ខេត្តតាកែវ ៖ អ្នកកាសែត ២នាក់ នៅខេត្តតាកែវ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីផ្សាយព័ត៌មានដែលអាជ្ញាធរបានអះអាងថា ជាការផ្សាយព័ត៌មានប្រឌិតថា ខេត្តតាកែវ មានទីតាំងឆបោកអនឡាញ។

អ្នកកាសែត ទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះព្រហ្ម សុផៃ មានអាសយដ្ឋាននៅឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ តួនាទីជាភ្នាក់ងារសារព័ត៌មាន កោះសន្តិភាព និងជាចាងហ្វាងការផ្សាយគេហទំព័រ ពេញចិត្តមេឌា និងទី២-ឈ្មោះស៊ាង ប៊ុនសុង អាសយដ្ឋានសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីចាងហ្វាងការផ្សាយគេហទំព័រ Sunday TV online ។ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅទីតាំងពីរផ្សេងគ្នា។
បើតាមសេចក្តីរាយការណ៍ ការឃាត់ខ្លួននេះ បន្ទាប់ពីអ្នកកាសែតខាងលើ បានចុះផ្សាយថា ខេត្តតាកែវ មានទីតាំងឆបោកអនឡាញ អភិបាលស្រុកបាទី និងអធិការនគរបាលស្រុកបាទី យកលុយគេ ចំនួន៥០០០ដុល្លារ ដែលត្រូវបានអាជ្ញាធរអះអាងថា ជារឿងមិនពិត។ អាជ្ញាធរ បានចាត់ទុកជាការផ្សាយព័ត៌មានមិនពិត នឹងធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច។
ទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើការសាកសួររួចមក ព្រះរាជអាជ្ញា បានសម្រេចដោះលែងអ្នកកាសែត ទាំង២នាក់ខាងលើ ឲ្យមានសេរីភាពវិញ នៅម៉ោង ៥និង៣០នាទី រសៀលថ្ងៃដដែល ដោយគ្រាន់តែធ្វើកិច្ចសន្យា អប់រំ និងថតវីដេអូ សុំអភ័យទោស លោក ភួន ឈីម អភិបាលស្រុកបាទី និងលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ដែលអង្គភាពសារព័ត៌មានរបស់ខ្លួន បានផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលសាធារណៈ ៕