Thursday, August 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធលួចលុយ១០លាន ម៉ូតូ១ ថៅកែតាមចាប់ក្របួចទាំង២

ប្តីប្រពន្ធលួចលុយ១០លាន ម៉ូតូ១ ថៅកែតាមចាប់ក្របួចទាំង២

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ បានបែកគំនិតលួចម៉ូតូ ១គ្រឿង និងលុយចំនួន១០លានរៀល ពីថៅកែរបស់ខ្លួន រួចនាំគ្នារត់គេចខ្លួន បានរយៈពេល៣ថ្ងៃ ដើរស៊ីចាយលុយជិតអស់ ទើបត្រូវបានថៅកែ តាមរកឃើញ និងចាប់ក្របួចជាប់ទាំង២នាក់ ប៉ុន្តែយ៉ាងណា ថៅកែចិត្តធម៌ បានត្រឹមស្តីបន្ទោស មិនបង្កហិង្សា និងថែមទាំងផ្តល់ឱកាសឲ្យកែខ្លួន ដោយមិនប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននោះឡើយ។

ករណីថៅកែតាមទាន់ កូនចៅ២នាក់ប្តីប្រពន្ធ លួចលុយ និងម៉ូតូ រត់គេចខ្លួននេះ បានកើតឡើង កាលពីយប់ថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះ បុរសជាប្តី មានឈ្មោះហេង សេងហួរ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះពិសី។

បុរសរងគ្រោះជាថៅកែ ដែលត្រូវកូនចៅលួចលុយនិងម៉ូតូ រត់គេចនោះ បានបង្ហោះវីដេអូ ពេលតាមទាន់ជន សង្ស័យ២នាក់ប្តីប្រពន្ធ នៅបន្ទប់ជួលមួយកន្លែង នៅក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរប់ថា “បងប្អូន ពីរនាក់ប្តីប្រពន្ធនេះ ដែលយកលុយខ្ញុំរត់ ១០ ០៥០ ០០០ រៀល និងម៉ូតូ ១គ្រឿង យកថ្ងៃទី៨ ខែ០៨ រយៈពេល៣ថ្ងៃ ខ្ញុំតាមចាប់បានហើយ យប់ នៅស្រុកបវេល ខេត្តបាត់ដំបង។ សូមចំណាំមុខប្តីប្រពន្ធនេះទុក ខ្ញុំធ្លាប់ជួយវាច្រើនដងដែរ ក្រែងវាកែ តែវាមិនកែសោះ។ អរគុណបងប្អូនដែលជួយស៊ែរទាំងគ្រប់គ្នា…”។

តាមរយៈវីដេអូខាងលើ បុរសរងគ្រោះជាថៅកែ បាននិយាយថា “នេះបងប្អូន អរគុណបងប្អូនដែលជួយស៊ែរ ២នាក់ប្តីប្រពន្ធនេះ ដែលបានយកលុយខ្ញុំ រត់ចេញពីផ្ទះមក ១០លាន ឥឡូវវាយកលុយមកលេងល្បែងអស់ ហើយទិញចិញ្ចៀនទិញអីពាក់ ហើយសល់លុយតែប៉ុន្មានម៉ឺន សល់លុយខ្មែរ ៣៥ម៉ឺន លុយដុល្លារ ៣០០ដុល្លារ។

បុរសរងគ្រោះ បាននិយាយទៅកាន់ជនសង្ស័យ ២នាក់ប្តីប្រពន្ធនេះថា «អ្ហែងដល់ថ្នាក់ហ្នឹង? អ្ហែងមានកំណើតដែរ លុយប៉ុណ្ណឹង អ្ហែងសុខចិត្តធ្វើអ៊ីចឹង? អាហួរ អ្ហែងអត់មានគិតថា ពេលអ្ហែងនៅធ្វើការជាមួយអញៗជួយអ្ហែងអីខ្លះទេអី? ជាប់គុកជាប់ច្រវាក់ មានបងប្អូនម៉ែឪអ្ហែងណាមកជួយអ្ហែង?…”។

បុរសជាថៅកែ បានបន្តថា “អញតាមអ្ហែង ២-៣ថ្ងៃហើយ អ្ហែងតែធ្វើអាក្រក់ វាអត់រួចខ្លួនទេអ្ហែងយល់ទេ? ជាប់គុកជាប់ច្រវាក់ ម៉ែឪអត់មានអ្នកជួយដោះទេ អញសុខចិត្តយកលុយទៅជួយដោះ ចេញពីគុកមក ទៀត អ្ហែងមកធ្វើអ៊ីចឹងដាក់អញទៀត? ចរិតអ្ហែង២នាក់ប្តីប្រពន្ធ ក៏ស៊ុមគ្រលុំគ្នាល្អម៉េះហាស ដឹងថាប្តីអ៊ីចឹងហើយ ប្រពន្ធចេះជួយដាស់តឿនបន្តិចទៅ ដឹងហើយថាលុយមេ កុំប៉ះពាល់ អ្ហែងស៊ុមគ្រលុំគ្នា រត់មកទាំងអ៊ីចឹងម៉ងអី? មនុស្សអាក្រក់ វាអត់ដែលរួចខ្លួនទេ អ្ហែងយល់អត់? អ៊ីចឹងបានគេឱ្យធ្វើតែល្អហ្នឹង ព្រោះស្រុកទេសវាមានច្បាប់ មើលលុយ១០លាន យកទៅលេងល្បែង សល់លុយប៉ុន្មានម៉ឺន ទិញចិញ្ចៀនទិញអី ពួកអ្ហែងនេះ ថ្លើមធំណាស់ អ្ហែងដល់ថ្នាក់ហ្នឹងប្តីប្រពន្ធអ្ហែង អីក៏ត្រូវរ៉ូវគ្នាសម្បើមម៉េះ…”។

ក្រោយពីត្រូវថៅកែរបស់ខ្លួនតាមទាន់បែបនេះ ជនសង្ស័យ ២នាក់ប្តីប្រពន្ធខាងលើ បានលុតជង្គង់សំពះអង្វរថៅកែរបស់ខ្លួនប៉ុណ្ណោះ ដោយមិនមានពាក្យសម្តីអ្វីនឹងឆ្លើយតប ឬដោះសាជាមួយថៅកែឡើយ។ ប៉ុន្តែយ៉ាង ណា បុរសជាថៅកែ នៅតែមានចិត្តធម៌ ផ្តល់ឱកាសដល់ប្តីប្រពន្ធទាំងពីរ បានកែខ្លួនម្តងទៀត ដោយសម្រេចមិនប្តឹងទៅសមត្ថកិច្ចឡើយ ដោយថា អាណិតពួកគេ ព្រោះនៅមានកូនតូចក្នុងបន្ទុកផង៕

RELATED ARTICLES