ភ្នំពេញ ៖ ប្រទេសចិន មិត្តដែកថែបរបស់កម្ពុជា បានចេញមុខជួយសម្របសម្រួលចរចាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយរដ្ឋមន្រ្តីការបរទេសចិន បានដឹកនាំកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃ នៅខេត្តយូណាន ប្រទេសចិន ពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ ហើយជាលទ្ធផល យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសចិន ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ចិន ស្វាគមន៍សេចក្តីថ្លែង ការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងបី បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនោះ បម្រើដល់ផលប្រយោជន៍មូលដ្ឋាន និងរយៈពេលវែង នៃប្រជាជនរបស់ប្រទេសទាំងពីរ ហើយបញ្ជូនសញ្ញាវិជ្ជមាន និងផ្តល់លក្ខណៈអំណោយផលសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដែលបង្ហាញយ៉ាងពេញលេញថា កិច្ច សន្ទនា និងការប្រឹក្សាយោបល់ គឺជាមធ្យោបាយជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាជម្លោះដែលស្មុគស្មាញ។ ភាគីទាំងបី បានធ្វើការផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅ អំពីការពង្រឹងបទឈប់បាញ់ និងការធ្វើការពីមួយជំហាន ទៅមួយជំហាន តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបន្តការធ្វើទំនាក់ទំនងប្រក្រតីឡើងវិញ, កសាងការជឿទុកចិត្តទៅវិញទៅមកផ្នែកនយោបាយ, ធ្វើឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ ប្រសើរឡើង និងរក្សាការពារស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេសចិន ជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃ នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ សម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម ៖
១. អាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិន គាំទ្រការប្តេជ្ញារបស់កម្ពុជា និងថៃ ក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ហើយផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីទាំង៣ គាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិន ត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។ យោធាចិន នឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២ កម្ពុជា និងថៃ។

២. ជំហានគន្លឹះបន្ទាប់ នោះគឺដើម្បីធ្វើការឆ្ពោះទៅរកការផ្ដើមការផ្តោះប្ដូរគ្នាជាប្រក្រតី។ ចិន ស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងការទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹក នៅតាមបណ្ដោយព្រំដែន ស្របទៅតាមសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិន ត្រៀមរួចជាស្រេច ដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់តម្រូវការជីវិតភាពនៃជនភៀសសឹក នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។
៣. កម្ពុជា និងថៃ នឹងធ្វើការដើម្បីកសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមកឡើងវិញ។ ចិន ស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញ តាមរយៈបណ្ដាញការទូត និងលើកកម្ពស់ទំនាក់ទំនងរវាងក្រសួងការបរទេស នៃប្រទេសទាំង២។ កម្ពុជា និងថៃ បានយល់ព្រមបង្កើតបរិយា កាសល្អ សម្រាប់កិច្ចប្រជុំមេគង្គ-ឡាងឆាង លើកទី៥ ដែលបានគ្រោងរៀបចំឡើងនៅក្នុងប្រទេសថៃ នៅពេលវេលាសមស្របណាមួយ និងធានានូវភាពជោគជ័យនៃកិច្ចប្រជុំនេះ។

៤. គោលដៅរយៈពេលវែង គឺធ្វើឱ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគី។ ចិន លើកទឹកចិត្តឱ្យកម្ពុជា និងថៃ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញ ដោយសន្សឹមៗ។ ចិន មានឆន្ទៈផ្តល់វេទិកានៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រ សិទ្ធភាព។


៥. ការទទួលខុសត្រូវរួម គឺរក្សាស្ថិរភាពក្នុងតំបន់។ កម្ពុជា និងថៃ បានបង្ហាញការប្តេជ្ញា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យ ក៏ដូចជាបញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងបី ឯកភាពគ្នា ចាត់វិធានការកាន់តែមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់។

កម្ពុជា និងថៃ វាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់ចិន ក្នុងការលើកកម្ពស់កិច្ចពិភាក្សារវាងប្រទេសទាំង២ ដោយបានគិតគូរអំពីកម្រិតនៃការទទួលយកបានរបស់ភាគីទាំងពីរ។ ក្នុងស្មារតីនៃលទ្ធផលកិច្ចសន្ទនាពិសាតែ ចិន-កម្ពុជា-ថៃ នៅទីក្រុង Anning កាលពីខែសីហា ចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការជួយសម្របសម្រួលកិច្ចប្រឹងប្រែងកសាងការជឿទុកចិត្ត និងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានសន្តិភាពយូរអង្វែង រវាងកម្ពុជា និងថៃ តាមរបៀបអាស៊ី ជាមួយគោលដៅកសាងសហគមន៍រួម ដែលមានជោគវាសនារួម ជាមួយបណ្តាប្រទេសជិតខាង៕ កុលបុត្រ

