ភ្នំពេញ ៖ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្ពុជា បានរងឥទ្ធិពលព្យុះទី១៤ ឈ្មោះណងហ្វា (Nongfa) T2514 ដែលធ្វើឱ្យតាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជា មួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ព្យុះទី១៤ ឈ្មោះណងហ្វា (Nongfa) T2514 បានថយឥទ្ធិពលទៅជាសម្ពាធទាប មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជា ណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិមនិងពាយ័ព្យ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០ភាគ រយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕