ខេត្តព្រះសីហនុ ៖ បុរសជាជនបរទេសម្នាក់ កំពុងជិះម៉ូតូជាមួយមិត្តភក្តិតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យ ១ក្រុម បើករថយន្តបំបុក ម៉ូតូបណ្តាលឱ្យដួល រួចចុះទៅចាប់ញាត់ចូលរថយន្ត ដឹកយកទៅបង្ខាំងទុក វាយដំធ្វើទារុណកម្ម ជំរិតទារប្រាក់បានជាង១ម៉ឺនដុល្លារ តែមិនព្រមដោះលែង បន្តធ្វើទារុណកម្មជំរិតទារលុយថែម ៣ម៉ឺនដុល្លារទៀត ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យ សរុបចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្មជំរិតទារប្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខហាងកាហ្វេ ប្រោន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រហូតដល់វេលាម៉ោង ១រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ សហ ការជាមួយសមត្ថកិច្ចជំនាញខេត្តកំពត ចុះស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ នៅចំ ណុចកោះស្មៅ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ SAMI RAO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរលក់បាយ មានលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះ WASSI RAJ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរលក់បាយ មានលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី៣-ឈ្មោះ ATIQ UR REHMAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៤-ឈ្មោះ SAMEER KHAN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ មានករណីចាប់ បង្ខាំងមនុស្ស ដោយខុសច្បាប់ និងធ្វើទារុណកម្មជំរិតទារប្រាក់ កើតឡើងនៅចំណុចមុខហាងកាហ្វេ ប្រោន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យ ចំនួន៤នាក់ បានធ្វើសកម្មភាពបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ទៅបំបុកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ RAHMAN MD AFZANUR ដែលជិះគ្នាចំនួន៣នាក់ បណ្តាលឱ្យដួលម៉ូតូ ហើយភ្លាមនោះ ក្រុមជនសង្ស័យបានចុះពីលើរថយន្ត ចាប់ជនរងគ្រោះញាត់ចូលក្នុងរថយន្ត ហើយបើកគេចចេញពីកន្លែងកើតហេតុ រួចវាយធ្វើបាបទៅលើជនរងគ្រោះ និងគំរាមឱ្យជនរងគ្រោះ បើកទូរស័ព្ទចូលក្នុងកុងធនាគារផ្ទេរប្រាក់ទាំងអស់ឱ្យជនសង្ស័យ បើជនរងគ្រោះ មិនព្រមផ្ទេរប្រាក់ទេ ក្រុមជនសង្ស័យនឹងវាយសម្លាប់ចោល។
ក្រោយមក ជនរងគ្រោះ ខ្លាចគេសម្លាប់ ក៏បានផ្ទេរប្រាក់ឱ្យទៅក្រុមជនសង្ស័យនោះទាំងអស់ សរុបចំនួន ១២ ៥០០ដុល្លារ។ បន្ទាប់ពីជនរងគ្រោះបានផ្ទេរប្រាក់ឱ្យរួចហើយ ក្រុមជនសង្ស័យបានដឹកជនរងគ្រោះ ទៅខេត្តកំពត ហើយនាំជនរងគ្រោះចូលក្នុងបន្ទប់ផ្ទះសំណាក់ ១កន្លែង ក្នុងខេត្តកំពត រួចវាយធ្វើទារុណកម្មទៅលើជនរងគ្រោះ ថតវីដេអូផ្ញើមកមិត្តភក្តិរបស់ជនរងគ្រោះ ដើម្បីគំរាមទារប្រាក់ ចំនួន៣ម៉ឺនដុល្លារបន្ថែមទៀត បើមិនដូចច្នេះទេ នឹងសម្លាប់ជនរងគ្រោះចោល។ ក្រោយមក មិត្តភក្តិរបស់ជនរងគ្រោះ បានឡើងមកកាន់អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីរាយការណ៍ប្តឹងជូនសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ។
បន្ទាប់ពីទទួលបណ្តឹង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ កំណត់បានភិនភាគជនសង្ស័យ រហូតដល់វេលាម៉ោង ១រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចុះប្រតិបត្តិការលើករណីខាងលើ នៅចំណុចកោះស្មៅ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយឃាត់ខ្លួនជនសង្ស័យបាន ចំនួន៤នាក់ខាងលើ និងរំដោះជនរងគ្រោះ រួចនាំខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន៥គ្រឿង (១-ម៉ាក iPhone 15Pro Max ពណ៌ស ២-ម៉ាក iPhone 15Pro Max ពណ៌ប្រផេះ ៣-ម៉ាក iPhone 15Pro Max ពណ៌ស ៤-ម៉ាក iPhone 13 ពណ៌ស ៥-ម៉ាក iPhone 11 ពណ៌ខ្មៅ) និងលិខិតឆ្លងដែន ចំនួន២ក្បាល។
ជនសង្ស័យទាំង៤នាក់ខាងលើ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕