ខេត្តឧត្តរមានជ័យ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំឯកអគ្គរដ្ឋ-រាជទូត និងមន្រ្តីទូត ១៥ប្រទេស ចុះ ពិនិត្យការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។


ទីតាំងដែលប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធ រយៈពេល៥ថ្ងៃ ក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី វត្តប្រាសាទតាមាន់សែនជ័យ និងថ្មដូន ជាដើម។


ប្រមុខការទូតកម្ពុជា បាននាំមន្រ្តីទូតបរទេសទាំងអស់ ទៅពិនិត្យមើលទីតាំងដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ ហើយបន្ទាប់មក លោកដឹកនាំមន្រ្តីទូត ចុះពិនិត្យមើលទីតាំងវត្តតាមាន់សែនជ័យ ដែលកងទ័ពថៃ ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក បណ្តាលឱ្យតាអាចារ្យម្នាក់ ស្លាប់ និងមានជនស៊ីវិលមួយចំនួន រងរបួស ខូចខាតវត្តនេះ យ៉ាងធ្ងន់។ ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារ ទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម យ៉ាងឃោរឃៅ ពីទាហានឈ្លានពានថៃ បណ្តាលឲ្យបាក់បែកខូចខាតយ៉ាងធ្ងន់បំផុតផងដែរ៕




