ភ្នំពេញ ៖ ខួប៦ឆ្នាំ នៃអគារ “សីហមុនី មុនិនាថ” គន្ធបុប្ផាទី១ ភ្នំពេញ ជាមជ្ឈមណ្ឌលព្យាបាលវះកាត់ជំងឺបេះដូង (១ សីហា ២០១៩-១ សីហា ២០២៥) ដែលមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានវះកាត់កុមារមានជំងឺបេះដូងពីកំណើត ចំនួន ២៣៥៦នាក់ ប្រកបដោយសមត្ថភាពពេញលេញ ប្រសិទ្ធភាព និងមានជីវិតថ្មី។

ថ្ងៃទី១ សីហា ឆ្នាំ២០១៩ ជាថ្ងៃចងចាំនៃអនុស្សាវរីយ៍មិនអាចបំភ្លេចបាន នូវវត្តមានរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា នាពេលនោះ ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីសម្ពោធ “អគារគន្ធបុប្ផា សីហមុនី មុនិនាថ” ក្រោម ព្រះរាជាធិបតីភាពនៃព្រះករុណាព្រះបាទសម្តេចព្រះបរ មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមា តាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដោយមានការជួយជ្រោមជ្រែង និងការគាំទ្រមិនខ្លាចនឿយហត់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល “ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩” កុមារីដំបូងគេ ត្រូវបានទទួលការវះកាត់ភ្ជិតប្រហោងបេះដូង នៅអគារ “សីហមុនី មុនិនាថ” គន្ធបុប្ផាទី១ ថ្មីនេះ ដោយក្រុម គ្រូពេទ្យជំនាញកម្ពុជា ប្រកបដោយជោគជ័យ ដោយមានជំនួយឧបករណ៍កន្ត្រាក់បេះដូង (Défibrillateur) ត្រៀមជាស្រេច ខ្ចីពីមន្ទីរពេទ្យកាល់ម៉ែត៕



