Monday, August 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា រងឥទ្ធិពលព្យុះ “កាជិគី”  ដល់ថ្ងៃ២៨សីហា

កម្ពុជា រងឥទ្ធិពលព្យុះ “កាជិគី”  ដល់ថ្ងៃ២៨សីហា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា កម្ពុជា បានរងឥទ្ធិពលព្យុះទី១៣ ឈ្មោះកាជិគី ដែលធ្វើឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ហើយមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ សីហា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីការវិវត្តនៃព្យុះទី១៣ ឈ្មោះកាជិគី បានបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាង ត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ព្យុះទី១២ ឈ្មោះ លីងលីង (Lingling) ដែលបានកើតមាន ឡើងនៅប្រទេសជប៉ុន បានបញ្ចប់កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៥ រួចមកហើយ ចំណែកគន្លងផ្លូវដើររបស់ព្យុះទី១៣ ឈ្មោះកាជិគី នេះវិញ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា នោះទេ។

ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ធាតុអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ បរិមាណទឹកភ្លៀងនឹងកើនឡើងយ៉ាងគំហុក ហើយមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់មាត់សមុទ្រ និងឆ្នេរសមុទ្រ ដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប នឹងមានរលកសមុទ្រធំៗ ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបន្ថែមថា យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារ ណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក។

ក្រសួងធនធានទឹកនិងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

RELATED ARTICLES