ភ្នំពេញ ៖ ប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីណង់ ម៉ារកូស ចេអា នឹងអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះ រាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លេខ បព ២៩/២០២៥ កបទ.សអ ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Ferdinand Romualdez Marcos Jr. នឹងអញ្ជើញជួបជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ លោក Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជា ទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណ ក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពនិងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជា ជនទាំងពីរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos Jr. ចាប់តាំងពីលោកបានកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយលោកជាប្រធានាធិបតីហ្វីលីពីន ទីពីរ ដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីលោក រ៉ូឌ្រីហ្គោ ឌូតឺរតេ អតីតប្រធានាធិបតីហ្វីលីពីន ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៦។
សូមរំលឹកដែរថា កាលពីថ្ងៃទី១០-១១ ខែកុម្ភ: ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន តាមការអញ្ជើញរបស់ លោកហ្វឺឌីណង់ ម៉ារកូស ចេអា ប្រធានាធិបតីហ្វីលីពីន។

តាមទិន្នន័យពាណិជ្ជកម្មទំនិញអន្តរជាតិ របស់កម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងឆ្នាំ២០២៤ មានប្រមាណ ៨០លានដុល្លារ។ កម្ពុជា នាំចេញទៅហ្វីលីពីន មានទំហំប្រមាណ ៤៧,៩លានដុល្លារ និងនាំចូលពីហ្វីលីពីន មានទំហំ ៣៩,៤លានដុល្លារអាមេរិក៕ ខៀវទុំ