ភ្នំពេញៈលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា រួមមាន ភ្នំពេញ សៀមរាបអង្គរ ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ៣៧ ៤៩២ជើង កើនឡើងជិត១៦ភាគរយ បើធៀបទៅនឹងរយៈពេល៧ខែ ដូចគ្នា ឆ្នាំ២០២៤។

សម្រាប់អ្នកដំណើរចេញ-ចូល មានចំនួនជាង ៤ ០៨២ ២៦០នាក់ មានការកើនឡើងជិត១៦ភាគរយ ខណៈទំនិញតាមផ្លូវអាកាសចេញ-ចូល មានចំនួន ៤៧ ២១៨តោន មានការកើនឡើងជិត ២៨ភាគរយ។
ដោយឡែកបើធៀបរយៈពេល ១ខែ រវាងខែកក្កដា និងខែមិថុនា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូល មានចំនួន ៥ ១១១ជើង មានការកើនឡើងជាង ៨ភាគរយ អ្នកដំណើរមានចំនួន ៥៥៣ ៥២៣នាក់កើនឡើងជិត ១៤ភាគរយ និងការដឹងទំនិញតាមផ្លូវអាកាស មានចំនួនជាង ១០ ២៦៧ តោនកើនឡើងជិត ៣០ភាគរយ។

តាមលោក ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូលជាប្រចាំ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៨២៤ជើង/សប្តាហ៍ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានចំនួន ២៣៨ជើង/សប្តាហ៍ និងអា កាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៤៤ជើង/សប្តាហ៍ សរុបជើងហោះហើរចេញ-ចូលនៅអាកាស យានដ្ឋានអន្តរជាតិទាំង៣ មានចំនួន ១ ១០៦ ជើង/សប្តាហ៍។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើររវាងកម្ពុជា-ថៃ មានចំនួន ៨ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន៣ និងក្រុមហ៊ុនអាកាសចរណ៍ថៃ ចំនួន៥៕