Friday, August 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លាយវីដេអូ មន្ត្រីសាលាខេត្តកំពង់ស្ពឺ ទំនេរពេក ជុំជើងលេងបៀ

ធ្លាយវីដេអូ មន្ត្រីសាលាខេត្តកំពង់ស្ពឺ ទំនេរពេក ជុំជើងលេងបៀ

ខេត្តកំពង់ស្ពឺ ៖ ក្រោយបែកធ្លាយវីដេអូ មន្ត្រី១ក្រុម ជួបជុំគ្នាលេងបៀ ស្រែកឡូឡា និងត្រូវគេអះអាងថា កើត ឡើងនៅក្នុងបរេវិណសាលាខេត្តកំពង់ស្ពឺ ត្រូវបានចែករំលែកពេញបណ្តាញសង្គម បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងមក មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានចេញមកបំភ្លឺថា វីដេអូនោះ គឺករណីលេងល្បែងក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ មែន តែជាវីដេអូចាស់ ជិត១ឆ្នាំមកហើយ។

គួរបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការចែករំលែក (ស៊ែរ) ព្រោងព្រាត នូវឃ្លីបវីដេអូមួយ បង្ហាញពីបុរស ១ក្រុម មានគ្នា៤នាក់ កំពុងលេងល្បែងស៊ីសង (លេងបៀរ) នៅលើបង់ អង្គុយ មុខអគារ ១កន្លែង ដែលត្រូវគេអះអាងថា ទីតាំងនោះ គឺស្ថិតក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ជា ហេតុធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំង។

ឆ្លើយតបការទម្លាយវីដេខាងលើនេះ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានចេញសចក្តីបំភ្លឺថា ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន ពោធិ៍មាស ញូស៍ និងសារព័ត៌មាន ម៉ារៀល បានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារថា “ម៉្យាងដែរ…! ល្បែងស៊ីសង នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ខុសទេ? លេងល្បែងស៊ីសង នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ស្ទើរសឹងរាល់ថ្ងៃ”។

សូមជម្រាបជូនថា ចំពោះវីដេអូដែលបណ្តាញព័ត៌មាន និងអ្នកលេងបណ្តាញសង្គម ចែកចាយនេះ គឺជាវីដេអូចាស់ រយៈពេលជិត១ឆ្នាំ ខេត្ត បានហៅបុគ្គលទាំងនោះ មកអប់រំរួចហើយ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា មន្ទីរព័ត៌មានខេត្ត បានតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីបញ្ជាក់ដល់អង្គភាពសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម បានដឹងការពិត កុំយល់ ច្រឡំ និងបញ្ចេញមតិយោបល់ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័ន និងថ្នាក់ដឹកនាំស្អាតស្អំ ដែលកំពុងគិតគូរអំពីបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដល់វីរកងទ័ព កំពុងការពារទឹកដី និងជនភៀសសឹក…៕

RELATED ARTICLES