ភ្នំពេញ ៖ ប្តីប្រពន្ធជាអាជីវករ ២នាក់ ឆ្លៀតពេលទំនេរពីការរកស៊ី បានបើករថយន្តដឹកកូនចេញទៅលម្ហែនិងស្ទូចត្រីលេង នៅចំណុចស្រះទឹកមួយកន្លែង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានចូលមកធ្វើជាសួរនាំរាក់ទាក់ លុះពេលបុរសជាប្តីកំពុងជាប់និយាយទូរស័ព្ទភ្លេចខ្លួន ស្រាប់តែជនសង្ស័យបានឆក់ខ្សែក ១ខ្សែ ដែលមាន តម្លៃប្រមាណ ១៥០០ដុល្លារ រួចជិះម៉ូតូរត់គេចខ្លួនបាត់។

ករណីឆក់ខ្សែកនេះ បានកើតឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចស្រះទឹក ស្ថិតនៅតាមផ្លូវបេតុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
បុរសរងគ្រោះ មានឈ្មោះម៉ៅ ធាន អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ (បាត់បង់ខ្សែកប្លាទីន ១ខ្សែ តម្លៃ១៥០០ដុល្លារ)។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជាង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយសារតែឆ្លៀតពេលទំនេរពីការងាររកស៊ី ទើបគាត់បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ឡង់គ្រីសឺរ GXR-V6 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា PICH-007 នាំប្រពន្ធនិងកូន២នាក់ ដើរលេងលម្ហែកាយ ហើយបានទៅស្ទូចត្រីលេង នៅចំណុចកើតហេតុខាងលើនោះ។

បុរសរងគ្រោះ បានបន្តថា ខណៈពេលកំពុងស្ទូចត្រី មានជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ស៊េរីឆ្នាំ២០២៥ ពណ៌ស មិនចាំស្លាកលេខ បានមកឈប់នៅលើផ្លូវបេតុងចម្ងាយប្រមាណជិត ១០ម៉ែត្រ ពីកន្លែងដែលគាត់ស្ទូចត្រី ហើយអត់ពន្លត់ម៉ាស៊ីនទេ រួចចុះដើរសំដៅទៅរកពួកគាត់។ ពេលនោះ ជនសង្ស័យបានមកនិយាយរាក់ទាក់ សួរនាំពីនេះពីនោះ រួចសួរពួកគាត់ថា “ស្ទូចត្រីបានអត់?” ស្របពេលនោះ មានគេទូរស័ព្ទមក គាត់ក៏បាននិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យបានដើរមកពីក្រោយ រួចឆក់យកខ្សែក របស់គាត់ បានសម្រេច ហើយរត់ឡើងជិះម៉ូតូរបស់គេដែលបញ្ឆេះចោលនោះ គេចខ្លួនបាត់។ ភ្លាមៗនោះគាត់ក៏បាននាំប្រពន្ធនិងកូនៗឡើងរថយន្ត រួចបើកដេញតាម រហូតដល់មុខបុរីពិភពថ្មី ផ្លូវជាតិលេខ៣ ប៉ុន្តែដេញមិនទាន់ ទើបជនសង្ស័យគេចខ្លួនបាត់។

បុរសរងគ្រោះ បានបញ្ជាក់ថា ដោយសារតែដេញតាមជនសង្ស័យមិនទាន់ ទើបគាត់បានបត់រថយន្តត្រឡប់ក្រោយ ក្នុងបំណងទៅផ្ទះវិញ តែពេលទៅដល់ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមិនអស់ចិត្ត ក៏បត់រថយន្តត្រលប់ក្រោយ ដើម្បីរកជនសង្ស័យបន្តទៀត។ ពេលទៅដល់ចំណុចកើតហេតុវិញ ស្រាប់ តែឃើញជនសង្ស័យកំពុងរាវទឹកក្នុងថ្លុក ជិតនោះ ដែលសង្ស័យរាវរកខ្សែក ដែលឆក់បានពីគាត់ហើយ ជ្រុះនៅក្នុងថ្លុកនោះ លុះគ្រាន់តែឃើញគាត់បើកថយន្តទៅដល់ ជនសង្ស័យបានរត់ឡើងម៉ូតូ ហើយគាត់ក៏បត់រថ យន្តប្រុងបុក ប៉ុន្តែបត់មិទាន់ ទើបជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅកាន់ទីនោះ រួចទទួលពាក្យបណ្តឹងជនរងគ្រោះខាងលើ ដើម្បីធ្វើការស្រាវជ្រាវកចាប់ខ្លួនចោរឆក់ម្នាក់នោះ យកមកផ្តន្ទាទោសតាមច្បាប់៕