សហរដ្ឋអាមេរិក ៖ អតីតតារាភាពយន្តខ្មែរ ដ៏ល្បីឈ្មោះ លោកស្រី អម្ពរ ទេវី ដែលសព្វថ្ងៃកំពុងរស់នៅឯ សហរដ្ឋអាមេរិក បានចូលរួមធ្វើបាតុកម្ម ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ នៅក្នុងរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ចំនួនប្រមាណ ១៨០០អង្គ/នាក់ ដើម្បីទាមទារឲ្យទាហានថៃ បញ្ឈប់ជាបន្ទាន់នូវការឈ្លានពានមកលើអធិបតេយ្យរបស់ប្រទេសកម្ពុជា ហើយត្រូវគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជា ទាំង១៨នាក់ ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំងទាំងនោះ បានថ្លែងអំណរគុនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយអន្តរាគមន៍សម្របសម្រួលឲ្យមានបទឈប់បាញ់ រវាងកងទ័ពថៃ និងកម្ពុជា នាំមកនូវសន្តិភាព ជូនប្រទេសនិងប្រជាជននៃប្រទេសទាំង២។

ពិធីជួបជុំមហាគ្រួសារខ្មែរ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ នៅក្នុងសហរដ្ឋអាមេរិក នេះ បានធ្វើឡើងនៅទីលានមុខវិមានកាពីតូល រដ្ឋវ៉ាស៊ីងតោន (Washington State Capitol Building and Campus) ។

លោកស្រី អម្ពរ ទេវី ដែលបានអញ្ជើញចូលរួមក្នុងពិធីជួបជុំខាងលើនេះ បានបង្ហោះវីដេអូក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា «No one want war. Why killing each other over the Buddhist temple? Buddhism is a religion of peace. Thailand PLEASE don’t do this!!! 8/3/2025» (គ្មាននរណាម្នាក់ចងបានសង្គ្រាមទេ ។ ហេតុអ្វីសម្លាប់គ្នានៅលើវត្តព្រះពុទ្ធសាសនា? ព្រះពុទ្ធសាសនា គឺជាសាសនាមួយ នៃសន្តិភាព ។ សូមប្រទេសថៃ ឈប់បង្កសង្គ្រាមបែប នេះ!»។

ជាមួយគ្នានេះ ថ្លែងក្នុងវីដេអូ ក្នុងពិធីជួបជុំនៅមុខវិមានកាពីតូល នាពេលនោះ លោកស្រីអម្ពរ ទេវី បានថ្លែងថា «នាងខ្ញុំសូមជម្រាបសួរ បងប្អូនខ្មែរទាំងអស់ ជាទីគោរព ខណពេលនេះ ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ក៏ដូចជាបងប្អូនប្រជាជនខ្មែរទាំងអស់ កំពុងតែរស់នៅក្រៅប្រទេស ។ នៅពេលនេះ ពួកយើងកំពុងស្ថិតនៅមុខវិមានកាពីតូល នៃរដ្ឋវ៉ាស៊ីងតោន ។ ពេលនេះ ពួកយើងទាំងអស់គ្នា កំពុងតែប្រើប្រាស់សំឡេង ក៏ដូចជារូបភាព ដើម្បីបង្ហាញឲ្យពិភពលោក មើលឃើញថា ថៃ កំពុងតែវាយប្រហារ និងឈ្លានពានមកលើទឹកដីកម្ពុជា។ នាងខ្ញុំសូមឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ និងអង្គការសហប្រជាជាតិ លោកមេត្តាជួយដល់ប្រទេសកម្ពុជា ដើ ម្បីបញ្ឈប់ការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា។ ប្រទេសកម្ពុជា ចង់បានសន្តិភាព Cambodia want Peace ! Cambodia want Peace ! Cambodia want Peace !»។

លោក អ៊ុំ វុត្ថា និង លោកស្រី អ៊ុំ រ៉ាឌី ជាតំណាងប្រជាពលរដ្ឋក្នុងពិធីជួបជុំខាងលើ បានឲ្យដឹងថា ការជួបជុំមហាគ្រួសារខ្មែរនេះ ធ្វើឡើងមានគោលបំណងសំខាន់ៗចំនួន៣ ទៀត បន្ថែមពីលើការអរគុណលោកប្រធាននាធិបតី ដូណាល់ ត្រាំ រួមមាន ៖
ទី១- ប្រឆាំងការឈ្លានពាន និងហិង្សាដោយអាវុធ ពីភាគីប្រទេសថៃ។
ទី២- ទាមទារឲ្យមានការដោះលែងកងទ័ពកម្ពុជា ទាំង ១៨រូប ដែលកងទ័ពថៃ ចាប់ខ្លួនក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
-ទី៣- ជាការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង និងគោរពដល់វីរភាពដ៏អង់អាចរបស់កងទ័ពកម្ពុជា ដែលឈរជើងការពារព្រំដែន ពីចោរសៀមឈ្លានពាន។

អ្នកតំណាងប្រជាពលរដ្ឋខ្មែរ ខាងលើ ក៏បានទទូចស្នើសុំប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រាប់ទៅភាគីថៃ ឲ្យដោះលែងកងទ័ពទាំង១៨នាក់ ជាបន្ទាន់ ដោយឥតលក្ខណ ព្រោះទង្វើរបស់ទាហានថៃ ឈ្លានពាននេះ បានបំពានបទឈប់បាញ់ បំពានច្បាប់អន្តរជាតិ និងជាអំពើអមនុស្សធម៌។

គួរកត់សម្គាល់ដែរថា ក្រៅពីប្រជាពលរដ្ឋខ្មែរ ជួបជុំគ្នានៅវិមានកាពីតូល នៃរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ខាងលើនេះ ក៏មានប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស និងរស់នៅបណ្ដាប្រទេសផ្សេងៗ លើពិភពលោក ទាំងនៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ណូវ៉ែលហ្សេឡង់ ហូឡង់ បារាំង កាណាដា ជាដើម បានបន្តជួបជុំគ្នាសម្ដែងមតិ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា និងបានបំផុសស្មារតីរួមសាមគ្គីជាធ្លុងមួយ ស្វែងរកអន្តរាគមន៍សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ទប់ស្កាត់ភ្លើងសង្រ្គាម ដែលបង្កដោយទាហានថៃ ហើយក៏មិនភ្លេចអរគុណលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដូចជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលបញ្ឈប់ថៃ កុំឲ្យឈ្លានពានកម្ពុជា តាមរយៈការផ្ដួចផ្ដើមសហការរៀបចំឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនប្រកាន់និន្នាការនយោបាយ បានប្រមូលផ្តុំ និងជួបជុំគ្នានៅតាមបណ្តាប្រទេសនានា ដែលពួកគាត់កំពុងរស់នៅ ដោយមានគោលបំណង ៣សំខាន់ៗ គឺ១. ថ្លែងអំណរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយឱ្យមានបទឈប់បាញ់ជាបន្ទាន់។ ២. សំណូមពរ និងស្នើសុំឱ្យលោកប្រធានាធិបតី ត្រាំ និងរដ្ឋាភិបាលអាមេរិក ជួយឱ្យកម្ពុជា មានសន្តិភាពជានិរន្តរ៍ និងបញ្ឈប់ទាំងស្រុង ការឈ្លានពានរបស់ទាហានថៃ ។ ៣. សុំឱ្យអាមេរិក ជួយឱ្យប្រទេសថៃ ដោះលែងវីរកងទ័ពកម្ពុជា ១៨នាក់ ដែលទាហានថៃ បានចាប់ខ្លួន ក្រោយមានបទឈប់បាញ់នោះ ដោយឥតលក្ខខណ្ឌ៕
ខៀវទុំ
