ភ្នំពេញ ៖ យុវជន២នាក់ ទើបនឹងត្រឡប់មកពីដើរលេងយប់ ស្រាប់តែនៅតាមផ្លូវ បានជួបនឹងទំនើង ១ក្រុមធំ មានគ្នាប្រមាណ ៤០នាក់ ជិះម៉ូតូប្រមាណ ២០គ្រឿង បានដេញតាមវាយនិងធាក់ផ្តួលម៉ូតូ បណ្តាលយុវជនម្នាក់បោកក្បាលនឹងខឿនចិញ្ចើមផ្លូវ ស្លាប់នៅនឹងកន្លែងមួយរំពេច និងម្នាក់ទៀត រងរបួសស្រាល។ ចំណែកក្រុមជនដៃដល់ បាននាំគ្នាជិះម៉ូតូគេចបាត់អស់។

ហេតុការណ៍ខាលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានយុវជន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1Z-4897 បានធ្វើដំណើរចេញពីកោះពេជ្រ ឆ្ពោះមកផ្សារខេ ម៉ល ដើម្បីអង្គុយលេង ទិសដៅពីកើត មកលិច លុះពេលជិះមកដល់ផ្សារដីថ្មី ស្រាប់តែមានក្មេងទំនើង ១ក្រុមធំ មានគ្នាប្រមាណ ៤០នាក់ ជិះម៉ូតូជាង២០គ្រឿង បានជិះដេញតាមពីក្រោយ ដេញវាយនិងធាក់ បណ្តាលឱ្យយុវជនទាំង២នាក់ ដួលម៉ូតូ ក្នុងនោះយុវជនម្នាក់ បានបោកក្បាលទៅនឹងខឿនផ្លូវ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសស្រាល។ ចំណែកក្រុមក្មេងទំនើង បាននាំគ្នាជិះម៉ូតូ រត់គេចបាត់ស្រមោលអស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះមកយកម៉ូតូទៅរក្សាទុក និងធ្វើការស្រាវជ្រាវរកក្រុមក្មេងទំនើងដែលបង្កហេតុ ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕