Saturday, August 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកទោសហែកគុករត់ ជិត២០ថ្ងៃ តាមចាប់មិនបាន

អ្នកទោសហែកគុករត់ ជិត២០ថ្ងៃ តាមចាប់មិនបាន

ខេត្តកំពង់ស្ពឺ ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានរយៈពេលចំនួន១៩ថ្ងៃ កន្លងទៅហើយ ដែលជន សង្ស័យចំនួន២នាក់ បានហែកគុករត់គេចខ្លួនបានដោយសុវត្ថិភាព ខណៈដែលមន្ត្រីសមត្ថកិច្ច នៅមិនទាន់ចាប់ខ្លួនត្រឡប់មកវិញបាននៅឡើយ។

តាមប្រភពព័ត៌មាន បានខ្សឹបប្រាប់ថា ជនសង្ស័យ២នាក់ដែលហែកគុករត់នោះ ម្នាក់ឈ្មោះមករា រស់នៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន និងម្នាក់ទៀតឈ្មោះម៉ាប់ មានស្រុកកំណើត នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធរឿងចោរកម្ម លួច ប្លន់ មានទោសច្រើនឆ្នាំ ទើបពួកជនសង្ស័យ ហែកគុករត់គេចខ្លួនបានដោយសុវត្ថិភាព។

ប្រភពដដែល បានបន្តថា នៅក្នុងយប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលជនសង្ស័យចំនួន២នាក់ហែកគុកលួចរត់នោះ អ្នកយាមខាងក្នុង ជាមន្ត្រីថ្មីក្មេងទើបចូលបម្រើការងារ ហើយចំណែកអ្នកយាមខាងក្រៅ ជាមន្ត្រីកិច្ចសន្យា (មិនមានក្របខ័ណ្ឌ)។ ចំពោះរឿង ជនសង្ស័យហែកគុករត់នេះ ក្រោយពីមានការភ្ញាក់ផ្អើល មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានជិះម៉ូតូ និងរថយន្តខ្វែងខ្វាត់ ដើម្បីស្វែងរកតាមចាប់ខ្លួនជនសង្ស័យទាំង០២ នាក់ ប៉ុន្តែត្រូវបានជនសង្ស័យវាយមកលើមន្ត្រីពន្ធនាគារមួយរូប ឈ្មោះវឿន អាយុជាង៥០ឆ្នាំ បណ្តាលឱ្យរងរបួសក្រោមភ្នែកខាងឆ្វេង ទើបជនសង្ស័យរត់គេចខ្លួនដោយសុវត្ថិភាព ជិត២០ថ្ងៃហើយ នៅមិនទាន់ចាប់ខ្លួនបានវិញនោះទេ។

លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមជនសង្ស័យ ពិតជាបានលួចរត់ ពីរនាក់មែន ពាក់ព័ន្ធរឿងឆបោក ហើយពិតជាបានវាយមន្ត្រីម្នាក់មែន ក្រុមការងាររបស់លោក កំពុងស្វែងរកតាមចាប់ ខ្លួន៕

RELATED ARTICLES