Friday, August 22, 2025
Homeតារាខ្មែរមាស សុខសោភា ចេញមុខការពារប្តីថ្មី

មាស សុខសោភា ចេញមុខការពារប្តីថ្មី

ភ្នំពេញ ៖  ក្រោយពេលលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានចេញមកប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីថ្មីរបស់តារាចម្រៀង មាស សុខសោភា រួចមក ពេលនេះតារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថា តាសក់សភ្នំត្បែង ពិតជាប្តីថ្មីរបស់នាងមែន ហើយនាងថែមទាំងចេញមុខការពារប្តីថ្មីនេះទៀតផង បន្ទាប់ពីមានមនុស្សមួយចំនួន បានប្រើពាក្យសម្តីមិនសមរម្យ ប្រមាថទៅលើប្តីថ្មីរបស់នាងថា អាដៃកុត ជាដើម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានបញ្ចេញនូវសារមួយ តាមបណ្តាញសង្គម បង្ហាញពីការព្រួយបារម្ភចំពោះស្ថានការណ៍ដ៏តានតឹងនៃជម្លោះព្រំដែន រវាងកម្ពុជាថៃ ដោយ តារាចម្រៀងរូបនេះ បានអំពាវនាវដល់មហាជនត្រូវជឿជាក់និងគាំទ្រចំពោះចំណាត់ការនិងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសស្នើឱ្យមហាជនខ្មែរបញ្ឈប់ការឈ្លោះប្រកែក និងប្រមាថគ្នាឯង។

តារាចម្រៀង មាស សុខសោភា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា “ជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់ ជាទីគោរព និងជាទីនឹករលឹក អំពីនាងខ្ញុំ មាស សុខសោភា! ដោយផ្អែកទៅលើស្ថាន ការណ៍ស្រុកទេសកំពុងតែកើតសង្គ្រាម នាងខ្ញុំមានសេចក្តីព្រួយបារម្ភអំពីសុខទុក្ខរបស់ពុកម៉ែ និងបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ពិសេសប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល របស់យើង លោកកំពុងតែខ្នះខ្នែងព្យាយាមទប់ស្កាត់មិនចង់ឱ្យកើតមាននូវសង្គ្រាមបំផ្លិចបំផ្លាញដល់អាយុជីវិតមនុស្សលោកឡើយ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមចិត្តពុកម៉ែ បងប្អូនទាំងអស់គ្នា រក្សាភាពស្ងៀមស្ងាត់ ដោយទុកឱ្យប្រមុខដឹកនាំរបស់យើង ដែលលោកមានបញ្ញាញាណជាអ្នកដោះស្រាយ លោកមិនទុកពួកយើងចោលទេ អ្វីដែលសំខាន់ក្នុងពេលដែលកំពុងមានអាសន្ននេះ យើងទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា ស្រលាញ់គ្នា ទម្លាក់ចោលនូវការជេរប្រមាថគ្នា ការយកកំហឹងមកធ្វើជាល្បិចកល ដើម្បីដាក់ជាទោសកំហុសដល់គ្នា ក្នុងនាមយើងជាកូនខ្មែរដូចគ្នា ក៏ត្រូវនាំគ្នាបញ្ឍប់ការប្រមាថគ្នាត្រឹមនេះទៅចុះ។ ក្នុងនាមយើងជាកូនខ្មែរដូចគ្នា យើងមិនមែនជាសត្រូវនឹងគ្នានោះទេ ដូច្នេះយើងទាំងអស់គ្នា គួរតែចេះជួយចែករំលែកចំណេះដឹងល្អៗដល់គ្នា នាំគ្នាសាងអំពើល្អ ប្រកាន់ឱ្យខ្ជាប់នូវសច្ចធម៌ និងគុណធម៏ ព្យាយាមចែករំលែកគុណធម៌ទាំងឡាយដែលជាធម្មទានមួយ លើអស់ទានទាំងពួងណាបងប្អូន។ កំហុសទាំងឡាយណាដែលមាន យើងគួរតែចេះអត់ឱនដល់គ្នា ចេះជួយអប់រំ កែតម្រូវចំណុចខុសដល់គ្នា ដោយសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាពូជពង្សអម្បូរខ្មែរ របស់យើងណា បងប្អូន…”។

បន្ទាប់ពីបានឃើញសំណេររបស់តារាចម្រៀង មាស សុខសោភា ខាងលើនេះ មកគេឃើញមហាជនជាច្រើន បានបង្ហាញពីមតិគាំទ្រ និងកោតសរសើរចំពោះការផ្តល់មតិយោបល់របស់តារាចម្រៀងរូបនេះ។ ប៉ុន្តែក្នុងនោះ ក៏មានមហាជនមួយចំនួនផ្សេងទៀត បានព្យាយាមជជីកសួរពីរឿងជីវិតផ្ទាល់ខ្លួន ពិសេសទំនាក់ទំនងរវាងនាងជាមួយលោកពេជ្រ សង្វារវង្ស ដែលពីមុននាងតែងហៅពេញៗមាត់ថា “លោកឪសក់សភ្នំត្បែង” ដែលបានចេញមកប្រកាសក្តែងៗ កាលពីពេលកន្លងទៅនេះថា ខ្លួនគឺជាស្វាមីបច្ចុប្បន្ន របស់តារាចម្រៀងមាស សុខសោភា ថាតើជាការពិតឬអត់? ជាមួយនោះ ក៏មហាជនខ្លះ បានបញ្ចេញជាមតិបែបឌឺដងនិងប្រមាថចំពោះលោកតាសក់សភ្នំត្បែង ទៀតផង ជាហេតុធ្វើឱ្យតារាចម្រៀង មាស សុខសោភា ទ្រាំលែងបាន ចេញមកទទួល ស្គាល់ការពិត ដោយបញ្ជាក់ថា តាសក់សភ្នំត្បែង ពិតជាប្តីរបស់នាងមែន និងថែមទាំងចេញមុខការពារប្តី ដែលរងការប្រមាថទៀតផង។

ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Vannak Seng បានចូលទៅខម្មិនថា “ដេកឱបអាដៃកុតហ្នឹងទៅអាភា ឱ្យមានសេចក្តីសុខណា កុំរវល់រឿងប្រទេសជាតិយើងអី ព្រះម៉ែឥន្ទ្រទេវី និងព្រះបាទជ័យវរន្ម័ដៃកុតមួយចំហៀងណា…”។

ជាការឆ្លើយតប តារាចម្រៀង មាស សុខសោភា បានសរសេរថា “អ្នកមិនសមជាមនុស្សដែលរាប់ថាជាអ្នកចេះដឹងឡើយ ទោះគាត់ជាមនុស្សបែបណាក៏ដោយ តែពេលនេះ គាត់ជាស្វាមីរបស់នាងខ្ញុំ គាត់ជាមនុស្សល្អ ដែលមើលថែ ការពារខ្ញុំ បើអ្នកមិនពេញចិត្ត អូសរំលងចុះ ឬនាងខ្ញុំ ban អ្នកចេញក៏បាន។ អរគុណ…”។

ចំណែកម្ចាស់គណនីមួយទៀត ឈ្មោះ Rong Vorpong បានចូលទៅខម្មិន ក្នុងន័យចំអកថា “តើយ៉ាងគួ ទៅណាហើយ សៀវ ឡុងនី? សំងំនៅក្នុងរូងភ្នំមួយរយៈ ប្រហែលជាស្អុះជាងនៅទីក្រុងហើយ បានជាទើបតែភ្ញាក់មកពេលហ្នឹង?…”។ រីឯម្ចាស់គណនីមួយផ្សេងទៀត បានសរសេរថា “ដូចអត់ឃើញនិយាយរឿងបារមីទៀត”។

ដោយឡែក ម្ចាស់គណនីដែលមានឈ្មោះ ម៉ាក់អូន រាជ បានសរសេរយ៉ាងខ្លីថា “លោកតាទៅណា…” ស្រាប់តែភ្លាមនោះ តារាចម្រៀង មាស សុខសោភា បានចូលទៅតបវិញថា “អ្នកមិនសក្តិសមជា fan របស់នាងខ្ញុំសោះ គាត់ជាស្វាមីរបស់នាងខ្ញុំ បើអ្នកមិនពេញចិត្ត ចូរអ្នកអូសរំលងចុះ ឬក៏នាងខ្ញុំ ban អ្នកចេញ ក៏បាន អរគុណ…”។

ដោយសារឃើញថា អ្នកចូលខម្មិន ភាគច្រើនរិះគន់ វាយប្រហារ ចំអកឲ្យនាង ទើបតារាចម្រៀង មាស សុខសោភា បានបញ្ជាក់បន្ថែមនៅក្នុងខម្មិនរបស់ខ្លួនថា “មនុស្សភាគច្រើនដែលចូលមកបញ្ចេញមតិនៅទីនេះ ប្រហែលជាមិនបានអានអត្ថបទរបស់នាងខ្ញុំ ខាងលើទេមើលទៅ បានជាម្នាក់ៗចូលមកផ្តល់ចម្លើយចាកប្រធាន ស្ទើរគ្រប់គ្នាបែបនេះ។ ពេលនេះទើបនាងខ្ញុំដឹងថា ស្ទើតែរក Fan ពិតប្រាកដមួយ ដែលប្រកបដោយគុណធម៌ មិនបានមែន។ ក្នុងនាមនាងខ្ញុំជាអ្នកសិល្បៈ គឺតែងតែចូលមកចែករំលែកចំណេះដឹង សេចក្តីនឹករលឹកទៅដល់ Fan Fan ពិតប្រាកដរបស់នាងខ្ញុំ ដែលពួកគាត់បានគាំទ្រសំឡេងច្រៀងរបស់នាងខ្ញុំ។ ម៉្យាងទៀត បើសំឡេងរបស់នាងខ្ញុំ នៅតែជាឱសថព្យាបាលជំងឺរោគធុញថប់របស់មនុស្សទូទៅ មិនអាចចៀសបានទេនោះ ដូច្នេះនាងខ្ញុំនៅតែជាតារាល្បី មាស សុខសោភា របស់ fan fan ដដែល…”។

គួររំលឹកថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានធ្វើ ការឡាយវីដេអូ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀងមាស សុខសោភា ហើយទោះបីរឿងនេះមិនទាន់មានចាស់ទុំទាំងសងខាងដឹងឮ តែមានទេវតាដឹងឮមុនហើយ និងថែមទាំងផ្តាំទៅស្ត្រីៗទាំងឡាយ ឈប់យល់ច្រឡំ ភ័យខ្លាចមាស សុខសោភា ទាក់ទងប្តីខ្លួនទៀតទៅ។

សូមបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជនថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថានាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ៕ ដារិទ្ធ

RELATED ARTICLES