Wednesday, September 3, 2025
Homeសន្ដិសុខសង្គមថៃចាប់ពលករខ្មែរ១៦នាក់ លួចឆ្លងដែនខុសច្បាប់

ថៃចាប់ពលករខ្មែរ១៦នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ចំនួន១៦នាក់ ក្នុងនោះមានស្រី៥នាក់ ត្រូវបានទាហានថៃចាប់ខ្លួន ខណៈដែលពួកគេលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចចម្ការអំពៅ១កន្លែង ស្ថិតក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលកម្លាំងយោធាកងរយលេខ ១២០៤ កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន បានប្រទះឃើញពលករខ្មែរទាំងនោះកំពុងពួនសម្ងំនៅក្នុងចម្ការអំពៅ។

ក្រោយពីបានសាកសួរពួកគេបានសារភាពថា កន្លងមកពួកគេធ្លាប់ធ្វើការជាកម្មករសំណង់នៅក្នុងប្រទេសថៃ ក្រោយពីត្រឡប់ទៅកាន់លំនៅឋានមួយរយៈ ក៏បានបបួលគ្នាចូលទៅប្រទេសថៃ វិញ ដើម្បីធ្វើការងារបន្ត ដោយជួលមេខ្យល់នាំផ្លូវក្នុងម្នាក់ ៦០០០បាត ប៉ុន្តែពួកគេបាន ប្រគល់លុយឱ្យមេខ្យល់មុន ក្នុងម្នាក់ត្រឹមតែ ១៥០០បាតតែប៉ុណ្ណោះ លុះត្រាតែដល់ទីតាំងធ្វើការ ទើបឱ្យលុយបង្គ្រប់ តែក៏ត្រូវចាប់ខ្លួនតែម្តង។ ដោយឡែកមេខ្យល់ បានរត់គេចខ្លួនបាត់។

ក្រោយពីបានសាកសួរ និងត្រួតពិនិត្យរួចមក កម្លាំងយោធាថៃ បានបញ្ជូនពលករខ្មែរទាំងអស់ទៅកាន់ស្នាក់ការកងរយលេខ ១២០៤ ដើម្បីសាកសួរបន្ត មុននឹងបញ្ជូនទៅអធិការដ្ឋានតម្រួតនៅស្រុកអារញ្ញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

RELATED ARTICLES