Thursday, September 4, 2025
Homeព័ត៌មានជាតិលោកស្រី ឈី វ៉ា ចូលកាន់តំណែងអភិបាលខេត្តកោះកុង

លោកស្រី ឈី វ៉ា ចូលកាន់តំណែងអភិបាលខេត្តកោះកុង

ខេត្តកោះកុង ៖ លោកស្រី ឈី វ៉ា បានចូលកាន់តំណែងអភិបាលខេត្តកោះកុង ជាផ្លូវការ ចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីពិធីប្រកាសចូលកាន់មុខតំណែងខេត្តកោះកុង ត្រូវបានប្រារព្ធក្រោមវត្តមានលោកបណ្ឌិត ស សខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលមហោស្រពសាលាខេត្តកោះកុង។

លោកស្រី ឈី វ៉ា ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្រោយកាន់តំណែងជាអភិបាលខេត្តកោះកុង ២ អាណត្តិរួចមក។ ចាប់ពីឆ្នាំ២០១៧ មក លោកស្រី មិថុនា ភូថង បានក្លាយជាស្ត្រីដំបូងដែលទទួលតំណែងជាអភិបាលខេត្តកោះកុង រហូតដល់ផុតអាណត្តិទីពីររបស់ខ្លួន។

វត្តមានរបស់លោកស្រី ឈី វ៉ា នាំឱ្យខេត្តតំបន់សមុទ្រមួយនេះ ក្លាយជាខេត្តដំបូងដែលមានស្ត្រីកាន់តំណែងជាអភិបាលខេត្ត ២លើក ជាប់គ្នា។

មុនឡើងជាអភិបាលខេត្ត លោកស្រី ឈី វ៉ា បានកាន់តំណែងជាអភិបាលរងខេត្តកោះកុង ចាប់ពីឆ្នាំ២០២២ និងក៏មានតួនាទីជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។

គួរបញ្ជាក់ថា លោកស្រីឈី វ៉ា គឺជាកូនស្រីរបស់ព្រឹទ្ធាចារ្យ រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីឆ្នាំ២០២០៕

RELATED ARTICLES