Tuesday, January 27, 2026
Homeទេសចរណ៍នាវាទេសចរណ៍យក្ស២ មកកម្ពុជា

នាវាទេសចរណ៍យក្ស២ មកកម្ពុជា

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតយក្ស ចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង មានដឹកភ្ញៀវចំនួន៥៣៨នាក់ និង ១គ្រឿងទៀត ដឹកភ្ញៀវជាង ១៨៦៨នាក់  បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងបានទទួលការស្វាគមន៍ដោយរាក់ទាក់និងកក់ក្តៅ ពីអាជ្ញាធរ និងផ្នែកជំនាញរបស់កម្ពុជា ជាមួយរបាំប្រពៃណី សម្តែងជូនទស្សនា ជាការស្វាគមន៍ការមកដល់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

តាមប្រភពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ថា នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានដឹកភ្ញៀវទេសចរ សរុបចំនួន ៥៣៨នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ។

នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥ម៉ែត្រ ប្រវែងទទឹង ២៨,០០ម៉ែត្រ ជម្រៅ ៦,០០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិក សរុបចំនួន ៤០៩នាក់ (ស្រី៨៤នាក់) មាន៤១សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ៥៣៨នាក់ (ស្រី២៦៨នាក់) មាន២៩សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហ រដ្ឋអាមេរិក ២៥៩នាក់ និងអង់គ្លេស ១២៨នាក់ ហើយនាវា ទេសចរណ៍នេះ បានចាកចេញទៅវិញ នៅវេលាម៉ោង៨យប់ ថ្ងៃដដែល។

ដោយឡែក នៅព្រឹកថ្ងៃដដែលនេះដែរ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS បានដឹកភ្ញៀវទេសចរ សរុបចំនួន ១ ៨៦៨នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ។

នាវាទេសចរណ៍ ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ម៉ែត្រ ប្រវែងទទឹង ៣២,០០ម៉ែត្រ ជម្រៅ ៨,២០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិក សរុបចំនួន ៩០២នាក់ (ស្រី២០៦នាក់) មាន៤៨សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ១ ៨៦៨ នាក់ (ស្រី ១ ០០៥នាក់) មាន ៤២សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ៦២៩នាក់ និងអង់គ្លេស ៤០៤នាក់ ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅវិញ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃដដែល៕

RELATED ARTICLES