Thursday, August 21, 2025
Homeតារាខ្មែរឌួង ហ្សូរីដា សម្រុកលក់ផ្ទះ

ឌួង ហ្សូរីដា សម្រុកលក់ផ្ទះ

ភ្នំពេញ ៖ ក្រោយផ្អាកអាជីពសិល្បៈ ជាច្រើនឆ្នាំ ដោយផ្ដោតមកលើការពង្រឹងអាជីវកម្មផ្ទាល់ខ្លួន មានហាងកាត់ដេរ, ហាងកាហ្វេ  និងហាងរក្សាសម្រស់ ឌួង ហ្សូរីដា ត្រូវបានដឹងថាមានផ្ទះជាច្រើនកន្លែង ប៉ុន្ដែបានលក់ចេញជាបន្ដបន្ទាប់ ដើម្បីចំណេញ ឬយកលុយទៅបង្វិលការរកស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីថ្ងៃទី១៩ ខែសីហា ហ្សូរីដា បានប្រកាសលក់ផ្ទះអាជីវកម្មមួយល្វែង នៅបុរី R& F តម្លៃដល់ទៅជាង ៨០ម៉ឺនដុល្លារ ដែលនាងថា តម្លៃនេះក្រោមទីផ្សារ ព្រោះមុនកូវីដ ផ្ទះនោះ តម្លៃជាង ១លានដុល្លារឯណោះ ។

នេះមិនមែនជាផ្ទះទីមួយសម្រាប់ហ្សូរីដា សម្រាប់ការដាក់លក់នៅឆ្នាំ២០២៥ ប៉ុន្ដែថ្មីៗនេះ នាងក៏ប្រកាសដាក់លក់ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ ក្នុងបុរីមេគង្គរ៉ូយ៉ាល់ ផ្លូវជាតិ 6A ផងដែរ ដោយនាងអះអាងយ៉ាងខ្លីថា «កុនលុយ» ។ អ្វីដែលគួរឲ្យកត់សម្គាល់ ផ្ទះដែលហ្សូរីដា ដាក់លក់ទាំងអស់ គឺជាផ្ទះផ្ទាល់ខ្លួនរបស់នាងតែម្ដង មិនមែនជាការធ្វើទីផ្សារ ឬលក់ឲ្យបុរីណា ដើម្បីយកកំមីស្យុងនោះទេ ។

 យ៉ាងណា មកដល់ពេលនេះ មិនដឹងថា ឌួង ហ្សូរីដា មានផ្ទះសរុបទាំងអស់ចំនួនប៉ុន្មាននោះទេ ខណៈបច្ចុប្បន្ន នាងកំពុងរស់នៅផ្ទះវីឡា បុរីមេគង្គ រ៉ូយ៉ាល់ សង្កាត់ព្រែកលៀប តែតាមព័ត៌មានថា នាងមានផ្ទះអាជីវកម្មផ្សេងៗទៀត នៅម្ដុំផ្សារអ៊ីអន២ ខណ្ឌសែនសុខ ផងដែរ ។

មានការកត់សម្គាល់ថា ការដែលឌួង ហ្សូរីដា ប្រកាសលក់ផ្ទះ បន្ទាន់ ជាបន្ដបន្ទាប់បែបនេះ ក្រោយពីនាងទើបរុះរើស្លាកយីហោ Café Amazon ដែលបានដំណើរការជាច្រើនឆ្នាំនោះជំនួសដោយដាក់ឈ្មោះហាងថ្មីថា «មុទិតា កាហ្វេ» ព្រោះតែនាងក្ដៅក្រហាយសៀមឈ្លានពានខ្មែរ ខ្លាំងពេក ។ ហ្សូរីដា ថានាងខាតលុយទិញ Franchise ដល់ទៅ ២០ម៉ឺនដុល្លារ លើអាជីវកម្ម Café Amazon ពីប្រទេសថៃ ។ ប៉ុន្ដែនាងគ្មានស្រណោះប៉ុនក្រចកដៃឡើយ ព្រោះថាទង្វើរបស់សៀមឈ្លានពានកម្ពុជា នាងមិនអាចបន្ដយីហោសៀម មួយនេះតទៅទៀតបានទេ ។

សូមបញ្ជាក់ថា ឌួង ហ្សូរីដា ជាតារាសម្ដែង និងពិធីការិរីដ៍លេចធ្លោម្នាក់ ដែលបានបន្ធូរដៃពីការងារសិល្បៈ ជា ច្រើនឆ្នាំ ដើម្បីងាកមករកស៊ីផ្ទាល់ខ្លួន ប៉ុន្ដែនាងមិនចោលអាជីពចាស់ទាំងស្រុងឡើយ ។ ហ្សូរីដា នៅតែចេញ មុខតាមកម្មវិធីមួយចំនួន ក្នុងនាមជាពិធីការិនី (MC) ពិសេសនៅតាមបណ្ដាកម្មវិធីសហគ្រិន និងថ្នាក់ជាតិមួយចំនួន ។ ហ្សូរីដា ត្រូវបានអ្នកសិល្បៈរួមអាជីពជាច្រើន សរសើរថា ជានារីរឹងមាំម្នាក់ ព្រោះក្នុងចំណោមបងប្អូនស្រីទាំង៣នាក់ នាងជាកូនច្បង ដែលដឹកនាំប្អូនស្រី ២នាក់ទៀត គឺឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា ឲ្យប្រឹងរកស៊ីរៀងៗខ្លួន ។ ប៉ុន្ដែហ្សូរីដា ខ្លួនឯង ដែលមានវ័យជ្រេបន្ដិចទៅហើយនោះ ពេលនេះនៅមិនទាន់គិគួររឿងការប្ដីនៅឡើយ ។ មិត្តភក្ដិជាច្រើន បានរំលឹកហ្សូរីដា ថារើសប្ដីពេក ប្រយ័ត្នចាស់ទៅពិបាករកគូ។ ប៉ុន្ដែហ្សូរីដា ឆ្លើយយ៉ាងខ្លីថា «អ៊ីចឹងយកទៅប្ដីទៅ លែងចាស់មែន?» ។

 ក្រៅពីឌួង ហ្សូរីដា មានផ្ទះជាច្រើនទីតាំងផ្សេងគ្នានោះ លោកករុណាពេជ្រ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកមានផ្ទះដល់ទៅ ៧  ខណៈដែលសុគន្ធ ថេរ៉ាយុ, សាវិន ហ្វីលីព , ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ជាដើម ក៏ត្រូវគេបង្ហើបថា មានផ្ទះលើសពី៣ ដែរ ។ ហ្សូរីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងមានផ្ទះច្រើនទីតាំង ព្រោះនាងទិញលក់ៗ ឲ្យតែចំណេញ ដើម្បីសន្សំលុយនៅពេលចាស់ទៅ ទុកព្យាបាលជំងឺ ។ អតីតពិធីការិនីអាស៊ីអាគ្នេយ៍រូបនេះ ក៏ធ្លាប់បង្ហាញអារម្មណ៍តូចចិត្តដែរថា នៅពេលដែលនាងមានជីវភាពធូរធារ បែរជាបាត់បង់មនុស្សជាទីស្រលាញ់ នោះគឺម្ដាយរបស់នាង លោកស្រី យ៉ាលីន សុខលីម ស្លាប់ដោយជំងឺមហារីក កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ។ ហ្សូរីដា ថានាងនិងប្អូនៗ ត្រូវតែតស៊ូរក្សាក្រុមហ៊ុនដែលម្ដាយបន្សល់ទុកឲ្យ មកដល់សព្វថ្ងៃ ឲ្យខាងតែបាន ក្នុងនោះមានហាងកាត់ដេរ និងហាងកាហ្វេ ជាដើម៕

RELATED ARTICLES