ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារសុខភាព ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីវិធានការការពារសុខភាព ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ប្រព្រឹត្តទៅប្រកបដោយសុខុមាលភាព ក្រសួងសុខាភិបាល សូមអំពាវនាវនិងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ អនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាព បណ្តាលជាយថាហេតុមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ដូចខាងក្រោម ៖
១- បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា
– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេស បន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ។
– ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ព្រមទាំងកុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព។
– សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ។
– ទុកដាក់អាហារឆៅនិងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាពធម្មតា លើសច្រើនម៉ោង (ត្រូវរក្សាអាហារនៅសីតុណ្ហភាពត្រជាក់ តិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្អូម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ ក្អួត ជាដើម)។
– ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។
– កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
– មេតាណុល មិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុល ផលិតស្រា-ស និងស្រាថ្នាំ។
– បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រា-ស ឬស្រាថ្នាំ ដែលផលិតឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
– ដាច់ខាតមិនត្រូវលក់ ទិញ ឬពិសាស្រា-ស ឬស្រាថ្នាំ មានសារធាតុមេតាណុល ដែលអាចបង្កគ្រោះថ្នាក់ខ្លាំងរហូតដល់បាត់បង់ជីវិត។
២- រក្សាសុវត្ថិភាពពេលធ្វើដំណើរ ៖
– ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ចៀសវាងមធ្យោបាយធ្វើដំណើរដែលមានផ្ទុកមនុស្សច្រើនហួសហេតុ។
– ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក ដែលអាចកើតមានដោយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ កុំពិសាគ្រឿងស្រវឹង មុនឬនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្តីស្លាប់។
៣-បង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និង ជំងឺឆ្លងផ្សេងៗ ៖
– ត្រូវចៀសវាងការក្អក ឬកណ្តាស់ សាយភាយដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល។
– កុំប៉ះពាល់ ឬទទួលទានមាន់ ទា ឈឺឬងាប់។
– ពាក់ស្រោមដៃនិងម៉ាស ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ ទា ធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។
– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ ទាំងនៅក្នុងនិងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។
– ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យនិងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុត ជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺ គ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលមិនមានសមត្ថភាពព្យាបាលជំងឺគ្រុនឈាម ឱ្យសោះ។
– សូមអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ ជួយធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពចំណីអាហារ នៅតាមទីតាំងនានា និងរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ នៅតាមទីវត្តអារាម (កុំទុកដាក់ច្របូកច្របល់គ្នា) ដើម្បីចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព និងទប់ស្កាត់ការលក់ស្រាបិតឬលាយ គ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចៀសវាងយកសារធាតុមេតាណុល លាយធ្វើស្រា-ស ឬស្រាថ្នាំ ដែលបង្កឱ្យពុលនិងបាត់បង់អាយុជីវិត។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យប្រជាជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឱ្យបុគ្គលគ្រប់រូប ជួបនូវសុខភាពល្អ សុវត្ថិភាព និងចៀសផុតនូវជំងឺផ្សេងៗ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕