ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរ ដែលជាពលករចំណាកស្រុក ប្រមាណ ៣ម៉ឺននាក់ បានវិលត្រឡប់ចូលប្រទេសកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ តាមច្រកទ្វារអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរពាក់ព័ន្ធ និងដឹកជញ្ជូនពួកគាត់រហូតដល់លំនៅដ្ឋានវិញ។ក្នុងឱកាសនោះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អាហារសម្រន់ជូនដល់ពលករផងដែរ។ ពលករខ្មែរដែល បានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ សូមវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីសុវត្ថិភាព។

បងប្អូនពលករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការយកចិត្តទុកដាក់ទទួលស្វា គមន៍ប្រកបដោយភាពកក់ក្តៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។

ជាបន្តបន្ទាប់ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃ។សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរ ជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានផ្តល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករ ទៅដល់ស្រុកកំណើត រៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព។


រដ្ឋបាលខេត្តបាត់ដំបង មន្ត្រីជំនាញមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជា បានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្តាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្តល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕



