ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ចំនួន២បទល្មើស និងសម្រេចឃុំខ្លួនដាក់ព័ន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។ឧកញ៉ាឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាលចោទប្រកាន់ចំនួន២បទល្មើស រួមមាន«ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទ៍ និងធ្វើឲ្យខូចខាតទឹកចិត្តកងទ័ព»។

ចំណែកសមាគមឧកញ៉ាកម្ពុជា ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់ គោរមងារឧកញ៉ា។
ក្នុងលិខិតលោកអ្នកឧញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៤ ខែសីហា ឆ្នាំ២០២៥ គោរពស្នើសុំសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុ «សូមគោរពស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រាបបង្គំទូល ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន មានខ្លឹមសារថា «ក្នុងនាមសមាគមឧកញ៉ាកម្ពុជា ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះព័ត៌មាននិងការផ្សព្វផ្សាយយានៅតាមបណ្តាញសង្គមនានា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន (ហៅ Love Riya) ដែលមានគោរមងារជា “ឧកញ៉ា” ។ ដោយផ្អែកលើព័ត៌មាននិងការផ្សព្វផ្សាយទាំងនោះ សបញ្ជាក់ឱ្យឃើញថា សកម្មភាពរបស់បុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន គឺពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងគុណតម្លៃរបស់គោរមវន្ត ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកចិត្តវាកងទ័ព កំពុងទប់ទល់យ៉ាងអង់អាចក្លាហានជាមួយ សត្រូវឈ្លានពាន ដែលនាំឱ្យមានការបែកបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ និងការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពយើងយ៉ាងពិតប្រាកដ។

ដូច្នេះផ្អែកតាមមាត្រា១៨ នៃព្រះរាជក្រឹត្យ និងមាត្រា២២ នៃអនុក្រឹត្យ ដែលយោងខាងលើ សមាគមឧកញ៉ាកម្ពុជា សូមគោរពស្នើសុំសម្តេចធិបតី មេត្តាក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់គោរមងារជា “ឧកញ៉ា” ពីបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន ក្នុងពេលវេលាសមគួរបំផុតរបស់សម្តេចធិបតី។

អាស្រ័យដូចបានគោរពជូនខាងលើ សូមសម្តេចធិបតី មេត្តាពិនិត្យនិងសម្រេចដោយសេចក្ដីអនុគ្រោះដ៏ខ្ពង់ខ្ពស់។

សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕