដែលជាអំពើរំលោភបំពានលើសិទ្ធិមនុសយ៉ាងធ្ងន់ធ្ងរ។ លោករដ្ឋមន្រ្តី បានបង្ហាញនូវការភ្ញាក់ផ្អើលមួយ ដែលពិភពលោក មិនគួរមើលរំលងនោះឡើយ ដោយតួលេខនៃអ្នករងគ្រោះ នៅកម្រិតកំពូលនៃជម្លោះ មានច្រើនគួរឱ្យរន្ធត់ ដោយក្នុងនោះ មនុស្សជិត ៦៥០ ០០០នាក់ ត្រូវបានផ្លាស់ទីលំ នៅ ហើយបច្ចុប្បន្ននេះ មនុស្សជាង ៨០ ០០០នាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន ដែលនេះមិនមែនគ្រា ន់តែជាបញ្ហាព្រំដែនធម្មតានោះទេ ប៉ុន្តែវាជាវិបត្តិមនុស្សធម៌ ដែលកំពុងកើតឡើងចំពោះមុខសហគមន៍អន្តរជាតិ។ លោកបានបង្ហាញថា កម្ពុជា មិនគ្រាន់តែយល់ពីច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះប្រើ ប្រាស់យន្តការអន្តរជាតិ ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនផងដែរ ព្រោះកម្ពុជា យល់ពីតម្លៃនៃសន្តិភាព ហើយទាំង ពលរដ្ឋនិងប្រមុខដឹកនាំកម្ពុជា ស្អប់ខ្ពើមសង្គ្រាម ។ យ៉ាងណា កម្ពុជា នៅតែបន្តប្រើភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត នៅក្នុងបទអន្តរាគមន៍នេះ គឺការបង្ហាញពីភាពអត់ធ្មត់និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា។ ពេញមួយអំឡុងពេលមានវិបត្តិ កម្ពុជា បានបន្តផ្តល់ជំនួយមនុស្សធម៌ ធានានូវបន្តនៃសេវាសំខាន់ៗដល់ជនភៀសខ្លួន និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការឈប់បាញ់ និងកិច្ចសន្ទនាដោយសន្តិវិធី ។ នេះជារូបភាពផ្ទុយស្រឡះពីសកម្មភាពរបស់យោធាថៃ ដែលកំពុងតែបង្កើតទីតាំងយោធាលើសពីខ្សែបន្ទាត់ដែលបានទាមទារ បណ្តេញប្រជាជនស៊ីវិលចេញពីផ្ទះសម្បែង បំផ្លាញលំនៅឋាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីកម្ពុជា ។

 លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់នៅក្នុងបទអន្តរាគមន៍នោះថា “…នៅពេលដែលយើងកំពុងពង្រឹងវឌ្ឍនភាពផ្ទៃក្នុង និងការអភិវឌ្ឍរបស់យើង ប្រតិបត្តិការយោធាថៃ នៅពាក់កណ្តាលឆ្នាំ២០២៥ និងចុងឆ្នាំ២០២៥ បានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិលរបស់យើង ផលវិបាកដែលធ្លាក់ចូលទៅក្នុងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ។ បទឈប់បា ញ់លើកទីពីរ ដែលសម្រេចបាន កាលពីចុងឆ្នាំមុន នៅតែមាន ប៉ុន្តែនៅមានភាពផុយស្រួយ។ ចាប់តាំងពីពេលនោះមក ទីតាំងយោធា ត្រូវបានបង្កើតឡើងលើសពីទីតាំងដែលថៃ ធ្លាប់អះអាង ហើយចូលមកក្នុងទឹកដីកម្ពុជា…។ នៅក្នុងភូមិមួយចំនួន តាមព្រំដែន ដែលថៃ ឈ្លានពានកាន់កាប់ មានជនស៊ីវិល ត្រូវបានបណ្តេញចេញពីផ្ទះ ដោយបង្ខំ ផ្ទះសម្បែង ត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធា ត្រូវបានសាងសង់ ហើយផ្លូវចូល ត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ រារាំងការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិល ដែលបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ កម្រិតអរិភាពខ្ពស់នៅពេលនោះ ដោយមានជនភៀសសឹក ជិត ៦៥ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។ នាពេលបច្ចុប្បន្ននេះ ជនភៀសសឹក ប្រមាណ ៨ម៉ឺននាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន…។ ក្នុងអំឡុងពេលនេះ កម្ពុជា បានបង្ហាញពីការអត់ធ្មត់ជាទីបំផុត និងស្មា រតីទទួលខុសត្រូវខ្ពស់ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការធានាបន្តនូវសេវាសំខាន់ៗសម្រាប់ជនភៀសសឹករបស់ខ្លួន និងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះបទឈប់បាញ់ និងការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។ ការការពារសិទ្ធិមនុស្ស គឺមិនអាចបំបែកចេញពីសន្តិភាពបានទេ…»។

នៅទីបញ្ចប់នៃការថ្លែងក្នុងបទអន្តរាគមន៍ លោក ប្រាក់ សុខុន បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនមែនជាអ្នកឈ្លានពាន ប៉ុន្តែជាអ្នកការពារសន្តិភាព និងសិទ្ធិមនុស្ស។ កម្ពុជា មិនមែនជាអ្នកបង្កើតវិបត្តិ ប៉ុន្តែជាអ្នក ស្វែងរកដំណោះស្រាយ ហើយកម្ពុជា នឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្លួន ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់បន្ថែមថា “កម្ពុជា អំពាវនាវទៅភាគីថៃ ត្រូវគោរពឱ្យបានពេញលេញ និងអនុវត្តដោយស្មោះត្រង់ លើកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយការដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់កងកម្លាំងថៃ​ នេះគឺជាឧបសគ្គចម្បងចំពោះការវិលត្រឡប់របស់ជនស៊ីវិល ទៅកាន់លំនៅឋាន ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោល ការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ មានតែតាមរយៈការប្រកាន់ខ្ជាប់បែបនេះទេ ទើបប្រជាជនយើងទាំងពីរ រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក…» ។

គួរបញ្ជាក់ថា ក្នុងឱកាសអមដំណើរសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញបេសកកម្មនៅក្រៅប្រទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រៅពីបានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅទីនោះ លោកក៏បានទទួលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ និងថ្នាក់ដឹកនាំប្រទេសជាច្រើន ។ ក្នុងនោះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី បានអញ្ជើញអមសម្ដេចនាយករដ្ឋមន្រី្ត ក្នុងជំនួបទ្វេភាគីជាមួយលោក អង់ តូនីញ៉ូ ហ្គូទែររ៉េស អគ្គលេខាធិការ អ.ស.ប, អញ្ជើញអមសម្តេចនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយលោក ហ្គីលលេស ការបីនីញើរ (Gilles Carbonnier) អនុប្រធានគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC), អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ្ស៊ីនបេក គូលូបែវ (Zheenbek Kulubaev) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ី ។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ជូរ៉ាច ប្លាណារ (Juraj Blanár) រដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុប នៃសាធារ ណរដ្ឋស្លូវ៉ាគី និងបានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់លោកស្រី អាណា អ៊ីសាបែល សាវីយើរ ( Ana Isabel Xavier) រដ្ឋលេខាធិការ នៃក្រសួងការបរទេសព័រទុយហ្គាល់ ។

ដោយឡែក នៅក្នុងប្រទេស លោកប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជម្រាបជូនពីសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ រួមមាន លោកឧបនាយរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាដើម បំពេញបេសកកម្មការទូតយ៉ាងមមារញឹកនៅលើឆាកអន្តរជាតិ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលោកបញ្ជាក់ថា ចប់ពីសហរដ្ឋអាមេរិក សម្តេចប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា មានដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម ។

 លោក ប៉ែន បូណា បានលើកឡើងថា គោលបំណងនៃជំនួបទាំងនោះ គឺប្រាកដណាស់ថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់និងអន្តរជាតិ កំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់ ។ ជាក់ស្ដែង នៅទីក្រុងវ៉ាស៊ីងតោន សម្តេចនាយករដ្ឋមន្រ្តី បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាព នៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង ។ រីឯនៅក្នុងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិ ប្រចាំកម្ពុជា ចុះពិនិត្យទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃ បានឈ្លានពានកាន់ កាប់ដោយខុសច្បាប់ ហើយបន្តដាក់ទូកុងតឺន័រ និងរាយលួសបន្លា បិទផ្លូវ រារាំងប្រជាពលរដ្ឋខ្មែរ មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ។

 លោក ប៉ែន បូណា បានបញ្ជាក់សង្កត់ធ្ងន់ថា នេះមិនមែនជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះ ត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំ យ៉ាងសកម្ម និងឥតឈប់ឈរ ក្នុងបុព្វហេតុការពារអធិ បតេយ្យ បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីប្រទេសថៃ ដោយក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ តែងតែធ្វើបទបង្ហាញជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ អំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ចំណែកស្ថានតំណាងកម្ពុជា នៅក្រៅប្រទេស ក៏បានធ្វើចលនាការទូតយ៉ាងសកម្ម ដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហ គមន៍អន្តរជាតិ បានយល់ពីការពិត និងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាដែលទាមទារចង់បានដំណោះស្រាយដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពថៃ បានបើកការវាយប្រហារបំពានលើកម្ពុជា ទាំងថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានា រហូតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ខណៈដែលការតវ៉ាប្រឆាំងនឹងការរំលោភបំពាន ក៏ត្រូវបានធ្វើឡើងនៅគ្រប់ករណីទាំងអស់ ដោយគ្មានខ្វះចន្លោះឡើយ គឺគ្រាន់តែក្នុងអំឡុងពេលជាង ៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និងលិខិតបកស្រាយឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់ សរុបចំនួនជិត ៧០០លើក ហើយបាននិងកំពុងបន្តធ្វើជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងគ្រប់ករណីដែលមានការរំលោភបំពាន ។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា ដោយបានចាប់ខ្លួនពលរដ្ឋកម្ពុជា បីនាក់ និងបានរឹបអូសនាវានេសាទរបស់ពួកគេផង នៅជិតកោះយ៉រ ខេត្តកោះកុង របស់កម្ពុជា ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិថា សកម្មភាពទាំងអស់នេះ សបញ្ជាក់ពីការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលចាត់ទុកការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុត ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ស្រាប់ ។ ការងារការទូតយ៉ាងសកម្មទាំងក្នុងនិងក្រៅប្រទេសបែបនេះ បានបង្ហាញឱ្យឃើញថា ឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ បាននិងកំពុងបង្ហាញសកម្មភាពជាក់ស្តែង ឱ្យប្រជាពលរដ្ឋបានឃើញគ្រប់ៗគ្នា ហើយប្រជាពលរដ្ឋខ្មែរ គ្រប់ទិសទីបានសាទរ និងគាំទ្រសកម្ម ភាពទាំងនេះយ៉ាងខ្លាំង ។ ជាពិសេស អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជាថ្មីថា កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក ។ កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើត ចេញពីការប្រើប្រាស់កម្លាំងឡើយ ៕ កុលបុត្រ

RELATED ARTICLES