ខេត្តឧត្ដរមានជ័យ ៖ វីរកងទ័ពកម្ពុជា បានគ្រប់គ្រងផ្ទះតាម៉ុក ដោយរុះរើលួសបន្លា និងទម្លាក់ទង់ជាតិថៃ ឈ្លានពាន បន្ទាប់ពីទាហានថៃ បានយកលួសបន្លា ទៅរាយព័ទ្ធ និងលើទង់ជាតិរបស់ខ្លួន នៅបរិវេណផ្ទះនេះ ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅច្រកជាំតែ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានរុះរើរបងលួសបន្លាដែលពួកទាហានសៀម បានដាក់កាលពីពីរថ្ងៃមុន ឥឡូវនេះ កងទ័ពកម្ពុជា បានទម្លាក់ទង់ជាតិថៃ និងបានគ្រប់គ្រងផ្ទះតាម៉ុក ទាំងស្រុង។
លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល បានលើកឡើងតាមបណ្ដាញសង្គម អំពីព័ត៌មាននេះថា “នៅព្រឹកថ្ងៃទី១៥ សីហា ២០២៥ នេះ បងៗវីរកងទ័ពដែលឈរជើងនៅជាំតែ បានរុះរើរបងលួសដែលទាហានសៀម ដាក់ថ្ងៃមុន ឥឡូវបងៗកងទ័ព បានគ្រប់គ្រងផ្ទះតាម៉ុក មកវិញបាន ១០០% ព្រមទាំងរើទម្លាក់ទង់ជាតិថៃ ចេញ“ ។

គណនីហ្វេសប៊ុក “Vid Xerm#999 “ បានសរសេរថា “នេះហើយឥទ្ធិពលអន្តរជាតិ ទីបំផុតបានផ្ទះតាម៉ុក មកវិញហើយ វីរកងទ័ពកម្ពុជា ទម្លាក់ទង់ជាតិចោរសៀម ពីផ្ទះតាម៉ុក និងស្រាយបន្លាលួសចេញ ព្រឹកថ្ងៃ15 សីហា 2025 “ ។
គណនីហ្វេសប៊ុក ខាងលើ សរសេរបន្ថែមថា “លាហើយចោរសៀមចង្រៃ វីរកងទ័ពកម្ពុជា ទម្លាក់ទង់ជាតិចោរសៀម ពីផ្ទះតាម៉ុក និងស្រាយបន្លាលួសចេញ នេះលទ្ធផលជោគជ័យរបស់ក្រុមអនុព័ន្ធយោធាអន្តរជាតិ ដែលបានចុះទៅឃើញជាក់ស្តែងនៅតំបន់ទាំងនោះ ព្រឹកថ្ងៃ15 សីហា 2025“ ។

គណនីហ្វេសប៊ុក ខាងលើ សរសេរបន្ថែម នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា “ម៉ោងនេះ ទ័ពខ្មែរ បន្ទាយបុស្សស្បូវ-ជាំតែ ទម្លាក់ទង់ជាតិថៃ និងរើបន្លាលួសអស់ហើយ ១០០%“។

គួរបញ្ជាក់ថា ផ្ទះតាម៉ុក (ឈិត ជឿន) មានទីតាំងស្ថិតនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសង់អំពីឈើ ខាងក្រោមធ្វើអំពីឥដ្ផ និងសសរជាឈើគ្រញូង។ តាម៉ុក បានសាងសង់ផ្ទះសម្រាកមួយ មន្ទីរពេទ្យ លេណដ្ឋាន ធ្វើអំពីបេតុង អាងទឹក និងឃ្លាំងបច្ចេកទេស ។

ផ្ទះតាម៉ុក បច្ចុប្បន្នគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ។ ផ្ទះតាម៉ុក មានផ្ទៃដី ១,៦១ហិកតារ និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះ មានបឹងទំហំ៤១៧ហិកតារ ហៅបឹងអន្លង់វែង ឬបឹងអូរជីក ដែលស្គាល់ថាជាផ្ទះនិងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធា របស់តាម៉ុក ៕ កុលបុត្រ
