Thursday, September 11, 2025
Homeព័ត៌មានជាតិក្រុមអ្នកសង្កេតកាណ៍អន្តរកាល ដឹកនាំដោយម៉ាឡេស៊ី មកដល់កម្ពុជា

ក្រុមអ្នកសង្កេតកាណ៍អន្តរកាល ដឹកនាំដោយម៉ាឡេស៊ី មកដល់កម្ពុជា

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយក នៃនាយកដ្ឋានបណ្តុះបណ្តាល បញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM)  និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានរបស់ក្រុមអ្នកសង្កេត ការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេស មានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្រប សម្រួលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស កម្ពុជា-ថៃ ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ សកម្មភាពនេះ កើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។

សូមបញ្ជាក់ថា កន្លងទៅនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅទស្សនកិច្ច សង្កេតការណ៍លើការអនុវត្តបទឈប់បាញ់ នៅតាមព្រំដែនកម្ពុជា-ថៃ ជាបន្តបន្ទាប់ រាប់ចាប់តាំងពីក្រោយមានបទឈប់បាញ់កម្ពុជា-ថៃ រហូតមកដល់ពេលនេះ  ដើម្បីជំរុញឲ្យភាគីទាំង២ អនុវត្តឲ្យបានពេញ លេញនិងមានប្រសិទ្ធភាពនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលបានឯកភាពគ្នាជាបន្តបន្ទាប់កន្លងទៅ សំដៅធ្វើឲ្យមានសន្តិភាពយូរអង្វែង និងធ្វើឲ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មកប្រក្រតីភាពវិញ៕ ខៀវទុំ

RELATED ARTICLES