ភ្នំពេញ ៖ ស្រីស្រស់ ណា សាឌី បានប្រារព្ធខួបកំណើតគម្រប់២៩ឆ្នាំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយនាងបង្ហាញអារម្មណ៍រីករាយនៅពេលកំពុងផឹកស្រាក្រហម ទទួលបាននំខេក និងបាច់ផ្កា។ ប៉ុន្ដែសាឌី បែរជាលាក់មុខម្ចាស់កាដូនោះទៅវិញ និងថា អារម្មណ៍ស្រលាញ់ គឺចេះផ្ដល់ការស្រលាញ់ទៅវិញទៅមកដូចគ្នា មានទៅមានមក មិនមែនអាត្មានិយម ឡើយ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅ ណា សាឌី នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ តែហៅចូលច្រើនដង គ្មានអ្នកទទួលឡើយ ។ យ៉ាងណា នៅលើបណ្ដាញសង្គម សាឌី មិនមានការធ្វើពិធីជួបជុំទ្រង់ទ្រាយធំទេ គឺគ្រាន់តែញ៉ាំអាហារបែបរ៉ូមែនទិក អមដោយនំខេក និងបាច់ផ្កា តែលាក់ដៃគូពិសេស ។
សូមបញ្ជាក់ថា ណា សាឌី ជាអតីត Freshie ឆ្នាំ២០២៥ មានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ ហើយបច្ចុប្បន្ន នាងជាពិធីការិនីរបស់ទូរទស្សន៍បាយ័ន។ តាំងពីក្លាយជា MC មក ស្រីស្រស់រូបនេះ មិនសូវមមាញឹក ថតភាពយន្ដ និង MV ទេ គឺផ្ដោតតែលើការងារពិធីការិនីច្រើនជាងគេ។ ប៉ុន្ដែនាងធ្លាប់ប្រាប់ថា មិនមែនចោល ថតរឿងនិងខារ៉ាអូខេ ទាំងស្រុងឡើយ ដោយមើលប្រភេទរឿង និងបទចម្រៀងនោះដែរ បើត្រូវចិត្ត នាងនឹងថត ។ ចំណែកការងារសប្បុរសធម៌វិញ អំឡុងពេលសង្រ្គាមកម្ពុជា-ថៃ ដែលបង្កដោយទាហានសៀម ឈ្លានពាននៅតាមព្រំដែន មិនទាន់ស្ងាត់នេះ សាឌី ធ្លាប់បង្ហាញសកម្មភាពជួយវេចខ្ចប់សម្ភារៈជាច្រើន ជួយកងទ័ព និងជនភៀសសឹក តាមព្រំដែន បើទោះជានាងជាកូនខ្មែរ កាត់ថៃ ប៉ុន្ដែនាងក៏មិនខុសពីតារាកូនខ្មែរកាត់ថៃ ស៊ីន យូប៊ីន និងនែប ព្រំរិទ្ធិកា នោះទេ គឺឈរនៅខាងភាគីកម្ពុជា ជានិច្ច ។

មានការកត់សម្គាល់ដែរថា ក្នុងវ័យក្បែរ ៣០ឆ្នាំ ណា សាឌី មានទ្រព្យសល់មិនធម្មតាទេ ព្រោះនាងទិញបានផ្ទះវីឡា និងរថយន្ដថ្លៃៗ ផ្លាស់ប្ដូរជាញឹកញាប់ទៀតផង ។ ប៉ុន្ដែក្នុងជំនួបកន្លងមក សាឌី បែរជានាងថា មិនទាន់គិតគូររឿងយកប្ដីសីទៅវិញ ដែលបញ្ហានេះ ធ្វើឲ្យអ្នកខ្លះសង្ស័យថា នាងមិនមែនបេះដូងនៅទំនេរទេ គឺគ្រាន់តែព្យាយាមលាក់មុខប្រុសស្នេហ៍មិនឲ្យគេស្គាល់ប៉ុណ្ណោះ ។

Fan លើកឡើងថា មុនពេល ណា សាឌី ធ្វើខួបកំណើត នាងហាក់ឡើងគីឡូជ្រុលបន្ដិច ហើយបើនៅតែបណ្ដោយឲ្យឡើងទម្ងន់ថែមទៀតនោះ ច្បាស់ជាលែងសូវត្រូវប៉ាន់ជាមិនខាន ។ ប៉ុន្តែសាឌី ធ្លាប់ប្រាប់ថា នាងមិនអាចបណ្ដោយឲ្យឡើងគីឡូថែមនោះទេ ព្រោះប្រហែសតែបន្ដិច ពេលនេះឡើងដល់ ៥៤គ.ក្រ អ៊ីចឹងត្រូវរកវិធីសម្រកឲ្យខាងតែបានមកវិញ ឲ្យសល់ត្រឹមតែ ៤៨គ.ក្រ ព្រោះនាងស្រលាញ់គីឡូនេះ ត្រូវប្រឹងសម្រកដល់ទៅ ៦គ.ក្រ ។

ក្រៅពី ណា សាឌី អតីត Freshie ដែលក្លាយជាពិធីការិនីទូរទស្សន៍បាយ័ន ហើយលែងសូវចេញសម្ដែងភាពយន្ដ ផ្ដោតតែ MC នាពេលបច្ចុប្បន្ន មានដូចជា អ្នកនាង សុខ សោម៉ាវត្តី, ហ៊ិន ច័ន្ទនីរ័ត្ន, លោកជា សុវណ្ណារិទ្ធ និងជួប សុភ័ក្រ្ដ ៕

