Friday, January 9, 2026
Homeនយោបាយសម្ដេចហ៊ុន សែន អំពាវនាវជនរួមជាតិ បន្តរួបរួមជាធ្លុងមួយ សាមគ្គីរស់-ឈ្នះ

សម្ដេចហ៊ុន សែន អំពាវនាវជនរួមជាតិ បន្តរួបរួមជាធ្លុងមួយ សាមគ្គីរស់-ឈ្នះ

ភ្នំពេញ ៖ ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ៧មករា ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល តែនឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ គឺកម្ពុជា អនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវបទឈប់បាញ់ រវាងកម្ពុជា និងថៃ  នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិ សុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។ ជាមួយនេះ សម្ដេចប្រមុខគណបក្សកាន់អំណាច បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង ព្រោះសាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។

សាររបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ៧មករា ចុះថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “សូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គ, បងប្អូនជនរួមជាតិ ជាទីស្នេហា!

ថ្ងៃនេះ ជាទិវាគម្រប់ខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសា សន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងរំឭកទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិនិងប្រជាជនកម្ពុជា ក្នុងរយៈ ពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបដ៏ឃោរឃៅនេះ ។ ព្រមជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិយើងដែលគ្មានទោសពៃរ៍អ្វីទាំងអស់ រាប់លាននាក់ ដែលត្រូវស្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្រោមរបបប៉ុល ពត ហើយសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធបស់ជនរួមជាតិទាំងនោះ បានទៅប្រតិស្ឋានក្នុងសុគតិភព ជារៀងដរាប ។

បងប្អូនជនរួមជាតិ ជាទីស្នេហា! យើងពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មរបស់ប្រជាជន ដែលបង្កឡើងដោយបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចូលមកកាន់អំណាច ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅក្រោមរបបដ៏យង់ឃ្នងនេះ ប្រជាជនកម្ពុជា ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត, ជាមួយគ្នានេះ រចនា សម្ព័នសង្គមជាតិ ត្រូវបំផ្លាញឲ្យរលាយខ្ទេចខ្ទីដល់ឫសគល់ ដែលបានរុញច្រានឲ្យប្រជាជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការលាយសូន្យ។ នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជន ធ្វើការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃ ៧មករា ១៩៧៩ ។ លើមូលដ្ឋាននៃជ័យជម្នះនេះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏ត្រូវបានបង្កើតឡើង ដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនពិតប្រាកដ។ ឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់ពីយុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការវាយរំលំរបបដ៏យង់ឃ្នងនេះ ។

បន្ទាប់ពីជ័យជម្នះ ៧មករា ប្រជាជនកម្ពុជា រួមគ្នាពុះពារគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្ដារនិងកសាងមាតុភូមិឡើងវិញជាជំហានៗ ពីគំនរផេះផង់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត យ៉ាងច្រើន ប្រកបដោយមោទនភាព ហើយកំពុងបន្តឈានទៅមុខ យ៉ាងស្វា ហាប់ លើមាត់សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ គួររំឭកថា ក្នុងឆន្ទៈយ៉ាងមោះមុត យើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ ធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យ ដែលចាក់ឫសជ្រៅក្នុងសង្គម និងមានសេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿន ធ្វើឲ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ។ នេះជាការផ្លាស់ប្ដូរយ៉ាងធំធេងរបស់កម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជា បានសម្រេ ចសមិទ្ធផលជាច្រើន លើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្ដី។ ពេលនេះយើងបានឈានចូលឆ្នាំ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការ ប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី ។

បងប្អូនជនរួមជាតិ ជាទីស្នេហា! ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើង នៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើវិវឌ្ឍន៍របស់ជាតិយើង។ ជាពិសេសប្រទេសថៃ បានបង្កសង្គ្រាមរំលោភបំពានកម្ពុជា យ៉ាងកំរោល មកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែន ក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃ បានបាញ់ប្រហារ វាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងរស់នៅយ៉ាងសុខសាន្ត នៅតាមតំបន់ទាំងនោះ។ សកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ាន ឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិ ក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។

ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុច្ឆន្ទៈនិងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី តាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ ប៉ុន្តែភាគីថៃ បានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ នេះឡើយ ដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ស្ថិតក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិ ដែលតែងតែផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព មនុស្សធម៌ នីតិរដ្ឋ និងវិបុលភាពនោះ បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។

ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែង ដែលបានចូលជាធរមាន ចាប់ពីរម៉ោង ១២:០០ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជា ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនា តាមរយៈនិងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូ រអង្វែង នៅតាមបណ្តោយព្រំដែន។

 កម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំ ណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល, ទន្ទឹមនោះ កម្ពុជា នឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។ ក្នុងស្មារតីនេះ កម្ពុជា អនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញ នូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីនាំយកមក វិញនូវសន្តិភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

កម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដែលបានជួយជ្រោមជ្រែងនិងចូលរួមសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន។

បងប្អូនជនរួមជាតិ ជាទីស្នេហា! នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូប បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង និងខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុនណាឡើយ។ យើងចងចាំប្រវត្តិសាស្រ្តនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នករំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង។

ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីរំភើបឥតឧបមា ដែលបានឃើញការចូលរួមដ៏ផុលផុសរបស់បងប្អូនជនរួមជាតិ គ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ក្នុងការផ្តល់ការគាំទ្រពេញ ទំហឹង ទាំង ខាងសម្ភារៈនិងស្មារតី ដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ ។

 ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រគេនពរនិងជូនពរបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី សូមបានប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ“ ៕

RELATED ARTICLES