Tuesday, August 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីម៉ាក់ ថាសង្គ្រាមទិសឧត្តរមានជ័យ យន្តហោះថៃ ទម្លាក់ ១៥៤៩គ្រាប់

ស៊ីម៉ាក់ ថាសង្គ្រាមទិសឧត្តរមានជ័យ យន្តហោះថៃ ទម្លាក់ ១៥៤៩គ្រាប់

ភ្នំពេញ ៖ លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) បានអះអាងថា ក្នុងសង្គ្រាមឈ្លានពានរបស់ទាហានថៃ មកលើកម្ពុជា ពីថ្ងៃ ទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ គ្រាន់តែនៅទិសខេត្តឧត្តរមានជ័យ មានការគ្រាប់ទម្លាក់គ្រាប់បែកពីយន្ត ហោះរបស់ថៃ ចំនួនដល់ ១៥៤៩គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84 ចំនួន១០គ្រាប់ ប៉ុន្តែផ្ទុះតែ៤គ្រាប់ ហើយមន្ត្រីពេលនេះ  មន្ត្រី CMAC កំពុងធ្វើការស្រាវជ្រាវ ដាក់ស្លាកសញ្ញា ដើម្បីបោសសម្អាត កុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ថា “នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នេះ នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុព័ន្ធយោធា ចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមាន អូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែក MK-84 នោះជាក់ស្តែង។ គ្រាប់បែក MK-84 នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ ៣,៥ម៉ែត្រ ទំហំអង្កត់ផ្ចិត ជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។ នៅចំណុចទីតាំងតែមួយនេះ ពួកសៀម បានទម្លាក់គ្រាប់បែក ចំនួន១០គ្រាប់ ហើយផ្ទុះ ចំនួន ៤គ្រាប់ រីឯ ៦គ្រាប់ មិនផ្ទុះ ដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃើញនេះផងដែរ…”។

លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់បន្ថែមថា “បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ នេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះ នៅទិសឧត្តរមានជ័យ នេះមានចំនួន ១៥៤៩គ្រាប់។ អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និង បោសសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ…”។

ចំណែកលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ថា ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) មកពី ៩ប្រទេស រួមមាន ៖  អូស្ត្រាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន និងទីតាំងវត្ត សាលារៀន មណ្ឌលសុខភាព ស្ថានីយប្រេង ដែលកងទ័ពថៃ បានវាយប្រហារ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងវាយតម្លៃស្ថានភាពសន្តិសុខ និងសកម្មភាពជួយសង្គ្រោះ បន្ទាប់ពីកម្ពុជា បានអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់។

ថ្លែងទៅកាន់ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចុះមកពិនិត្យដោយផ្ទាល់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា “គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅជំរំជនភៀសសឹកវត្តភ្នំថ្មកំបោ ខេត្តឧត្តរមានជ័យ មានប្រជាជនភៀសសឹក សរុបចំនួន២៤៧៥ គ្រួសារ ដែលមានបញ្ហាប្រឈមមិនទាន់ហ៊ានត្រឡប់ទៅកាន់លំនៅឋានវិញ និយាយរួម ប្រជាជនកម្ពុជា ជា ពិសេសនៅក្នុងខេត្តឧត្តរមានជ័យ និងនិយាយដោយឡែក នៅក្នុងស្រុកបន្ទាយអម្ពិល គឺយើងមានទំនុកចិត្តទាំងស្រុងទៅលើបទឈប់បាញ់ ដែលបានចូលជាធរមាន រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ ហើយយើងមានសំណូមពរដ៏ទទូចនិងចុងក្រោយ ដោយសុំឱ្យអនុព័ន្ធយោធាទាំងអស់ ជួយធ្វើសាក្សី ធ្វើយ៉ាងណាឱ្យបទឈប់បាញ់នេះ នៅតែរក្សាជាធរមាន កុំឱ្យមានការផ្ទុះអាវុធឡើងវិញ កុំឱ្យមានការស្លាប់និងរបួសទៅដល់កងទ័ព ជាមួយប្រជាជនស្លូតត្រង់ ពីព្រោះបើមើលពីទំហំនៃការប៉ះពាល់ពីសង្គ្រាម រយៈពេល៦ថ្ងៃ ៥យប់នេះ គឺខេត្តឧត្តរមានជ័យ របស់យើង ទទួលរងផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លី គឺយើងអាចឃើញថា មានប្រជាពលរដ្ឋស្លាប់ ដោយសារការផ្លោងចូលនេះ ចំនួន២នាក់ ជាមួយនឹងអ្នករបួស ៨នាក់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន១៥៦ខ្នង និងទីតាំងសាធារណៈមួយចំនួន ទៀត ពោលគឺខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំងមែនទែន ដែលនេះគឺជាសោកនាដកម្ម ដែលកើតចេញពីការឈ្លានពានរបស់ទាហានថៃ រយៈពេល ៦ថ្ងៃ ៥យប់នេះ ចំណែករយៈពេលវែង គឺយើងទទួលរងនូវបញ្ហាគ្រាប់បែកចង្កោម និងបញ្ហាផ្សេងៗទៀត ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់ ខណៈដែលខេត្តឧត្តរមានជ័យ ជាខេត្តមួយ ដែលប្រជាពលរដ្ឋ មាន GDP ទាបជាងគេ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ដោយមានត្រឹមតែ ១០៥៥ដុល្លារ ចំណូលសម្រាប់បុគ្គលម្នាក់ៗ ហើយនៅពេលដែលមានសង្គ្រាមបែបនេះទៀត ធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង…”។

ក្រោយចុះពិនិត្យជាក់ស្តែង នៅទីតាំងប៉ះពាល់នៅជំរំជនភៀសសឹក នៅវត្តភ្នំថ្មកំបោរ ក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ វរសេនីយ៍ទោ Paul Payne អនុព័ន្ធយោធាកាណាដា បានបង្ហាញពីក្តីបារម្ភ អាណិតចំពោះជនភៀសសឹកកម្ពុជា និងបន្តជំរុញឱ្យភាគីថៃ អនុវត្តបទឈប់បាញ់ ឱ្យបានត្រឹមត្រូវ ស្មោះត្រង់ ទៅតាមការព្រមព្រៀងរវាងភាគីទាំងពីរកម្ពុជា-ថៃ។

លោកវរសេនីយ៍ទោ Paul Payne អនុព័ន្ធយោធាប្រទេសកាណាដា បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯជំរំភៀសសឹកខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ថា ពិនិត្យលើស្ថានការណ៍ដែលប្រជាជនភៀសសឹក មួយភាគធំ បានវិលទៅលំនៅឋានវិញ ជាសញ្ញាវិជ្ជមាននៃសន្តិភាព ក្រោយសង្គ្រាមឈ្លាន ពានរបស់ថៃ មកលើកម្ពុជា។

ដោយឡែក ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានបញ្ជាក់តាមទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ថា នៅថ្ងៃទី១០ ខែសីហា វរសេនីយ៍ឯក ហារ៉ា តាកាស៊ី ទីប្រឹក្សា និងជាអនុព័ន្ធយោធាជប៉ុន បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅតំបន់ដែលទទួលរងផលប៉ះពាល់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងនាមជាសមាជិកក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា (MACPP) ដែលរៀបចំដោយក្រសួងការពារជាតិ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍នៅតំបន់ព្រំដែន។ រដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាង ប្រាកដប្រជា នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍តានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ៕

RELATED ARTICLES