Friday, December 19, 2025
Homeព័ត៌មានអន្តរជាតិប្រធានអាស៊ាន ថាត្រឹមថ្ងៃ ២២ធ្នូ សង្គ្រាមថៃឈ្លានពានកម្ពុជា អាចចប់

ប្រធានអាស៊ាន ថាត្រឹមថ្ងៃ ២២ធ្នូ សង្គ្រាមថៃឈ្លានពានកម្ពុជា អាចចប់

គូឡាឡាំពួ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា សង្រ្គាមថៃ ឈ្លានពានកម្ពុជា ដែលកំពុងបន្តមកដល់ពេលនេះ អាចចប់ត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជា និងថៃ បានយល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរ ទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំង២ រាលដាល់កាន់តែខ្លាំង។

  សូមរំលឹកថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)  កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញសារសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នាដោយអាវុធ រវាងកងកម្លាំងថៃ និងកម្ពុជា តាមបណ្តោយព្រំដែន។ លោកបានជំរុញឲ្យថៃ ដែលមានបំណងឈ្លានពានកម្ពុជា បញ្ឈប់សង្រ្គាមជាបន្ទាន់ ដើម្បីការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូត ដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងអាស៊ាន ហើយក្នុងនាមម៉ាឡេស៊ី ប្រធានប្ដូរវេនអាស៊ាន លោកប្តេជ្ញាចូលរួមសម្របសម្រួល ស្តារសន្តិភាព និងទប់ស្កាត់ការកើតសង្រ្គាមឡើងវិញ ។

សាររបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម ដែលបង្ហោះនៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយ អាវុធ រវាងកងកម្លាំងកម្ពុជា និងថៃ តាមបណ្តោយព្រំដែនរួមរបស់ពួកគេ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ ការប្រយុទ្ធគ្នាឡើងវិញនេះ ប្រឈមនឹងហានិភ័យនៃការបំផ្លាញស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ។ ប្រទេសថៃ និងកម្ពុជា គឺជាដៃគូជិតស្និទ្ធរបស់ប្រទេសម៉ាឡេស៊ី និងជាសមាជិកសំខាន់ៗរបស់អាស៊ាន។ យើងសូមជំរុញឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់អតិបរមា រក្សាបណ្តាញទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមាន។ ប្រទេសម៉ាឡេស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងចៀសវាងឧប្បត្តិហេតុបន្ថែមទៀត។ តំបន់របស់យើង មិនអាចមានលទ្ធភាពមើលឃើញជម្លោះយូរអង្វែង ធ្លាក់ចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នានោះទេ។ អាទិភាពបន្ទាន់ គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូត ដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាង ដែលអាស៊ាន ពឹងផ្អែក“ ។

 ដោយឡែក មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Straitstimes លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានប្ដូរវេនអាស៊ាន បានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំំ២០២៥ ខាងមុខនេះ មានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជា ទប់ស្កាត់កុំឱ្យភាពតានតឹងកើនឡើងរឹតតែខ្លាំង នៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ខណៈមេដឹកនាំនៃប្រទេសទាំង២ ក៏មានបំណងបញ្ចប់ជម្លោះ ឱ្យបានកាន់តែឆាប់ផងដែរ ។ ដូច្នេះលោករំពឹងថា សង្រ្គាមរវាងប្រទេសទាំងពីរ អាចចប់ ត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

 តាមពិតទៅ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដើម្បីពិភាក្សា និងវាយតម្លៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដំបូងឡើយគ្រោងធ្វើនៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ តែត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ តាមសំណើរបស់ភាគីថៃ ខណៈដែលសង្គ្រាមថៃ ឈ្លានពានកម្ពុជា គិតមកដល់ថ្ងៃទី១៩ ខែធ្នូនេះ បានឈានចូលដល់ថ្ងៃទី១២ ដែលបានបង្កឱ្យជនស៊ីវិលកម្ពុជា ស្លាប់កើនដល់ ១៥នាក់ របួស៧៤នាក់ និងជនភៀសសឹកឡើងដល់ជាង ៤០ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ។ 

  បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Asean Bernama នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសម៉ាឡេស៊ី  បានបញ្ជាក់ថា ការកោះប្រជុំពិសេសរដ្ឋ មន្ត្រីរដ្ឋការបរទេសអាស៊ាន គឺធ្វើឡើងតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ អនុធិន ឆានវីរៈគូន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍រវាងកម្ពុជា និងថៃ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តស្នើឱ្យភាគីកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នា ហើយថា លោកនៅតែទំនាក់ទំនងជាមួយមេដឹកនាំនៃប្រទេសកម្ពុជា និងប្រទេសថៃ រាល់ថ្ងៃ។

 ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសៀវភៅមួយ នៅឯវិទ្យាស្ថានអន្តរជាតិនៃការសិក្សាអ៊ិស្លាមកម្រិតខ្ពស់ (IAIS) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកអាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា ការពន្យារពេលនេះ ធ្វើឡើងតាមសំណើរបស់ភាគីជម្លោះទាំងពីរ ពោលគឺកម្ពុជា-ថៃ សុំលើកពេលបន្តិចសិន ដើម្បីធានាថា គ្រប់យ៉ាងនឹងដំណើរការទៅបានដោយរលូន ហើយលោកបន្តអំពាវនាវឲ្យប្រទេសទាំងពីរ ឈប់ប្រយុទ្ធគ្នា ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅ ហើយលោកនៅតែទាក់ទងមេដឹកនាំទាំងពីរ ជាប្រចាំ ។

បើតាមប្រធានប្ដូរវេនអាស៊ាន នៅក្នុងប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ  កម្ពុជា និងថៃ ក៏បានយល់ព្រមឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃប្រទេសទាំង២ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។ ដូច្នេះសម្រាប់រយ:ពេល ៥ថ្ងៃទៀត ស្ថានភាពលើសមរភូមិ អាចនឹងតានតឹងខ្លាំង ដែលទាមទារឲ្យយោធាកម្ពុជា ប្រុងប្រយត្ន័កម្រិតខ្ពស់ ព្រោះយោធាថៃ អាចនឹងវាយលុកកាន់តែខ្លាំង ដើម្បីកាន់កាប់ទីតាំងមួយចំនួន មុនកិច្ចចរចាឈប់បាញ់។

  សម្រាប់ភាគីកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា រង់ចាំចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ ហើយសង្ឃឹមថា កិច្ចប្រជុំនេះ នឹងសម្រេចបានលទ្ធផលវិជ្ជមានដល់គ្រប់ភាគី ។

  លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា កម្ពុជា រង់ចាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ជជែកពីបញ្ហាព្រំដែននេះ គឺយើងសូមស្វាគមន៍ចំពោះការជួយសម្របសម្រួលរបស់ម៉ាឡេស៊ី ក្នុងការកោះប្រជុំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ។

 សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំឲ្យមានបទឈប់បាញ់កម្ពុជា-ថៃ កាលពីខែកក្កដា និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ មានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ធ្វើជាសាក្សី ទៀតផង។ ជាពិសេស ចាប់តាំងពីថៃ បើកការវាយប្រហារកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ខណៈដែលមិនទាន់ឃើញមានប្រទេសណាចេញមុខថ្កោលទោសថៃ នៅឡើយនោះ ម៉ាឡេស៊ី និងអាមេរិក បានបន្តចេញមុខប្រាប់ថៃ និងកម្ពុជា ឲ្យអនុវត្តបទឈប់បាញ់ តែថៃ មិនព្រមស្តាប់ ដោយលោកអនុធិន ឆានវីរៈគូន នាយករដ្ឋមន្រ្តីថៃ បានបោះសម្តីតបទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងគឃ្លើនថា ប្រទេសថៃ នឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់មានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដីនិងប្រ ជាជនរបស់ខ្លួនទៀត ខណៈដែលថៃ ជាភាគីបង្កសង្គ្រាមវាយប្រហារមកលើកម្ពុជា មុនដល់ទៅ ២៤ម៉ោង  ទើបកម្ពុជា សម្រេចចិត្តតបត ទប់ទល់ដើម្បីការពារខ្លួន ការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនដែលរងការរំលោភឈ្លានពានដ៏កំរោលពីទាហានថៃ៕ កុលបុត្រ

RELATED ARTICLES