Thursday, October 2, 2025
Homeព័ត៌មានជាតិអ្នកដឹកនាំប្រទេស មេបក្សជំនាន់ថ្មីថា ធ្វើអ្នកនេសាទមនុស្ស កុំធ្វើអ្នកនេសាទត្រី

អ្នកដឹកនាំប្រទេស មេបក្សជំនាន់ថ្មីថា ធ្វើអ្នកនេសាទមនុស្ស កុំធ្វើអ្នកនេសាទត្រី

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា អវិជ្ជា អាចសម្លាប់សក្តានុពលរបស់មនុស្ស ដូច្នេះអ្នកដឹកនាំប្រទេស ឬអ្នកនយោបាយ ត្រូវធ្វើជាអ្នកនេសាទមនុស្ស កុំនាំគ្នាធ្វើជាអ្នកនេសាទត្រី ដែលលោកចង់សំដៅដល់អ្នកដឹកនាំប្រទេសកម្ពុជា ឱបក្រសោប ឲ្យតម្លៃអ្នកចេះដឹង បង្កើតបញ្ញានៃពហុគំនិត ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ ខ្លាំងរឹងមាំដូចប្រទេសតូចៗផ្សេងទៀត នៅលើពិភពលោក មានដូចជា សិង្ហបុរី តូចល្អិត ប៉ុន្តែប៉ះរលាក កម្តៅស្មើនឹងភ្នំភ្លើង និងអ៊ីស្រាអែល តូចខ្លឹម ត្រូវហ៊ុមព័ទ្ធដោយហ្វូងចចក ទាំង៦ នៅតែរឹងមាំ ពុះពារឥតស្រាកស្រាន្ត ដោយសារពាក្យថា សាមគ្គីជាតិ ដ៏រឹងមាំបំផុត។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា ការដែលលោកបានលើកឡើងថា ក្នុងនាមអ្នកដឹកនាំ កុំធ្វើជាអ្នកនេសាទត្រីនោះ គឺកុំឲ្យបង្ហាញគាំទ្រ លើកតម្កើងតែជនទុច្ចរិត ហើយបែរជាបំផ្លាញ កម្ទេចជនដែលមានចំណេះដឹង ដែលចង់ឲ្យសង្គមជាតិរុងរឿង ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! ក្នុងន័យដែលខ្ញុំចង់ពន្យល់បង្ហាញថា ក្នុងនាមជាអ្នកដឹកនាំហ្នឹង ត្រូវធ្វើជាអ្នកនេសាទមនុស្ស ។ អ៊ីចឹងក្នុងនាមយើងជាអ្នកដឹកនាំប្រទេស ចង់ឲ្យមានសន្តិភាព មានសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ និងសន្តិសុខជាតិ ស្ថិរភាព ហើយប្រទេស មានការរីកចម្រើន កសាងបែបណាៗ ទៅក្លាយជាប្រទេសដែលមានអំណាចខាងសេដ្ឋកិច្ច យោធា គឺថាប្រជាពលរដ្ឋមានការងារធ្វើ មានអី ទៅនឹងអ្វីក្នុងនាមជាអ្នកដឹកនាំ ដឹកហើយនិងនាំទៅរកត្រើយសុភមង្គល និងសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជារាស្រ្ត គឺខ្ញុំចង់បញ្ហាថា អ្នកដឹកនាំ ត្រូវឱបក្រសោបអ្នកចេះដឹង តម្កល់ផលប្រយោជន៍នៃអ្នកដែលមានចំណេះដឹង វិជ្ជាជីវៈក្នុងផ្នែកអភិវឌ្ឍ ក្នុងផ្នែកបច្ចេកទេស យុគវិជ្ជាវិទ្យាសាស្រ្ត ក៏ដូចជាបញ្ហាផ្សេងៗដែលជាចំណេះដឹង អ្នកប្រាជ្ញ បណ្ឌិត វិញ្ញូជនអីហ្នឹង គឺថា យកមកឱបក្រសោប ហើយផ្ដល់ឱកាស និងឲ្យគុណតម្លៃនៃចំណេះដឹង បញ្ញាញាណរបស់ពួកគាត់ហ្នឹង ធ្វើការកែច្នៃក្នុងការបង្កើតជាបញ្ញា នៃពហុគំនិត មេគំនិត ដើម្បីធ្វើយ៉ាងម៉េចឲ្យប្រទេសរីកចម្រើនគ្រប់វិស័យ ក្នុងការដឹកនាំប្រទេស ទៅរកការរីកចម្រើន ភាពខ្លាំងរឹងមាំ ក្នុងការកសាងប្រទេសជាតិ ដែលអាចទទួលយកបាននៅលើពិភពលោកហ្នឹង គឺក្នុងន័យអ៊ីចឹង»។

លោក មាជ សុវណ្ណារ៉ា បន្តថា «គឺក្នុងន័យថា យើងត្រូវតែឱបក្រសោប ឲ្យគុណតម្លៃអ្នកចេះដឹង រុញច្រានពួកគាត់ ឲ្យគាត់ជាតំណាងនៃកិត្តិយសនិងកេរ្តិ៍ឈ្មោះ កិត្យានុភាព ភាពរឹងមាំ ភាពខ្លាំងរបស់កម្ពុជា ហ្នឹង ប្រទេសរបស់ខ្លួនហ្នឹង នៅលើឆាកអន្តរជាតិ ក្នុងស្នាដៃ ទេពកោសល្យបែបណា ដូចជាយើងឆ្លុះបញ្ចាំងដូចជាប្រទេសអាមេរិក ប្រទេសចិន ក៏ដូចជាប្រទេសលោកខាងលិច ក៏ដូចជាសហភាពអឺរ៉ុប ហើយនិងភាពខ្លាំងក្លា ប្រទេសតូច តែតូចខ្លឹម ខ្លាំង ដូចជាប្រទេសអ៊ីស្រាអែល សាំងហ្គាពួរ អីអ៊ីចឹង គឺថាប្រទេសខ្លាំង ហើយរៀនរស់ ហើយបង្កើតនូវភាពអស្ចារ្យរបស់ប្រទេសគេហ្នឹង គឺក្នុងន័យថាអ៊ីចឹង ក្នុងន័យថា នេសាទមនុស្សហ្នឹង យកអ្នកចេះដឹង តម្កល់ជាអ្នកដួងព្រលឹង ជាអ្នកផ្ដល់នូវគំនិតស៊ីជម្រៅ ហើយមានភាពខ្លាំងក្នុងការកែច្នៃប្រទេសហ្នឹង ឲ្យលេចធ្លោអណ្ដែតឡើង គួរឲ្យកោតស្ញប់ស្ញែងនៅលើពិភពលោក កុំនាំគ្នាធ្វើតែជាអ្នកនេសាទត្រី មានន័យថា យើងដឹងហើយ ត្រី គ្រាន់តែជាចំណីហូបហើយចប់ ត្រី គឺគ្មានគំនិតបញ្ញាញាណអី ក្រៅតែពីដាក់ចំណី គាត់ងាយនឹងទាក់នុយ ងាយនឹងទទួលរងគ្រោះហានិភ័យសព្វបែបយ៉ាង ក្នុងនាមថា មិនមានសភាវគតិក្នុងការគូសវាសនៃទេពកោសល្យ បញ្ញាញាណអីទេ គឺក្រៅតែពីត្រី ជាចំណីរបស់មនុស្ស សត្វ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយបានខ្ញុំចង់ថា យើងជាអ្នកដឹកនាំ ត្រូវធ្វើជាអ្នកនេសាទមនុស្ស កុំនាំគ្នាធ្វើជាអ្នកនេសាទត្រី គឺបានតែមួយហូប បានតែមួយលក់ ប្រចាំថ្ងៃ ទៅ១ថ្ងៃហ្នឹង វាគ្មានចក្ខុវិស័យ គ្មានអីក្នុងការគាំទ្រ រុញច្រានជាសសរទ្រូង សសរស្ដម្ភរបស់ប្រទេសជាតិអីទេ ។ អាហ្នឹងក្នុងន័យដែលខ្ញុំចង់បង្ហាញហ្នឹង គឺថាអត្ថានុរូប អត្ថប្បដិរូប ដើម្បីបង្ហាញនូវសត្យានុម័ត ទិដ្ឋភាព តថភាពនៃសង្គមប្រទេសកម្ពុជា ទៅនឹងអ្វីដែលយើងជាអ្នកដឹកនាំ មិនត្រូវទៅឱបក្រសោបពួកជនទុច្ចរិត ពួកខិលខូច ដែលបង្កអសិ្ថរភាព ដែលធ្វើឲ្យសង្គមជាតិហ្នឹង អាប់យស ដោយសារតែអំពើទុច្ចរិត អំពើណាផ្ទុយនឹងច្បាប់ប្រទេសជាតិ ។ អាហ្នឹងហើយដែលជារបៀបថា ក្នុងនាមជាអ្នកដឹកនាំ កុំធ្វើជាអ្នកនេសាទត្រីហ្នឹង គឺថាកុំបង្ហាញគាំទ្រតែពួកជនទុច្ចរិត ហើយលើកតម្កើងជនទុច្ចរិត បែរជាបំផ្លាញ កម្ទេចជនដែលគេមានចំណេះដឹង ជនដែលគេចង់ឲ្យសង្គមជាតិ រុងរឿង បែរជាមិនយកចិត្តទុកដាក់ មិនឲ្យតម្លៃ ហើយយើងឲ្យតម្លៃតែជនបំផ្លាញជាតិ បំផ្លាញសង្គម បង្កើតនូវអំពើទុច្ចរិត អំពើអមនុស្សធម៌ អំពើអបាយមុខ ឧក្រិដ្ឋកម្ម ឧក្រិដ្ឋជនផ្សេងៗជាច្រើន ធ្វើឲ្យសង្គមជាតិ អាប់ឱន ចុះទន់ខ្សោយ គឺអាហ្នឹងហើយ ជាន័យដែលខ្ញុំចង់ថា ត្រូវតែចែកឲ្យដាច់ រវាងអ្នកមានបញ្ញា ទៅនឹងជនដែលទុច្ចរិត បង្កភាពអវិជ្ជា ធ្វើឲ្យប្រទេសជាតិ ធ្លាក់ចុះហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES