ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការពឹងពាក់មេធាវីអន្តរជាតិ ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីមជ្ឈមណ្ឌលឆបោក និងការទម្លាក់គ្រាប់បែករបស់ថៃ លើទឹកដីនៃប្រទេសកម្ពុជា ដោយបញ្ជាក់ថា បណ្ដឹងនេះ បង្ហាញអំណះអំណាងពីឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយកងកម្លាំងថៃ រួមមាន ការវាយប្រហារលើគោលដៅជនស៊ីវិល និងកម្មវត្ថុស៊ីវិល ឬការវាយប្រហារទៅលើគោលដៅយោធា តាមការអះអាងក្ដី ដែលបង្កការខូចខាតដល់ជនស៊ីវិល ច្រើនលើសលប់ច្បាស់ជាក់ស្ដែង ហើយឯកសារ និងភ័ស្តុតាងនានា ត្រូវបានដាក់ជូនមេធាវីអន្តរជាតិ រួចហើយ ដែលពេលនេះ មេធាវីអន្តរជាតិ កំពុងរៀបចំដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ចុះថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានពឹងពាក់មេធាវីឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដាក់បណ្ដឹងផ្លូវការ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើបទក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយកងកម្លាំងថៃ និងការទទួលខុសត្រូវផ្នែកឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំកម្ពុជា បន្ទាប់ពីជនស៊ីវិល ដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោកក្រោមការការពារដោយរដ្ឋ ត្រូវបានទុកឱ្យប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់ ។ បណ្ដឹងនេះ ដាក់ការទទួលខុសត្រូវលើឈ្មោះភាគីទាំងពីរ សម្រាប់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើដែនដីប្រទេសកម្ពុជា ។
ព័ត៌មាននៃបណ្ដឹងនេះ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ ដែលកើតឡើងពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់ថៃ ទៅលើមជ្ឈមណ្ឌលឆបោក ដែលមានទីតាំងនៅកម្ពុជា និងការបណ្ដាលឲ្យគ្រោះថ្នាក់ជនស៊ីវិល ដែលត្រូវបានឃុំខ្លួននៅក្នុងទីតាំងទាំងនោះ ។
បណ្ដឹងនេះ បញ្ជាក់អំពីការទទួលខុសត្រូវករណីឧក្រិដ្ឋកម្ម ជាពីរផ្នែក ៖
ទី១- បណ្ដឹងនេះ បង្ហាញអំណះអំណាងពីឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយកងកម្លាំងថៃ រួមមាន ការវាយប្រហារលើគោលដៅជនស៊ីវិល និងកម្មវត្ថុស៊ីវិល ឬការវាយប្រហារទៅលើគោលដៅយោធាតាមការអះអាងក្ដី ដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់ច្បាស់ជាក់ស្ដែង ។ មជ្ឈមណ្ឌលឆបោកទាំងនោះ ត្រូវគេដឹងថា មានមនុស្សរស់នៅផ្ដុំគ្នាច្រើន ដែលជាជនរងគ្រោះនៃការជួញដូរ និងការងារបង្ខំ ហើយវត្តមានរបស់ពួកគេក្នុងទីតាំងវាយប្រហារ ត្រូវបានដឹងជាមុនទៅហើយ នៅពេលមានការវាយប្រហារ ។
ទី២- ព័ត៌មាននៃបណ្ដឹងនេះ ដាក់ការទទួលខុសត្រូវករណីឧក្រិដ្ឋកម្មដោយចំពោះ ទៅលើថ្នាក់ដឹកនាំនយោ បាយរបស់ប្រទេសកម្ពុជា ក្នុងបណ្តាញឧក្រិដ្ឋកម្មភ្ជាប់នឹងរដ្ឋ ដែលគ្រប់គ្រងនិងទទួលបានផលចំណេញពីមជ្ឈមណ្ឌលឆបោកទាំងនោះ ។ បណ្ដឹងនេះ អះអាងថា អាជ្ញាធរកម្ពុជា ៖
• បានផ្ដល់អំណាចឲ្យ និងការពារប្រព័ន្ធឧក្រិដ្ឋកម្មមួយ ដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ការឃុំខ្លួនខុសច្បាប់ និងការងារបង្ខំ ។ ប្រព័ន្ធឧក្រិដ្ឋកម្មនេះ លួចប្រាក់រាប់ពាន់លានដុល្លារ ពីជនរងគ្រោះ ដែលងាយរងគ្រោះ នៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសចិន;
• មិនបានជម្លៀសជនស៊ីវិល ដែលត្រូវបានជួញដូរទាំងនោះ ចេញពីមជ្ឈមណ្ឌលឆបោក ទោះបីជាបានដឹងច្បាស់ពីការវាយប្រហារ និងបានទទួលបានព្រមានជាបន្តបន្ទាប់ អំពីការវាយប្រហារដែលជិតមកដល់ក៏ដោយ; និង
• បានអនុញ្ញាតឱ្យប្រើប្រាស់ជនស៊ីវិល ជាខែលមនុស្ស សូម្បីតែអំឡុងការបំផ្ទុះគ្រាប់បែក បានចាប់ផ្តើមសន្ធឹកកក្រើករួចហើយ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឱ្យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការត្រួតពិនិត្យបឋម និងដើម្បីធានាថា ការទទួលខុសត្រូវ នឹងត្រូវអនុវត្ត ទាំងចំពោះអ្នកដែលទម្លាក់គ្រាប់បែក និងទាំងអ្នកដែលបានដាក់ជនស៊ីវិល ឱ្យស្ថិតនៅក្នុងផ្លូវគ្រោះថ្នាក់ ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាម្នាក់ បានមានប្រសាសន៍ថា «ករណីនេះ គឺជារឿងអំណាច អំពើពុករលួយ និងការមិនទទួលខុសត្រូវ» ដោយបន្ថែមថា «ជនស៊ីវិលត្រូវបានជួញដូរនិងឃុំខ្លួន ហើយបន្ទាប់មក ត្រូវបានទុកឱ្យក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាម ។ នេះមិនមែនជាការខូចខាតដោយចៃដន្យទេ គឺជាអំពើឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយភាគីទាំងពីរ» ។
បន្ថែមលើសេចក្ដីប្រកាសព័ត៌មានខាងលើនេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ជាសហការីលោក សម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបង្ហាញក្ដីសង្ឃឹមថា ពលរដ្ឋខ្មែរ នឹងទទួលបានយុត្តិធម៌ ហើយសង្ឃឹមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងចេញដីកាចាប់ខ្លួនមេដឹកនាំថៃ និងយោធាថៃ។ ជាពិសេស លោកបញ្ជាក់ថា លោកនិងក្រុមការងារ កំពុងមមាញឹកក្នុងការពិនិត្យមើលផែនទីខ្នាត ១/២០០ ០០០ និងឯកសារនានា ដើម្បីត្រៀមនឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បន្ទាប់ពីប្តឹង ICC រួចរាល់ ។
លោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា “រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានពឹងពាក់មេធាវីអន្តរជាតិ ដើម្បីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីការទម្លាក់គ្រាប់បែករបស់ថៃ លើទឹកដីនៃប្រទេសកម្ពុជា និងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តដោយមេដឹកនាំថៃ និងយោធាថៃ ដូចជាការប្រើប្រាស់គ្រាប់បែកចង្កោមនិងផ្សែងពុល របស់យោធាថៃ ការចាប់រំលោភស្រ្តីខ្មែរ របស់យោធាថៃ និងការផ្លោងគ្រាប់ សម្លាប់ជនស៊ីវិលកម្ពុជា រួមទាំងកុមារ ព្រមទាំងការទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារ ប្រាសាទតាក្របី វត្តអារាម សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដាក់ជូកឯកសារនិងភ័ស្តុតាងរួចហើយ ទៅមេធាវីអន្តរជាតិហើយមេធាវីអន្តរជាតិ កំពុងចងក្រងឯកសារនិងភ័ស្តុតាង ដើម្បីរៀបចំជាពាក្យបណ្តឹង ទៅ ICC ។ សង្ឃឹមថា ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងត្រូវដាក់ជូន ICC ផ្ទាល់ ដោយមេធាវីអន្តរជាតិ នៅពេលឆាប់ៗនេះ។ មេធាវីអន្តរជាតិរូបនេះ ជាមេធាវី ដ៏ល្បីឈ្មោះ លើឆាកអន្តរជាតិ។ សង្ឃឹមថា ពលរដ្ឋខ្មែរ នឹងទទួលបានយុត្តិធម៌ ហើយសង្ឃឹមថា តុលា ការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងចេញដីកាចាប់ខ្លួនមេដឹកនាំថៃ និងយោធាថៃ។

បញ្ជាក់ ៖ យើងមិនត្រូវការការផ្តិតមេដៃ ឬញត្តិគាំទ្រ ឬការចុះហត្ថលេខាគាំទ្រពីពលរដ្ឋខ្មែរ នោះទេ ព្រោះមេ ធាវីអន្តរជាតិ នឹងដាក់ពាក្យបណ្តឹងជំនួសយើង។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងពឹងពាក់មេធាវីអន្តរ ជាតិ ដើម្បីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បន្ទាប់ពីការដាក់បណ្តឹងទៅ ICC រួចរាល់។ ខ្ញុំនិងក្រុមការងារ កំពុងមរមាញឹកក្នុងការពិនិត្យមើលផែនទីខ្នាត ១/២០០ ០០០ និងឯកសារនានា ដើម្បីត្រៀមនឹងប្តឹងទៅ ICJ បន្ទាប់ពីប្តឹង ICC រួចរាល់“ ៕ កុលបុត្រ