ខេត្តឧត្តរមានជ័យ ៖ បន្ទាប់ពីផ្ទុះសង្គ្រាមចោរសៀមឈ្លានពាន ចំនួន៥ថ្ងៃ និងមានបទឈប់បាញ់ ដោយអនុវត្តចាប់ពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មក គិតត្រឹមរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក ដែលជម្លៀសចេញពីលំនៅឋាន បានវិលត្រឡប់មកមូលដ្ឋាន នៅខេត្តឧត្តរ មានជ័យ វិញជាបណ្តើរៗហើយ ដោយក្នុងនោះ ជំរំភៀសសឹកទាំង៧ បានបន្ថយមកនៅត្រឹម៦ទីតាំង។


លោកម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ថា បន្ទាប់ពីផ្ទុះសង្គ្រាម ចំនួន៥ថ្ងៃ និងមានបទឈប់បាញ់ ដោយអនុវត្តចាប់ពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦ៈ០០នាទីរសៀល ជនភៀសសឹកនៅជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅឋាន កាលពីសង្គ្រាមរវាងកងទ័ពកម្ពុជា-ថៃ ទៅតាមបណ្តារាជធានី-ខេត្ត បានវិលត្រឡប់មកមូលដ្ឋាន នៅខេត្តឧត្តរមានជ័យ វិញជាបណ្តើរៗ…”។


លោកម៉េត មាសភក្តី បានបន្តថា “ជំរំទាំង៧ បានបន្ថយមក ៦ទីតាំង ជនភៀសសឹក កំពុងរស់នៅក្នុងជំរំ បានបន្ថយមកត្រឹម ៨៦៧៥គ្រួសារ ស្មើ ៣១៥០៥នាក់។ ចំណែកឯសភាពការណ៍ចរន្តប្រជាពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុកទាំង៥ បានការវិលត្រឡប់ ទី១-ស្រុកបន្ទាយ អម្ពិល ប្រមាណ ៣០ភាគរយ ទី២-ក្រុងសំរោង ៨០ភាគរយ ទី៣-ស្រុកអន្លង់វែង ៩០ភាគរយ ទី៤-ស្រុកត្រពាំងប្រាសាទ ៧០ភាគរយ និងទី៥- ស្រុកចុងកាល់ ស្ទើរតែទាំង អស់…”៕


