Tuesday, August 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរន្ទះបាញ់ ខ្យល់កន្ត្រាក់ របួសមនុស្ស២ ខូចខាតផ្ទះ៥ខ្នង

រន្ទះបាញ់ ខ្យល់កន្ត្រាក់ របួសមនុស្ស២ ខូចខាតផ្ទះ៥ខ្នង

ខេត្តបាត់ដំបង ៖ យុវជន ២នាក់ ត្រូវរន្ទះបាញ់ បណ្តាលឱ្យរងរបួស រីឯលំនៅឋានប្រជាពលរដ្ឋចំនួន៥ខ្នង បានការខូចខាតដំបូល ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់ ខណៈដំណាំតាង៉ែន ជិត៧០ដើម ក៏រងការខូចខាតផងដែរ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ។

បើយោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្រុករតនមណ្ឌល បានឱ្យដឹងថា នៅក្នុងភូមិតាគ្រក់ ឃុំត្រែង រន្ទះបានបាញ់យុវជន ២នាក់ បណ្តាលឱ្យរងរបួស ដោយក្នុងនោះ ម្នាក់ឈ្មោះឈឿន ណាន់ ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះឈឿន ពណ្ណរាយ ភេទប្រុស អាយុ១៥ឆ្នាំ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ដោយឡែក ខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើផ្ទះសម្បែងប្រជាពលរដ្ឋ នៅឃុំអណ្តើកហែប បណ្តាលឱ្យខូចខាតដំណាំតាង៉ែន អស់ចំនួន ៦៧ដើម និងរបើកដំបូលផ្ទះ ចំនួន៤ខ្នង ហើយក៏បានវាយប្រហារដល់ទឹកដីឃុំស្តៅ បណ្តាលឱ្យខូចខាតដំបូលផ្ទះ អស់១ខ្នង។

របាយការណ៍ដដែល បានបន្តថា ដើមដូងត្រូវដួលរលំសង្កត់ពាងទឹក បែកផងដែរ ដោយសារខ្យល់កន្ត្រាក់នេះ។ មន្ត្រីមូលដ្ឋាន បាននិយាយថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង លាយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ បានកើតឡើងព្រមៗគ្នា។

មន្ត្រីដដែល បានបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ គឺបាតុភូតធម្មជាតិខាងលើនេះ បានកើតឡើងជា បន្តបន្ទាប់ ក្នុងថ្ងៃតែមួយ។ ប៉ុន្តែមិនមានមនុស្សដែលរងគ្រោះដល់អាយុជីវិតនោះទេ គ្រាន់របួស២នាក់ ដោយសារបាតុភូតរន្ទះបាញ់៕

RELATED ARTICLES