ខេត្តសៀមរាប ៖ ភោជនីយដ្ឋានឥណ្ឌា មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតសម្ភារៈមួយ ចំនួន ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តចេញពីម៉ាស៊ីនត្រជាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋានឥណ្ឌា យីហោ ការីឃីង ដែលទីតាំងស្ថិតនៅតំបន់ផាប់ស្ទ្រីត ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ភោជនីយដ្ឋានដែលរងការឆាបឆេះ មានម្ចាស់ឈ្មោះ Nair Ranjit lunar ramankutty ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិឥណ្ឌា ស្នាក់នៅតំបន់ផាប់ស្ទ្រីត ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលឱ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន ដោយមូលហេតុបណ្តាលមកពីឆេះហ្គាស់ម៉ាស៊ីនត្រជាក់ (kompressor) ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើង។ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចុះដល់ទីតាំងកើតហេតុ និងបានចាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឱ្យរលត់ទៅវិញ នៅវេលាម៉ោង ៦និង៥០នាទី ព្រលប់ថ្ងៃដដែល៕


