អាមេរិកៈលោកគួច ខេវិន បានទៅដល់អាមេរិកកាលពីថ្ងៃទី២២ ខែសីហា ដើម្បីត្រៀមចូលរួមមង្គលការក្មួយស្រីរបស់លោកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។មុនដល់ថ្ងៃរៀបអាពាហ៍ ពិពាហ៍ ក្មួយស្រីលោកគួច ខេវិន ក៍ បានទៅជួបលោកតូនីសុន (Tony Son)ដែលជាកូនប្រុសរបស់លោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន បច្ចុប្បន្នរស់នៅរដ្ឋកាលីហ្វ័រញ៉ា ទីក្រុងឡងប៊ិច (Long Beach) នឹងត្រៀមទៅជួបលោកអតីតតារាសម្ដែងលោកហង្ស ឈា នៅថ្ងៃទី៣១ ខែសីហា ដែលកំពុងរស់នៅរដ្ឋ Massachusetts រដ្ឋធានី Boston ផងដែរ ក្រោយបែកគ្នាជាច្រើនឆ្នាំ ។




លោកគួច ខេវិន បង្ហាញអារម្មណ៍រីករាយនៅពេលដែលទទួលបានការរាប់អានដ៍រាក់ទាក់ស្និតស្នាលដូចបងប្អូនបង្កើតពីសំណាក់លោកតូនីសុន នៅលើទឹកដីអាមេរិក ហើយអ្វីដែលលោកចាប់អារម្មណ៍កូនថៅកែផលិតកម្មឆ្លងដែនរូបនេះបានបើកភោជនីយដ្ឋាន Crystal Cambodian Thai Cuisine ។ប៉ុន្ដែលោកខេវិន បញ្ជាក់ថាហាង Crystal Cambodian Thai Cuisine មិនមែនជាម្ហូបថៃ ឬសៀម(Thai)ទេ តែជាប់ពាក្យThai នោះដោយសាតែឪពុករបស់លោកតូនីសុន គឺលោកធឹង សុន បានដាក់ឈ្មោះលោកតូនី ថា«អាថៃ »ពេលរត់ភៀសខ្លួនមានកំណើតនៅជំរុំជាយដែនថៃ ទើបបានជាជាប់ឈ្មោះនេះ ដើម្បីរំលឹកអនុស្សាវរីយ៍ដែលឈឺចាប់ ក៍ដូចជាផលិតកម្មឆ្លងដែន ដ៍ល្បីល្បាញរបស់គាត់ប្រើឈ្មោះ«ឆ្លងដែន » ដែលគាត់បានឆ្លងដែនទៅប្រទេសទី៣ គឺអាមេរិកនេះហើយ ។ជាមួយគ្នានេះដែរលោកគួច ខេវិន ក៍បានអរគុណដល់លោកតូនីសុន ដែលលោកបានជួយឧបត្ថម្ភផ្គត់ផ្គង់ថវិការមួយចំនួនប្រចាំខែ រយៈពេល១ឆ្នាំដល់កូនភ្លោះទាំង៣ នៅខេត្តកំពត។ លោកខេវិន បន្ថែមថាក្រៅពីកូនថៅកែផលិតកម្មឆ្លងដែន លោកក៍មិនភ្លេចអរគុណដល់លោកនាយកសាលាMPS ដែលបានផ្ដល់អាហាររូបករណ៍១០០%រយៈពេល១២ឆ្នាំ និងអតីតតារាសម្ដែងលោកហង្ស ឈា ជួយឧត្តម្ថម្ភទឹកប្រាក់២៥០ដុល្លារ ដល់ការជួលជុសដំបូលផ្ទះ និងអ្នកស្រី Vodanny Pheng (យាយ ដានី) ឧត្តមម្ភ៥០ដុល្លារ ជួសជុលដំបូលផ្ទះឲ្យកូនភ្លោះទាំង៣ដែរ ។

សូមរំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោកគួច ខេវិន បានចុះទៅជួប និងជួយក្មេងកំព្រាភ្លោះ៣នាក់រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពតគឺទី១៖ឈ្មោះជា ទី២៖ ឈ្មោះហេង និងទី ៣៖ឈ្មោះលាភ ។ប្រភពថាកូនភ្លោះទាំង៣ ត្រូវម្ដាយរត់ចោលតាំងពីពួកគេមានអាយុ៣ខែ ខណៈដែលឪពុកពួកគេកំពុងជាប់ពន្ធនាគារ ។

គួរកត់សម្គាល់ដែរថាការទៅអាមេរិករបស់លោកគួច ខេវិន លើកនេះចំពេលដែលពលរដ្ឋទាំងក្នុងនិងក្រៅស្រុកកំពុងធ្វើពហិការលើទំនិញសៀម បន្ទាប់ពីទ័ពសៀមបើកការវាយប្រហារនិងឈ្លានពានព្រំដែនខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ហើយពេលនេះទោះជាមានបទឈប់បាញ់តាំងពីរាត្រីថ្ងៃទី២៩ ខែកក្កដា តែទ័ពសៀមនៅតែបន្ដឈ្លានពានព្រំដែនខ្មែរ។

ឆ្លើយតបសំណួរថាតើលលោកគួច ខេវិន យល់បែបណាចំពោះពលរដ្ឋទាំងក្នុងនិងក្រៅស្រុកធ្វើពហិការទំនិញសៀមនោះលោកអះអាងថាមនុស្សម្នាក់ៗមានមនសិការខ្លួនឯង លើទង្វើរដែលសៀមបានធ្វើមកលើខ្មែរយើង។ប៉ុន្ដែលោកចង់ឲ្យកូនខ្មែរជួយផ្សព្វផ្សាយលើកស្ទួយពីផលិតផលខ្មែរ ខំផលិត ខំលើកស្ទួយ ហើយជាក់ស្ដែងនៅអាមេរិកលោកសង្កេតឃើញមានផលិតផលខ្មែរច្រើន ដែលពលរដ្ឋនៅក្រៅស្រុកគាំទ្រផលិតផលខ្មែរច្រើន ដូចជាអង្ករ និងសម្លៀកបំពាក់ ជាដើម ។


លោកគួច ខេវិន ថាបន្ទាប់ពីបានជួបកូនម្ចាស់ផលិតកម្មឆ្លងដែន ,អតីតតារាសម្ដែងលោកហង្ស ឈា និងចូលរួមមង្គលការក្មួយស្រីសំណព្វចិត្តរបស់លោកនៅអមេរិករួច លោកនឹងវិលមកកម្ពុជាវិញនៅដើមខែកញ្ញា ខាងមុខ ៕

