ភ្នំពេញ ៖ តារាកូន១ ទេព បូព្រឹក្ស មិនធ្លាប់ប្រាប់ថា នាងបានរៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នោះទេ ប៉ុន្ដែពេលនេះនាងបានគ្រងឈុត «របាំព្រះរាជទ្រព្យ» ដូចសុខគា គីមលាង ដែលបានរៀនជំនាញនេះរហូត ដល់ទៅ ១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំម្ល៉េះ ហើយពេលនេះនាងក្លាយទៅជាគ្រូបង្រៀនរបាំបុរាណនិងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ ។



តារាចម្រៀងអ្នកនាងទេព បូព្រឹក្ស ក្នុងឈុត«របាំព្រះរាជទ្រព្យ »
ទេព បូព្រឹក្ស និយាយថា នាងជាខ្មែរ ពេលនាងឈរថតនៅបរិវេណប្រាសាទអង្គរវត្ត បង្ហាញពីក្បាច់រាំ «របាំព្រះរាជទ្រព្យ» ក្នុងឈុតនាដការី។ តាមរយៈរូបភាពទាំងនោះ បង្ហាញថាស្រីនិច្ច មានក្បាច់រាំមិនចាញ់សុខគា គីមលាង ឡើយ ហើយនេះជាការបំផុសពីវប្បធម៌ជាតិមួយ អំឡុងពេលដែលសៀម កំពុងឈ្លានពានខ្មែរ ។
គួររំលឹកថា នាដការី សុខគា គីមលាង ធ្លាប់បង្ហាញក្បាច់រាំ «របាំព្រះរាជទ្រព្យ» នៅមុខប្រាសាទអង្គរវត្ត តែត្រូវអ្នកលេងបណ្ដាញសង្គមខ្លះដែលមិនយល់ដឹងពីសម្បត្តិមរតកជាតិបានសើចចំអក ពេបជ្រាយនាងទៅវិញ ព្រោះ តែនាងបានតែងខ្លួនមុខស មើលមិនស្គាល់ថា ជារូបនាង ដែលតាមការពិត របាំនេះ គឺតួអង្គត្រូវតែមានការតែង មុខបែបនេះ ហើយគីមលាង ព្យាយាមពន្យល់ទៅអ្នកគាំទ្រពីបញ្ហានេះ ជាច្រើនលើកច្រើនសា។ ថ្មីៗនេះដែរ នៅកម្មវិធីប្រលងបវរកញ្ញា Miss Universe Cambodia សុខគា គីមលាង ក៏បានបង្ហាញនូវទេពកោសល្យរាំ របាំព្រះរាជទ្រព្យ ទម្រង់១០០ឆ្នាំ នាំឲ្យមានការគាំទ្រនិងស្ញប់ស្ញែងពីទេពកោសល្យនាងជាខ្លាំងតែម្ដង។
សម្រាប់ទេព បូព្រឹក្ស មុនចេញរាំរបាំព្រះរាជទ្រព្យ ជាលើកដំបូងនេះ នាងក៏បានចេញចម្រៀងដៀលចោរសៀមឈ្លានពាន បទ «យុទ្ធសង្រ្គាម» ផងដែរ ។
ទេព បូព្រឹក្ស ថ្លែងទាក់ទងការគ្រងឈុតរបាំព្រះរាជទ្រព្យ ជាលើកទី១នោះថា «វប្បធម៌រលត់ ជាតិរលាយ វប្ប ធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ទោះជារយៈពេលយូរយ៉ាងណាក៏ភាសា វប្បធម៌ អរិយធម៌ នៅតែមានព្រលឹងបង្កប់គួរជាទីមោទនៈ។ សូមវិញ្ញាណបរិសុទ្ធគ្រប់ព្រះអង្គ ដែលថែរក្សារដែនដីដ៏អស្ចារ្យមួយនេះ ក្រោកឡើងដើម្បីជួយទ្រទ្រង់ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើន និងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង» ។
គូរកត់សម្គាល់ថា «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទ្រីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសទួរគី ។ របាំក្បាច់ខ្មែរបុរាណ ឬរបាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការៈមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឲ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ ចំណែកល្ខោនព្រះរាជទ្រព្យ ទម្រង់ ១សតវត្ស ស្នាព្រះហស្តរបស់សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវតីឯក រឿង «វឌ្ឍនាទេវី» បានសម្ដែងជុំវិញពិភពលោក និងល្បីខ្ទរខ្ទារគ្រប់ស្រទាប់វណ្ណៈ រហូតដល់មានប្រទេសជិតខាង លួចចម្លងទៅផងដែរ ។



នាដការីសុខគា គីមលាង
ទេព បូព្រឹក្ស និយាយថា «ខ្ញុំសូមគោរពតាមព្រះរាជបណ្ដាំសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវតីឯក នៃព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា ទេព បូព្រឹក្ស រៀបការប្ដី ងួន ចាន់ដេវីត ជាង២ខែហើយ ដែលពេលនេះនាងនៅតែបន្ដអាជីពចម្រៀង និងមិនទាន់ពពោះកូនទី២ទេ ក្រោយកូនប្រុសទី១ អាយុជាង២ឆ្នាំ ។ ស្រីនិច្ច ទោះជាមានប្ដីនិងកូន ១ តែនាងមិនបន្ធូរដៃលេងសិល្បៈឡើយ ខណៈដែលអាជីពចម្រៀងរបស់នាង ត្រូវបានស្វាមីជាអ្នកកំណត់ជោគវាសនា ថាទៅមុខឬថយក្រោយ ព្រោះដេវីត ជាអ្នកធ្វើភ្លេង ទំនុកច្រៀង ឲ្យនាងច្រៀង ពិសេសគឺប្ដីក៏បង្ហាត់នាងច្រៀងរ៉េប ផងដែរ ដែលមានន័យថា ពេលនេះបូព្រឹក្ស ត្រូវជាប្រពន្ធផង កូនសិស្សជី-ដេវីត ផង៕