Thursday, August 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ២ខ្នង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ២ខ្នង

ខេត្តកណ្តាល ៖ ផ្ទះឈើ ចំនួន២ខ្នង នៅក្រុងតាខ្មៅ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅចំណុច ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះទាំង២គ្រួសារ ទី១-ឈ្មោះសឿន សុខណៃ ភេទស្រី អាយុ៣៥ឆ្នាំ និងទី២-ឈ្មោះវ៉ាន់ សុខនឿន ភេទប្រុស អាយុ៤២ឆ្នាំ។

របាយការណ៍ដដែល បន្តថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន រួមមាន ផ្ទះឈើ ជញ្ជាំងស័ង្កសី ចំនួន២ខ្នង ត្រូវរងការឆាបឆេះអស់ទាំងស្រុង ម៉ូតូ ចំនួន២គ្រឿង សម្ភារៈផ្ទះបាយ និងសម្លៀកបំពាក់ មួយចំនួន។ ចំពោះមូលហេតុ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ជុំវិញកប្រតិបត្តិការអន្តរាគមន៍ នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ គឺមានកម្លាំងអន្តរាគមន៍ របស់ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុប្រធានភូមិ និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាយកម៉ាស៊ីនបូមទឹក និងដង ទឹកជះ រហូតដល់ភ្លើងរលត់ជាស្ថាពរ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃដដែល ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

RELATED ARTICLES