
ភ្នំពេញ ៖ អ្នកនយោបាយខ្មែរ មួយចំនួន ដែលជាប្រធានគណបក្សនៅក្នុងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) រួមមាន លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី ជាដើម បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការដកសញ្ជាតិខ្មែរ ពីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ ឲ្យបានកាន់តែឆាប់ កាន់តែល្អ ដោយចោទប្រកាន់ថា លោក សម រង្ស៊ី ជាជនក្បត់ជាតិ ចូលដៃជាមួយចោរសៀម បង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ដោយលើកសរសើរទាហានចោរសៀម បង្អាប់កងទ័ពជាតិកម្ពុជា របស់ខ្លួនឯងទៅវិញ។
លោកបណ្ឌិត ពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ដើម្បីកុំឱ្យសៀម យកសម្តីទណ្ឌិត សម រង្ស៊ី ធ្វើជាទឡ្ហីករណ៍ សូមរដ្ឋាភិបាលកម្ពុជា ស្នើដល់អង្គព្រះមហាក្សត្រ ដកសញ្ជាតិខ្មែរ ពីទណ្ឌិតរូបនេះ កាន់តែឆាប់កាន់តែល្អ បើមាត្រា៣៣ មានសុពលភាពរួចហើយនោះ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា បើសិនជារាជរដ្ឋាភិបាល អនុវត្តនូវមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា គួរតែដកសញ្ជាតិខ្មែរ ពីលោកសម រង្ស៊ី តែម្ដងទៅ ព្រោះអតីតមេបក្សប្រឆាំង រូបនេះ បានចូលដៃចូលជើងជាមួយបរទេស ដើម្បីបំផ្លាញខ្មែរ គឺទោសរបស់គាត់ ជាទោសក្បត់ជាតិ សមតែដកសញ្ជាតិខ្មែរ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ខ្ញុំមើលឃើញលោកសម រង្ស៊ី គាត់មិនមានជាតិនិយមជាមួយនឹងជាតិខ្មែរយើងទេ ។ អ៊ីចឹងអ្វីដែលខ្ញុំប្រកាសថា ដកសញ្ជាតិខ្មែរ ពីលោកសម រង្ស៊ី កាន់តែឆាប់កាន់តែល្អ គឺកុំឲ្យគាត់វ៉ៃប្រហារខ្មែរយើង រហូតទៅដល់ឲ្យប្រទេសថៃ យកសំឡេងគាត់ធ្វើជាសាក្សី ដាក់បន្ទុកលើខ្មែរ ព្រោះច្បាស់លាស់ហើយ គឺលោកសម រង្ស៊ី បានបង្អាប់បន្តុះកម្ពុជាយើង ដែលកំពុងតែតស៊ូប្រយុទ្ធលើសមរភូមិ ជាមួយនឹងចោរឈ្លានពានសៀម ហើយសម រង្ស៊ី បានទៅលើកតម្កើងកងទ័ពសៀម ឯណោះវិញ ។ នេះហើយ គឺជាការចូលដៃចូលជើងជាមួយនឹងបរទេស ដើម្បីបំផ្លាញខ្មែរ ទោសរបស់គាត់ គឺសមតែដកសញ្ជាតិខ្មែរ និងជាទោសក្បត់ជាតិតែម្ដង ហើយបុគ្គលសម រង្ស៊ី បើទៅសញ្ជាតិសៀម ក៏គេមិនទទួលដែរ ព្រោះជាចរិតបុគ្គលដែលវ៉ៃប្រហារ ស្របពេលដែលគេកំពុងតែជួបកលយុគ ។ អ៊ីចឹងបុគ្គលសម រង្ស៊ី គឺគេមិនហ៊ានទទួលទេ ។ ដូច្នេះបើសិនជារដ្ឋាភិបាល លោកអនុវត្តនូវមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជាយើង គួរតែដកសញ្ជាតិខ្មែរ ពីលោកសម រង្ស៊ី តែម្ដង កុំទុកទៀត បើទុក នាំតែថោកដល់ជាតិខ្មែរយើងទេ“ ។
ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត ពេជ្រ ស្រស់ ខាងលើនេះ លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរមួយ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការដកសញ្ជាតិសម រង្ស៊ី គឺជានិមិត្តរូបមួយ ដែលបុគ្គលនេះ បានបង្ហាញពីការគប់គិតជាមួយបរទេស (ថៃ) ធ្វើសង្រ្គាមឈ្លានពានប្រទេសកម្ពុជា ដោយបុគ្គលនេះ មិនបានជ្រោមជ្រែងគាំទ្ររាជរដ្ឋាភិបាលនៅក្នុងការវ៉ៃកម្ចាត់ចោរសៀម នោះទេ គឺបែរជាទៅគាំទ្រសត្រូវ។ ដូច្នេះលោកគិតថា ប្រជាពលរដ្ឋ ១៧លាននាក់ ជាសាក្សី នឹងគាំទ្រ សាទរការដកសញ្ជាតិជនក្បត់ជាតិ សម រង្ស៊ី ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំយល់ឃើញថា ក្នុងនាមជាអ្នកនយោបាយដែលបានធ្វើការគាំទ្រពីច្បាប់ដកសញ្ជាតិ ហើយនិងច្បាប់ផ្សេងៗទៀត គឺដើម្បីប្រឆាំងជាមួយនឹងពួកក្រុមជ្រុលនិយម បុគ្គលមួយចំនួន ដែលមិនបានបម្រើផលប្រយោជន៍ជាតិ ក្នុមនាមជាអ្នកនយោបាយ ដូចជាបុគ្គលសម រង្ស៊ី ជាដើម ។ យើងមើលឃើញថា សម រង្ស៊ី នេះ ធ្វើនយោបាយប្រឆាំងជាមួយសម្ដេចតេជោ ហ៊ុន សែន ដូចជាយើងដឹងគ្រប់គ្នាហើយ តាំងពីឆ្នាំ១៩៩៥ នៅពេលដែលគាត់ចេញមុនដំបូង បង្កើតគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា នោះ គាត់មានគំនិតជ្រុលនិយមតាំងពីហ្នឹងមក ឆ្នាំ១៩៩៨ ប្រហែលជាកូនក្មួយមួយចំនួន មិនទាន់កើត ហើយក៏អត់ទាន់ដឹងរឿងព្រឹត្តិការណ៍ ប៉ុន្តែសម្រាប់អ្នកតាមដានព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្តនយោបាយ គេនៅចងចាំថា ឆ្នាំ១៩៩៨ គឺជាកម្លាំងជ្រុលនិយមដ៏ធំបំផុតរបស់សម រង្ស៊ី ដឹកនាំបាតុកម្មដើម្បីទម្លាក់សម្ដេចតេជោ ហ៊ុន សែន នៅពេលហ្នឹងតែម្ដង ។ អ៊ីចឹងហើយ វាធ្វើអត់បានសម្រេច វាកើតជាគំនិតគុំកួន គេហៅនយោបាយគុំកួន វាមិនមែននយោបាយរិះគន់ដើម្បីស្ថាបនាទេ ។ អ៊ីចឹងនយោបាយគុំកួននេះ គឺវាកើតឡើងពីគំនិតឈាមត្រកូលអភិជនហ្នឹងតែម្ដង គឺឪពុករបស់សម រង្ស៊ី ហ្នឹង គឺសម សារី ។ អ៊ីចឹងហើយ ខ្ញុំគិតថា សន្ដានឬឈាមជ័ររបស់មនុស្ស វាមិនអាចកែប្រែបាន ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមើលឃើញថា មកដល់មានសង្រ្គាមជាមួយថៃ បានឈ្លានពានកម្ពុជាយើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ យើងមើលឃើញកាន់តែច្បាស់ឡើង គឺបុគ្គលសម រង្ស៊ី នេះ មិនបានមានចេតនាល្អសម្រាប់ប្រទេសកម្ពុជា នោះទេ តែគឺជាអ្នកនយោបាយដែលមិនគិតផលប្រយោជន៍ជាតិ បែរជាទៅគាំទ្រជនជាតិសៀម“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “ អ៊ីចឹងយើងមើលឃើញថា ការគាំទ្រជនជាតិសៀម ដើម្បីលើកសរសើររបស់គេ អួតពីទ្រព្យសម្បត្តិរបស់គេ អួតសរសើរទាហានរបស់គេបាញ់មកកម្ពុជា ។ នេះបង្ហាញថា ចរិតនយោបាយ ពីគំនុំសងសឹកនយោបាយ មិនគិតផលប្រយោជន៍ជាតិទេ គឺធ្វើនេះ ក្នុងន័យបង្អាប់បន្តុះ ទី១ វីរកងទ័ពជួរមុខរបស់យើង ទី២ ធ្វើការបង្អាប់ដោយប្រយោលដល់សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកងទ័ពកំពូលរបស់កម្ពុជា ដែលកំពុងធ្វើការបញ្ជាទ័ព ក្នុងការប្រយុទ្ធប្រឆាំងតបតជាមួយនឹងសៀម ។ អ៊ីចឹងហើយ បុគ្គលសម រង្ស៊ី នេះ មិននិយាយត្រង់ទៅសម្ដេចតេជោ ហ៊ុន សែន ទេ គឺនិយាយបង្អាប់កងទ័ព ។ កាលណាបង្អាប់កងទ័ព ស្មើនឹងវ៉ៃតេជោ ដែរ ព្រោះតេជោ ជាអ្នកបញ្ជាកងទ័ព ។ អ៊ីចឹងហើយយើងមើលឃើញថា បុគ្គលសម រង្ស៊ី នេះ ឆ្លៀតឱកាសបង្អាប់វីរកងទ័ពរបស់យើង ហើយឆ្លៀតឱកាសវ៉ៃសម្ដេចតេជោ តែម្ដង ហើយភ្លេចខ្លួនថា ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ នៅក្នុងប្រទេសកម្ពុជា គឺបានគាំទ្ររាជរដ្ឋាភិបាល ក្នុងការវ៉ៃកងទ័ពសៀម ដែលកំពុងឈ្លានពានក្នុងប្រទេសកម្ពុជា នេះចំណុចទី១ ។ ចំណុចទី២ ប្រជាជនកម្ពុជា មានកំណើនជាតិនិយមកើតឡើងដោយខ្លួនឯង អាហ្នឹងហៅទឹកដីជាតិសាសន៍ នៅពេលដែលពួកថៃ បានបំពានម្ដងហើយម្ដងទៀត យើងមើលឃើញថា ទី១ វាអត់បានគោរពកិច្ចសន្យា ទី២ ពួកសៀមនេះមានចរិតប្រមាថកាតទានខ្មែរ មានចរិតមើលងាយ មានចរិតអំនួត គិតថាខ្លួនអញមានប្រជាជន ៨០លាននាក់ គាត់ថាខ្លួនអញហ្នឹង ប្រទេសអ្នកមាន នៅជិតរបងផងតែមួយក្នុងតំបន់អាស៊ាន នឹងគេដែរ គិតថា ប្រទេសអញ ជាប្រទេសស៊ីវិល័យ ។ អ៊ីចឹងហើយ មានមោទនភាព នៅពេលឃើញថា ធ្វើសង្រ្គាមបង្រ្កាបខ្មែរបាន តាមពិតទៅដល់ពេលធ្វើសង្រ្គាមហ្នឹង ជាចិត្តសាស្រ្ត សង្រ្គាមហ្នឹងគឺចាញ់តេជោ ហើយចាញ់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ“ ។
លោកបណ្ឌិត គុជ លី បានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ គេបានប្ដូរយុទ្ធសាស្រ្តពីសង្រ្គាម មកជាចិត្តសាស្រ្តសង្រ្គាមទៅវិញ ។ ចិត្តសាស្រ្តសង្រ្គាម យើងឃើញហើយ កិច្ចព្រមព្រៀងឈប់បាញ់គ្នា ថ្ងៃទី២៨ ហើយប្រជុំលើកក្រោយ GBC ថ្ងៃទី៤ ដល់ទី៧ ខែសីហា ហ្នឹងក៏ដោយ យើងមើលឃើញថា កិច្ចសន្យា កិច្ចព្រមព្រៀងនៃការឈប់បាញ់គ្នាហ្នឹង និយាយវិភាគក្នុងចិត្តសាស្រ្ត យើងឃើញថា កិច្ចសន្យាហ្នឹង គឺអត់បានចែងអំពីការបញ្ចប់សង្រ្គាមដោយការប្រើប្រាស់អាវុធគ្រប់ប្រភេទដែលសម្លាប់មនុស្សនោះទេ ។ អ៊ីចឹងយើងមើលឃើញថា ការប្ដូរចិត្តសាស្រ្តរបស់គេ គេមកប្រើចម្ពាមកៅស៊ូ ហើយនិងអូសបន្លាលួស អាហ្នឹងវាអត់បានចែងនៅក្នុង GBC ហ្នឹងទេ ។ អ៊ីចឹងហើយ ជាចិត្តសាស្រ្តរបស់គេ យើងឃើញថា គាំទ្រ ៣ក្រុម របស់ក្រុមទាហាន នៅក្នុងប្រទេសថៃ ។ ទី១ ស្ដេចសៀម យើងឃើញថា រហូតដល់ប្រពន្ធស្ដេចសៀម ហ្នឹងបង្ហាញជារូបភាពបាញ់ចម្ពាមកៅស៊ូ ហ្នឹងជានិមិត្តរូបមួយ ដើម្បីឲ្យប្រជាជនថៃប្រាប់ថាខ្លួនគេហ្នឹង គឺបានបង្ហាញចិត្តសាស្រ្ត លើកទឹកចិត្តដល់កងទ័ពសៀម ឈរជើងតាមបណ្ដោយព្រំដែនរបស់យើងទាំងអស់ គឺបង្កើតសង្រ្គាមចិត្ត គឺយើងឃើញហើយ គ្រាប់ឃ្លី មានគ្រាប់ដែក គ្រាប់អី មកឲ្យទាហាន ជាពិសេសនៅជួរប្រាសាទតាមាន់ ហ្នឹង គឺត្រូវពកក្បាលជាច្រើននាក់តែម្ដង ។ អ៊ីចឹងយើងមើលឃើញថា នេះគឺជាសង្រ្គាមចិត្តសាស្រ្តថ្មី ដើម្បីបង្វែរពីសង្រ្គាមអាវុធ ធ្វើម៉េចឲ្យខ្មែរយើងតបត បាញ់មុន អាងយកលេស ។ អ៊ីចឹងហើយ គេប្រើគ្រប់រូបភាព ហើយខ្ញុំសង្កេតឃើញមួយទៀត គឺសៀម ហ្នឹងបានប្រើល្បិចកលមួយទៀត គឺដើរជាន់មីនខ្លួនឯង ។ អ៊ីចឹងមានន័យថា ការដាក់មីនថ្មី រួចហើយគេឲ្យទាហានថ្មី មកតាមបណ្ដោយព្រំដែន ហើយទាហានថ្មី ដែលមកស្លាប់ជាន់មីននេះ យើងសង្កេតថា សុទ្ធតែជាទាហានខ្មែរសុរិន្ទទាំងអស់“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងហើយ ដល់ម៉ោងនេះ គឺខ្ចីដៃខ្មែរ សម្លាប់ខ្មែរ អ៊ីចឹងវាគាប់ជួននឹងក្រុមសម រង្ស៊ី តែម្ដង តួឯកសម រង្ស៊ី គឺជាតួឯកដែលយើងត្រូវតែគាំទ្រធ្វើចលនាឲ្យមានការដកសញ្ជាតិ នៅពេលចប់សង្រ្គាមនេះ គឺបុគ្គលខ្ញុំទី១ ហ្នឹង បើប្រជុំជាមួយនាយករដ្ឋមន្រ្តី មានឱកាសក្រោយសង្រ្គាម ខ្ញុំនឹងលើកដោយផ្ទាល់បន្តទៀត គឺឲ្យដកតែម្ដង កុំឲ្យគិតពិចារណា ហើយមិនមែនត្រឹមបុគ្គលសម រង្ស៊ី ទេ គឺបក្ខពួកក្រុមសម រង្ស៊ី ទាំងអស់ ដែលមានធ្វើសកម្មភាពនៅក្នុងចលនាជាតិតស៊ូ ជាពិសេសគឺអាល្បងតម្ពែក គឹម សុខ ក៏កំពុងតែធ្វើចលនាខ្លាំងជាមួយគ្នាដែរ ។ អ៊ីចឹងយើងមើលឃើញថា ការដកសញ្ជាតិរបស់សម រង្ស៊ី គឺធ្វើឲ្យមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ហើយខ្ញុំគិតថា ច្បាប់នេះ ធ្វើទាន់ពេលវេលា ហើយស័ក្ដិសមបំផុត ដែលធ្វើនៅមុនពេលសង្រ្គាមកើតឡើង ។ ខ្ញុំគិតថា និមិត្តនយោបាយសម្ដេចតេជោ នេះ គឺពូកែអស្ចារ្យ គឺថាលោកព្រាងទុក បង្កើតច្បាប់នេះហើយ នឹងមានសង្រ្គាមកើតឡើង ។ អ៊ីចឹងហើយ ការដកសញ្ជាតិនេះ វាអាចធ្វើឲ្យច្បាប់ហ្នឹងមានសុពលភាពក្នុងការអនុវត្ត មិនសម្រាប់តែបុគ្គលសម រង្ស៊ី ទេ គឺបុគ្គលណាផ្សេងទៀតក៏ដោយ បុគ្គលនៅក្នុងស្រុកខ្មែរ ណាក៏ដោយ មិនគិតថានៅក្នុងគណបក្សណាក៏ដោយ ឲ្យតែបំផ្លាញផលប្រយោជន៍ជាតិ យើងដកសញ្ជាតិហ្នឹងចោលទៅ ។ អ៊ីចឹងសរុបមកវិញ ខ្ញុំគិតថា ការដកសញ្ជាតិសម រង្ស៊ី គឺជានិមិត្តរូបមួយ នៅពេលដែលបុគ្គលសម រង្ស៊ី បានបង្ហាញការគប់គិត បានបង្ហាញពីការធ្វើសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងថៃ គឺមិនបានជ្រោមជ្រែងនៅក្នុងការគាំទ្ររាជរដ្ឋាភិបាល វ៉ៃសៀម នោះទេ វាទៅគាំទ្រជាមួយគេនោះទៀត ។ អ៊ីចឹងខ្ញុំគិតថា ប្រជាពលរដ្ឋ និងសាក្សី ១៧លាននាក់នេះ នឹងមានការគាំទ្រ ហើយនឹងសាទរក្នុងការដកសញ្ជាតិរបស់សម រង្ស៊ី តែម្ដង“ ។
ជាមួយគ្នានោះដែរ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា ការដកសញ្ជាតិលោក សម រង្ស៊ី ត្រូវតែធ្វើ ប៉ុន្តែមិនមែនពេលនេះទេ គឺត្រូវដកសញ្ជាតិខ្មាំងផ្ទៃក្នុងលួចបម្រើចោរសៀម ខាងក្នុងប្រទេស ជាមុនសិន ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការដកសញ្ជាតិលោក សម រង្ស៊ី ត្រូវតែធ្វើ ប៉ុន្តែមិនមែនពេលនេះទេ ការដកពេលនេះ ជាបំណងរបស់សៀម សម រង្ស៊ី បម្រើនយោបាយសៀម ដូច្នេះត្រូវដកសញ្ជាតិខ្មាំងផ្ទៃក្នុង លួចបម្រើចោរសៀម ខាងក្នុងប្រទេស ជាមុនសិន។ ចំណែកពួកជ្រុលនិយមខាងក្រៅប្រទេស លើកលែងតែសម រង្ស៊ី ម្នាក់ អាចដកសញ្ជាតិបានដែរ។ មិនមែនសម រង្ស៊ី ខ្លាំងទេ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ។ សួរថាពេលណា ទូទាត់បញ្ជីជាមួយចោរសៀម រួច ពេលចាត់ការ ល្អទាំងអស់“ ។
ដោយឡែក លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា លោកសម រង្ស៊ី ក្បត់ហើយក្បត់ទៀត ក្បត់មួយពាន់ដង ជិតបានទទួលសញ្ជាតិសៀម ហើយមើលទៅ ទើបបានជាប្រឹងក្បត់ជាតិខ្មែរ បែបនេះ។
លោកបណ្ឌិត សូ ណារ៉ូ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថា “ក្បត់ហើយ ក្បត់ទៀត ក្បត់មួយពាន់ដង។ ជិតបានទទួលសញ្ជាតិសៀម ហើយមើលទៅ បានប្រឹងក្បត់ជាតិខ្មែរ បែបនេះ។ A3ជំនាន់ថា វានិយាយតែការពិត រឿងមិនពិត វាមិននិយាយទេ គឺសរសើរតែថៃ បាញ់ត្រង់ណាស់ ចូលដីខ្មែរ ហើយថា វានិយាយត្រង់ មិនលាក់លៀមថា ទាហានខ្មែរ អត់ចេះបាញ់ទេ បាញ់តែតាពាស គ្មានសីលធម៌ ។ល។ ត្រង់ចំណុចទាហានឈ្លានពាន ប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោមសម្លាប់មនុស្សរង្គាល ទម្លាក់គ្រាប់បែកយក្ស MK82 លើក្បាលកងទ័ព និងប្រជាជនខ្មែរ កម្ទេចវត្តអារាម សាលារៀន ផ្ទះប្រជាជនស៊ីវិល វាមើលមិនឃើញការពិតទាំងនោះទេ។ A3ជំនាន់ មើលឃើញតែការពិតណាចំណេញឱ្យបរទេសឈ្លានពានទេ។ ចំណែកការពិតខ្មែររងគ្រោះដោយអំពើឈ្លានពាន វាមើលមិនឃើញឡើយ។ នេះជាជនក្បត់ជាតិ ដ៏ថោកទាបបំផុត ដើម្បីតែអំណាច ស្អីក៏វាហ៊ានធ្វើដែរ“ ។
គួរបញ្ជាក់ថា ការដែលអ្នកនយោបាយខ្មែរ មួយចំនួនខាងលើ បានលើកឡើងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ដកសញ្ជាតិខ្មែរពីកំណើត របស់អតីតមេបក្សប្រឆាំង លោក សម រង្ស៉ី ដែលមានសញ្ជាតិ២ (ខ្មែរ និងបារាំង) ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៉ី បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរ នៅទីក្រុងចាមបេរី Chambéry ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយលើកសរសើរកងទ័ពថៃ និងបង្អាប់កងទ័ពជាតិកម្ពុជា របស់ខ្លួន ។

លោក សម រង្ស៊ី បានប្រសាសន៍នៅក្នុងកម្មវិធីនោះថា “រឿងសម្ភារៈ ខ្ញុំជូនតួលេខមួយ ថវិកាជាតិយើង ឲ្យយោធា ៧០០លានដុល្លារ ថវិកាការពារជាតិ ។ នៅក្នុងថវិកាជាតិថៃ ការពារជាតិ ៧០០០លានដុល្លារ ១០ដងលើសយើង ហើយកាំភ្លើងគេ មិនមែនទាហានយើងវេទនា រកតែស្បែកជើងពាក់គ្មាន ខ្វះស្បៀង ខ្វះស្អីទេ គេវិជ្ជាជីវៈ! ទាហានវិជ្ជាជីវៈ Professional គេមានសម្ភារៈ គេ ។ រួចដល់ទៅ ហ៊ុន សែន ធ្វើបាបតែខ្មែរទេ គាត់សម្លុតខ្មែរ ធ្វើបាបខ្មែរ ប៉ុន្តែដល់ប៉ះបរទេស បានឃើញភាពកម្សោយរបស់គាត់ ហើយការដឹកនាំរបស់គាត់ ថាវាខ្សោយយ៉ាងម៉េច? បាញ់គ្នានេះ បងប្អូន! ថៃ សម្ភារៈគេវិជ្ជាជីវៈ គេបាញ់ទី១ អាកាណុងកាំភ្លើងធំ គេបាញ់ គេមានដ្រូន គេអាចមានផ្កាយរណបមើលពីលើមក ដឹងទីតាំង ។ ទីតាំងទាហានណា បន្ទាយទាហានណា គឺបាញ់មកចំហ្មង អាកាណុងធំ ក៏អ៊ីចឹងដែរ គេបូកលេខគុណលេខប៉ាច់! បាញ់ចំ បើខុសបន្តិច អាដ្រូនប្រាប់ថា បត់ស្ដាំបន្តិច ផូង! អាទី២ ត្រូវហ្មង» ។

លោក សម រង្ស៉ី បន្តថា «អ៊ីចឹងយើងធ្ងន់ណាស់ ត្រូវបន្ទាយ ត្រូវមុខសញ្ញាដែលទាហានវាបាញ់ណា ទាហានថៃ បាញ់ណា បាញ់ចំៗហ្មង តែបើខាងយើងនេះ វាអត់! វាអត់មានសម្ភារៈ បាញ់ព្រាវៗ ដឹងបាញ់អីទេ បាញ់កាណុងអាស្អី បាញ់មីសស៊ីល ឃើញថា ថៃ បាញ់យើង យើងបាញ់ថៃ វិញ ប៉ុន្តែអត់មានទៅសំដៅមុខសញ្ញាយោធាទេ បាញ់ថាមិនខុសទេ ថាបាញ់ទៅថៃ បាន ប៉ុន្តែវាធ្លាក់តែពីសតែពាស យើងអត់មានចេះបាញ់សម្គាល់មុខសញ្ញាឯណា តែពីសតែពាស ងាប់ប្រជាពលរដ្ឋគេតាមផ្លូវ តាមវត្តអារ៉ាម តាមស្រែចម្ការអី ទី១ វាអត់មានប្រសិទ្ធភាព ទី២ វាអសីលធម៌ យើងទៅបាញ់គេទទេ ។ អ៊ីចឹងបានថៃ គេមានប្រៀប ទៅជជែកជាមួយអន្តរជាតិ គេមានប្រៀប គេប្រាប់ថា មើលបាញ់ ថតណា ធ្លាក់ត្រូវតែពីសតែពាស ។ ប៉ុន្តែសៀម អត់ទេណា សៀម បាញ់ត្រូវចំ…” ៕ កុលបុត្រ