Saturday, January 17, 2026
Homeនយោបាយយោធាថៃ ឈ្លានពានរាយលួសបន្លានៅថ្មដា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យ

យោធាថៃ ឈ្លានពានរាយលួសបន្លានៅថ្មដា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យ

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ យោធាថៃ បាននាំគ្នាមករាយលួសបន្លា និងព័ទ្ធមុខហាងអាជីវកម្មរបស់ជនជាតិចិន ជាថ្មី ដោយបិទផ្លូវ មិនអាចធ្វើដំណើរបាន នៅច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីត្រូវបានជនជាតិចិន ដែលស្នាក់នៅ ប្រកបរបររកស៊ីនៅលើទឹកដីកម្ពុជា ក្នុងតំបន់ថ្មដា បានរើលួសបន្លាថៃឈ្លានពាន ចេញពីមុហាងរបស់ពួកគាត់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ។

ស្របពេលដែលយោធាថៃ នៅតែបន្តឈ្លានពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា យ៉ាង គឃ្លើន បំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ខណកម្ពុជា បានបន្តគោរពកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួននេះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នោះដែរ ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) បានចុះមកត្រួត ពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់នៃសង្គ្រាមថៃឈ្លានពានកម្ពុជា និងការរាយបន្លាលួសរំលោភបំពានលើទឹកដីកម្ពុជា នេះផងដែរ ។

  គួរបញ្ជាក់ថា តាមរូបភាព និងវីដេអូលើបណ្ដាញសង្គម ដែលបានថតបង្ហោះនៅទីតាំងជាក់ស្តែង បង្ហាញថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ជនជាតិចិន ដែលស្នាក់នៅ ប្រកបរបររកស៊ីនៅលើទឹកដីកម្ពុជា ក្នុងតំបន់ថ្មដា បានរុះរើលួសបន្លា ចេញពីមុខហាងរបស់ពួកគាត់ និងដោតទង់ជាតិចិន នៅមុខហាងរបស់ពួកគាត់ ដើម្បីបន្តអាជីវកម្មឡើងវិញ ដោយពួកគាត់សំអាងថា នេះគឺជាទឹកដីរបស់កម្ពុជា ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ យោធាថៃ បានបន្តសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា ដោយយកលួសបន្លា មករាយព័ទ្ធមុខហាងជនជាតិចិនទាំងនោះសាជាថ្មី និងបន្តរាយបន្លារហូតដល់បិទផ្លូវបំបែកច្រមុះជ្រូក ដែលជាផ្លូវសំខាន់ តភ្ជាប់ទៅកាន់ខេត្តកោះកុង ។ សកម្មភាពនេះ មិនត្រឹមតែប៉ះពាល់ដល់ជនជាតិចិនដែលរកស៊ីនៅតំបន់នោះប៉ុណ្ណោះទេ តែក៏បានបង្កការព្រួយបារម្ភដល់ពាណិជ្ជករ និងប្រជាពលរដ្ឋនៅតំបន់ព្រំដែននោះផងដែរ ខណៈស្ថានភាពនៅទីនោះ នៅតែមិនទាន់មានសញ្ញាធូរស្រាល ។

  ក្រៅពីប្រជាពលរដ្ឋបានបង្ហោះរូបភាពនិងវីដេអូជាច្រើន នៅលើបណ្ដាញសង្គម ទាក់ទងនឹងកងកម្លាំងថៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ មករាយលួសបន្លាលើទឹកដីកម្ពុជា កាត់មុខហាងជនជាតិចិន សាជាថ្មី ព្រមទាំងបានដងទង់ជាតិចិន ចោលទាំងអស់ និងថែមទាំងបន្ដឈ្លានពាន រាយលួសបន្លាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកច្រមុះជ្រូក ទៅកាន់ខេត្ដកោះកុង ដែលរាំងការធ្វើចរាចរណ៍របស់ពលរដ្ឋខ្មែរ និងអាជីវករចិន នោះ ប្រភពអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា គិតពីច្រកព្រំដែនរវាងប្រទេសពីរ កម្ពុជា-ថៃ មានចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រ ពួកទាហានថៃ ពិតជាបានព័ទ្ធបន្លាលួស។ ប៉ុន្តែប្រភពបញ្ជាក់ថា ក្រៅពីជនជាតិចិន ទៅរើលួសបន្លាថៃឈ្លានពាននោះ មិនមានពលរដ្ឋខ្មែរ ទៅក្បែរលួសបន្លានោះទេ ដោយសារកងទ័ពថៃ ប្រដាប់អាវុធ មានវត្តមាននៅបរិវេណនោះច្រើន ។

 ជុំវិញរឿងនេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានស្ថាប័នអធិបតេយ្យ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថា ទាហានថៃ បានរាយលួសបន្លាឡើងវិញនេះ គឺបិទផ្លូវតែម្ដង ដែលមុនជនជាតិចិន រើលួសបន្លា ផ្លូវនេះអាចធ្វើដំណើរបាន ។ ដូច្នេះការឈ្លានពានរបស់ថៃ ដោយរាយលួសបន្លានៅថ្មដា នេះគឺបានរំលោភទៅលើបូរណភាពទឹកដីកម្ពុជា ហូសផែនទីខ្នាត ១/៥០ ០០០ របស់ថៃ ទៅទៀត ដោយមិនគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ហើយការរាយលួសបន្លានេះ ក៏ប៉ះពាល់ដល់ពលរដ្ឋខ្មែរ និងជនជាតិចិន ដែលរស់នៅទីនោះ ដែលមិនអាចធ្វើអាជីវកម្មបានឡើយ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការឈ្លានពានរបស់ថៃ ដោយរាយលួសបន្លា នៅថ្មដា នេះ គឺបានរំលោភទៅលើបូរណភាពទឹកដីកម្ពុជាយើង ហូសផែនទីខ្នាត ១/៥០ ០០០ របស់ថៃ ទៅទៀត ហើយការឈ្លានពាននេះ គឺបង្ហាញចេតនារបស់យោធាថៃ ហ្នឹង គឺមានន័យថា រំលោភលើបូរណភាពទឹកដីកម្ពុជាយើង ទាំងកំរោលតែម្ដង ដោយមិនគិតពីច្បាប់អន្តរជាតិ ដោយមិនគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ហើយការរាយលួសបន្លានេះ ក៏ប៉ះពាល់ទៅដល់ពលរដ្ឋខ្មែរ និងជនជាតិចិន ដែលរស់នៅទីនោះផងដែរ ដែលមិនអាចធ្វើអាជីវកម្មបាននៅទីនោះ ។ យើងឃើញថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អត់មានវិធានការអីទៅរើលួសបន្លា ឬក៏ទៅរារាំងថៃ ដែលបានរាយបន្លាលួសឡើងវិញ ហើយរាយម្ដងនេះ គឺបិទផ្លូវតែម្ដង ពីមុនអត់បិទផ្លូវទេ ផ្លូវនៅជិតហ្នឹង ។ ដូច្នេះខ្ញុំយល់ថា ដោយសារកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹងហើយ ទើបថៃឈ្លានពានខ្មែរយើង ស្រេចតែចិត្ត ហើយអត់មានវិធានការអីដើម្បីទៅទប់ស្កាត់ ដើម្បីកុំឲ្យថៃ រាយលួសបន្លានៅទីនោះ ហើយយើងឃើញថា ពីម្សិលមិញ (១៥មករា) ជនជាតិចិន ទៅរើលួសបន្លា ថ្ងៃនេះ (១៦មករា) ថៃ បានបិទផ្លូវនៅទីនោះ ដោយរាយលួសបន្លាឡើងវិញ នៅថ្មដា ហ្នឹង“ ។

ទោះជាយ៉ាងណា ប្រភពរដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កងទ័ពថៃ ពិតជាបានបិទផ្លូវត្រង់ចំណុចច្រមុះជ្រូកថ្មដា នោះមែន កាលពេលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ប៉ុន្ដែក្រោយមក ពួកគេបានរើលួសបន្លា និងត្រឡប់ទៅវិញអស់ហើយ ឯលំហូរចរាចរណ៍ មានធម្មតា ដល់ពេលនេះ ខណៈដែលនៅព្រឹកថ្ងៃនោះ ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) បានចុះមកគោលដៅច្រមុះជ្រូកនេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ក្រោយការវាយប្រហាររបស់យោធាថៃ និងការរាយលួសបន្លាឈ្លានពានទឹកដីកម្ពុជា ។

  យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្ដីពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជា តែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។  ជាមួយគ្នានេះ កម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

  ផ្អែកតាមស្មារតីខាងលើ ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំង ចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម ៖

  – នៅវេលាម៉ោង ៩:១២នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

  – នៅវេលាម៉ោង ១០:២០នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅមណ្ឌលសុខភាពហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

  – នៅវេលាម៉ោង ១០:៤០នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតំបន់ព្រំដែន នៅច្រកជ័យជម្នះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

  តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុត សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ ។

  ដោយឡែក អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ផារ៉ាច រ៉ាតតាណាឆៃផាន ( Parach Rattanachaiphan) បានអះអាងតាមប្រព័ន្ធផ្សព្វផ្សាយថៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ថា របងលួសបន្លានេះ ត្រូវបានដាក់ឡើងដោយកងកម្លាំងពិសេសដែនសមុទ្រ ត្រាត (Trat) ក្នុងគោលបំណងកំណត់ខ្សែបន្ទាត់ដាក់ពង្រាយកងទ័ព និងត្រួតពិនិត្យការគ្រប់គ្រងតំបន់ ដោយយោងទៅតាមសេចក្តីថ្លែងការណ៍រួម ដែលរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

  សម្រាប់មជ្ឈដ្ឋានតាមដាន យល់ថា ភាគីថៃ ហាក់មានការយល់ច្រឡំ ឬបន្លំនៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ ដែលបានកំណត់យ៉ាងច្បាស់ថា ភាគីទាំងពីរ ត្រូវបញ្ឈប់សកម្មភាពយោធាទាំងអស់ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋ វិលត្រឡប់ទៅរស់នៅលំនៅរបស់ខ្លួនវិញ ដោយសេរី គ្មានការរារាំង ជាពិសេសភាគីទាំងពីរ ត្រូវចៀសវាងសកម្មភាពណាដែលអាចបង្កឱ្យមានការញុះញង់ ឬបង្កហេតុបន្ថែម ។

ក្នុងនោះ ចំណុចទី៤ នៃសេចក្ដីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា «ភាគីទាំងពីរ យល់ព្រមអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ ត្រឡប់មកវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ទៅកាន់លំនៅឋាន និងជីវភាពរស់នៅធម្មតារបស់ពួកគេ នៅក្នុងតំបន់ដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួន» ។

  ចំណែកចំណុចទី៦ នៃសេចក្ដីថ្លែងការណ៍រួម ចែងថា ៖ «ភាគីទាំងពីរ យល់ព្រមមិនធ្វើសកម្មភាពបង្ករឿងដែលអាចបង្កើនភាពតានតឹងបានឡើយ។ នេះរាប់បញ្ចូលទាំងសកម្មភាពយោធា ដើម្បីចូលទៅក្នុងដែនអាកាសនិងទឹកដីរបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរ យល់ព្រមចៀសវាងការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ឬបន្ទាយណាមួយ លើសពីទឹកដីរបស់ខ្លួន» ៕ កុលបុត្រ

RELATED ARTICLES