ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា ដោយសារតែជម្លោះព្រំដែន (សង្គ្រាមសៀមឈ្លានពាន) បានធ្វើឱ្យសាលារៀន ចំនួន៣២០ ក្នុងចំណោមសាលារៀន៦០៥ ក្នុងខេត្តចំនួន៤ បានបន្តបិទទ្វារជាបណ្តោះអាសន្ននៅឡើយ។

យោងតាមប្រភពក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សាលារៀនចំនួន៣២០ ក្នុងចំណោមសាលារៀន៦០៥ បន្តបិទទ្វារជាបណ្តោះអាសន្ន ដោយសារជម្លោះព្រំដែន ក្នុងខេត្តចំនួន៤ មានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងពោធិ៍សាត់។

គួរបញ្ជាក់ថា ក្នុងរយៈពេលសង្គ្រាមសៀមឈ្លានពាន រយៈពេល៥ថ្ងៃ មានសិស្ស ១៥០ ០០០នាក់ សាលារៀន ៦០០កន្លែង និងគ្រូបង្រៀន ៦៥០០នាក់ បានរងផលប៉ះពាល់។ នេះជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សម្ភារៈសិក្សាដល់សិស្សានុសិស្សភៀសសឹកនៅខេត្តព្រះវិហារ ដែលគាំទ្រដោយយូនីសេហ្វ។

ក្នុងគ្រប់កាលៈទេសៈ សិទ្ធិរបស់កុមារគ្រប់រូប ក្នុងការទទួលបានការអប់រំ ត្រូវតែត្រូវបានការពារ។ ការសិក្សា និងកីឡា មិនត្រឹមតែផ្តល់ស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ក្តីសង្ឃឹម និងជាវិថីដ៏សំខាន់មួយ ឆ្ពោះទៅរកការស្តារផ្លូវចិត្តរបស់ពួកគេផងដែរ៕